សុក្រ , 19 សីហា 2022
សោភាទេពី រងការរិះគន់ចាស់ដៃពីមហាជន ក្រោយបកស្រាយបទចម្រៀង វៀតណាម ក្នុងឯកសណ្ឋានទាហានស័ក្តិ២
តារាចម្រៀងវ័យក្មេង ញឹមសួន សោភាទេពី រងការរិះគន់យ៉ាងចាស់ដៃពីសំណាក់ មហាជន ក្រោយពីនាងហាត់សមច្រៀងបទចម្រៀងជាភាសាវៀតណាម ក្នុងឯកសណ្ឋាន ទាហានខ្មែរ ពាក់ស័ក្តិ២ទាំងខ្លួនវ័យក្មេង ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវវៀតណាម។
ជឿជាក់ថា ប្រិយមិត្តមួយចំនួនបានស្គាល់រួចមកហើយថា សោភាទេពី ជាតារាចម្រៀងវ័យម្នាក់អាយុ១៩ឆ្នាំ មានទីផ្សារសិល្បៈខ្ពស់គួរឱ្យកត់សម្គាល់ ទោះកន្លងមក នាងត្រូវអ្នកគាំទ្រមួយចំនួនរិះគន់ពីអាយុរបស់នាងក្តី ប៉ុន្តែ សោភាទេពី នៅតែអាចបោះជំហានបន្តទៀតក្នុងអាជីពសិល្បៈ។
ទោះជាយ៉ាងនេះក្តី កាលពីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ តារាចម្រៀង សោភាទេពី បានបង្ហោះវីដេអូខ្លី នៅលើគណនីហ្វេកប៊ុក ជាការហាត់សមចម្រៀង ជាភាសាវៀតណាម ដើម្បីទុកត្រៀមស្វាគមន៍ភ្ញៀវវៀតណាម ក្នុងឯកសណ្ឋាន សក្តិ២ ធ្វើឱ្យមហាជនផ្ទុះការរិះ គន់យ៉ាងខ្លាំងទៅលើតារាចម្រៀង រូបនេះ។
មហាជនបានចូលទៅខំមិនលើការបង្ហោះរបស់តារាចម្រៀង សោភាទេពី ដោយ បានលើកឡើងថា «ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ស្អីក៏ធ្វើដែរ ចប់ហើយ», « បើចង់ច្រៀងបទយួនមិនដោះឯកសណ្ឋាន»,«ចប់ដោយបរិបូរណ៍»,«ជាតិសាសន៍មួយនេះទៅដល់ទីណា គេមិនចោលចោលភាសាជាតិសាសន៍គេទេ», «យ៉ាងម៉េចនឹងបែរទៅជាយួនអស់ហើយ»,«បានហើយមានអនាគតហើយយើង» ព្រមទាំងប្រើពាក្យសម្តីរិះគន់ជាច្រើនទៀតទៅលើតារាចម្រៀងវ័យក្មេងរូបនេះ។
យ៉ាងណាមិញ ក្រោយពីមហាជនហាក់ផ្ទុះការមិនពេញចិត្តខ្លាំងទៅលើនាង សោភា ទេពី ក៏បានលុបការបង្ហោះរបស់នាងនៅលើបណ្តាញសង្គមរបស់នាងផងដែរ ដោយមិនចេញសំណេរអ្វីទាំងអស់៕
សូមបញ្ចេញមតិនៅទីនេះ