អង្គារ , 23 សីហា 2022
ប្រពៃណាស់! វិជ្ជបណ្ឌិត គង់ សាវង្ស ជួយវៈកាត់ជង្គង់កីឡាករក្នុងស្រុក៣នាក់ជោគជ័យដោយឥតគិតថ្លៃ
(បាល់ទាត់)៖ យោងតាមការបញ្ជាក់របស់លោកវិជ្ជបណ្ឌិត គង់ សាវង្ស ស្ថាបនិកក្លិបបាល់ទាត់បាត់ដំបងយូណាយធីត (Battambang United) បានជួយវៈកាត់កីឡាករបាល់ទាត់អាជីព៣នាក់ដោយជោគជ័យ ក្រោយរងរបួសអំឡុងពេលប្រកួតនាពេលកន្លងទៅ។
ក្នុងចំណោមកីឡាករបាល់ទាត់អាជីពទាំង៣នាក់ ដែលលោកលោកវិជ្ជបណ្ឌិត គង់ សាវង្ស បានជួយវៈកាត់រួមមាន៖
– កីឡាករ មឿន ថា៖ បានធ្វើការវះកាត់សរសៃ Medial Cruciate រួចរាល់ ក្រោមការវះកាត់ដោយផ្ទាល់ ពីលោកវិជ្ជបណ្ឌិត គង់ សាវង្ស នៃគ្លីនិកឯកទេសឆ្អឹងគង់វង្ស។
តាមការបញ្ជាក់ពីលោក គង់ សាវង្ស បានឲ្យដឹងថា កីឡាករ មឿន ថា បានរងរបួសអំពីបញ្ហាសរសៃជង្គង់ និងបានធ្វើការវះកាត់នូវសរសៃដែលដាច់ដោយយកសរសៃពីកន្លែងផ្សេង នៃរាង្គកាយរបស់គាត់ ដើម្បីយកមកជំនួស សសៃ ដែលមានបញ្ហារបួស ហើយលោកបានបញ្ជាក់ផងដែរថា ពេលនេះលោក មឿន ថា បានកំពុងសម្រាកព្យាបាលបន្ត និងក្រោមការមើលថែពីបុគ្គលិក នៃគ្លីនិកឯកទេសឆ្អឹង គង់វង្ស និងរូបលោកផ្ទាល់។
– កីឡាករ ហេង សេងហ័ង៖ ស្ថានភាពរបួសរបស់កីឡាករ ហេង សេងហ័ង របស់ក្លិបបាល់ទាត់សូលទីឡូអង្គរ បានប្រសើរឡើងបន្តិច ក្រោយធ្វើការវះកាត់សរសៃជង្គង់ខាងឆ្វេង ACL (Anterior Cruciate Ligament) រួចរាល់ ក្រោមការវះកាត់ដោយផ្ទាល់របស់លោកវេជ្ជបណ្ឌិត គង់ សាវង្ស នៃគ្លីនិកឯកទេសឆ្អឹងគង់វង្ស។ ហេង សេងហ័ង ត្រូវការសម្រាកព្យាបាល ចាប់ពី៩ខែ ទៅដល់១២ខែ ទើបរូបគេអាចវិលត្រលប់ចូលទីលានវិញបាន។
– កីឡាករ សារុន រតនា៖ ខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់ខេត្តបន្ទាយមានជ័យ បានរងរបួសដាច់សរសៃពួរជង្គង់ ផ្នែកខាងក្នុងខាងស្តាំ កំពុងតាមដានការព្យាបាលនៅបាត់ដំបងជាមួយលោកគ្រូពេទ្យចិត្តធម៌ គង់ សាវង្ស ដោយមិនមានការបង់ប្រាក់ និងកំពុងសម្រាកព្យាបាលជាបន្ត។
គួរបញ្ជាក់ថា ក្លិបបាល់ទាត់ Battambang United ទើបតែបានក្លាយជាជើងឯក ពានរង្វាន់បាត់ដំបងខាប់ ឆ្នាំ២០២២នេះ បន្ទាប់ពីបំបាក់ក្រុម Sofia FC ក្នុងលទ្ធផល ២-០៕
សូមបញ្ចេញមតិនៅទីនេះ