ច័ន្ទ , 22 សីហា 2022
លោក នៅ ស៊ីនឿន ដឹកដៃភរិយាចេញទៅ អាម៉េរិក ទាំងអាល័យតាមគម្រោងដែលបានគ្រោងទុក
ភ្នំពេញ៖ តារាសម្តែងលោក នៅ ស៊ីនឿន នឹងដឹកដៃភរិយាខ្លួនឡើងយន្តហោះចេញទៅ សហរដ្ឋអាម៉េរិក នៅថ្ងៃនេះហើយ បន្ទាប់ពីសម្រេចចិត្តបំពេញបំណងភរិយាខ្លួន ។ តែទោះបីជាចេញទៅរស់នៅ សហរដ្ឋអាម៉េរិក ក្តី លោក នៅ ស៊ីនឿន នៅតែបន្តអាជីពចម្រៀងរបស់ខ្លួនដូចមុន ដោយមិនបោះបង់ចោលឡើយ ។
ថ្វីដ្បិតតែការចាកចេញរបស់លោក នៅ ស៊ីនឿន នៅក្នុងពេលនេះមិនទាន់កំណត់ថា នឹងវិលត្រឡប់វិញពេលណា តែលោក នៅ ស៊ីនឿន នៅតែបង្ហាញក្តីនឹករលឹកដល់ស្រុកកំណើតខ្លួន ពីព្រោះជាច្រើនឆ្នាំមកហើយដែលលោកពន្យារពេលចេញទៅទីនោះតាមភរិយា ។
នៅមុនពេលចាកចេញលោក នៅ ស៊ីនឿន បានប្រាប់ថា ល្មមដល់ពេលដែលលោកត្រូវបំពេញបំណងរបស់ភរិយាខ្លួនហើយ កន្លងមកភរិយាលោកចុះមកលេងលោករហូត ពេលនេះលោកសម្រេចចិត្តទៅរស់នៅជាមួយគ្នានៅ សហរដ្ឋអាម៉េរិក តែម្តង តែទោះជាយ៉ាងណាលោកនឹងមកស្រុក ខ្មែរ ឱ្យញឹកញាប់បំផុត ។ លោកទៅដល់ សហរដ្ឋអាម៉េរិក លោក នៅ ស៊ីនឿន និងភរិយា មានបំណងនឹងយកកូនភ្លាមៗផងដែរដើម្បីបំពេញក្តីស្រមៃខ្លួន ពីព្រោះពេលនេះអ្នកទាំងពីរក៏មានអាយុច្រើនមិនអាចបណ្តោយពេលវេលាតទៅមុខទៀតបានទេ លោកថា ប្រសិនបើបានកូនភ្លោះក៏ជារឿងល្អ ។
លោក នៅ ស៊ីនឿន នៅតែអះអាងថាលោកស្រឡាញ់អាជីពចម្រៀង ហើយលោកនឹងបន្តអាជីពនេះដដែលបើមានឱកាសល្អ ។
គួររំលឹកផងដែរថា មុននឹងឡើងយន្តហោះចេញទៅរស់នៅ សហរដ្ឋអាម៉េរិក តាមភរិយាខ្លួន លោក នៅ ស៊ីនឿន ក៏បានថតរឿងឱ្យ ហង្សមាស ទុកជាអនុស្សាវរីយ៍ផងដែរ លោករំពឹងថា ទស្សនិកជននៅតែស្រឡាញ់និងគាំទ្រស្នាដៃរបស់ខ្លួន៕
សូមបញ្ចេញមតិនៅទីនេះ