សុក្រ , 26 សីហា 2022
ការពិតអ្នកបោះទុនរាប់សែនដុល្លារ ឱ្យ លី ច័ន្ទសីហា សង់ផ្ទះត្រចៀកកាំ ជាបុរសយកចិត្តទុកដាក់លើនាងតាំងពី២០ឆ្នាំមុន
ភ្នំពេញ ៖ ថ្មីៗនេះ លី ច័ន្ទសីហា ប្រកាសថា នាងបានបោះទុនរាប់សែនដុល្លារ ដើម្បីវិនិយោគលើជំនួញសង់ផ្ទះត្រចៀកកាំ ធ្វើឱ្យមិត្តភក្តិសិល្បៈ ក៏ដូចជាអ្នគាំទ្រជាច្រើនសម្តែងការអបអរ ហើយក៏មានអ្នកនឹកគិតចង់ដឹងពីប្រភពលុយរាប់សែនដុល្លារដែល លី ច័ន្ទសីហា មានផងដែរ ព្រោះនាងគ្រាន់តែជាអ្នកសិល្បៈធម្មតា តែមានលទ្ធភាពមានទុនរហូតរាប់សែនដុល្លារ។ ទើបតែពេលនេះទើបតារាស្រីបង្ហើបថា ទុនដែលនាងបានវិនិយោគនោះ គឺមានបុរសម្នាក់ ដែលនាងបានស្គាល់តាំង២០ឆ្នាំមុនជួយផ្ចុងផ្តើម ។
លី ច័ន្ទសីហា បានប្រាប់ថា តាមពិតមុខរបររកស៊ីសង់ផ្ទះត្រចៀកកាំនោះ នាងបានចូលហ៊ុនជាមួយគូដណ្តឹងខ្លួនតាំងពីជាង ២ ឆ្នាំមុនមកម្លេះ គ្រាន់តែនាងមិនបានបង្ហើបប្រាប់រឿងនេះឱ្យនរណាបានដឹង តែដោយសារពេលនេះនាងភ្ជាប់ពាក្យនិងគ្នាហើយ ទើបទម្លាយរឿងនេះចេញជាសាធារណៈ។ គូដណ្តឹង លី ច័ន្ទសីហា គឺជាអ្នកជំនួញធម្មតាម្នាក់ ហើយក៏ជាបុរសពោះម៉ាយ ឆ្នាំនេះមានវ័យ ៣៩ ឆ្នាំ ដែលបានស្គាល់គ្នាតាំងពីជិត ២០ ឆ្នាំមុន ទើបតែសម្រេចចិត្តភ្ជាប់សាច់ឈាមនិងគ្នាក្រោយពីម្នាក់ៗជួបរឿងខកចិត្តរៀងៗខ្លួន ។
លី ច័ន្ទសីហា និងគូដណ្តឹង មិនត្រឹមតែមានអាជីវកម្មមួយនេះរួមគ្នាប៉ុណ្ណោះទេ អ្នកទាំងពីរថែមទាំងមានមុខជំនួញជាច្រើនជាមួយគ្នាផងដែរ ជាក់ស្តែងគូដណ្តឹងនាងគឺជាអ្នកជំនួញស្រាប់ដូច្នេះហើយកាន់តែធ្វើឱ្យ លី ច័ន្ទសីហា មានទំនុកចិត្ត ។ ក្នុងមួយខែៗ លី ច័ន្ទសីហា ទទួលបានប្រាក់ចំណូលយ៉ាងច្រើនពីការងាររកស៊ី ទើបធ្វើឱ្យនាងមិនសូវខ្វាយខ្វល់ក្នុងអាជីពសម្តែង ជាពិសេសគូដណ្តឹងនាង ស្រឡាញ់ថ្នាក់ថ្នមនាង មិនចង់ឱ្យនាងប្រលូកក្នុងវិស័យសិល្បៈទៀតឡើយ ។
នៅក្នុងថ្ងៃភ្ជាប់ពាក្យរួមជាមួយពិធីខួបកំណើតនោះផងដែរ លី ច័ន្ទសីហា ក៏បានសរសើរពីគូដណ្តឹងរបស់ខ្លួនថា គាត់ (គូដណ្តឹង)គឺជាមនុស្សល្អ ដែលតែងតែជួយនាងពីក្រោយខ្នង រាល់ពេលនាងជួបនូវទុក្ខលំបាក ជាពិសេសក្រោយមើលឃើញថា គាត់ស្រឡាញ់និងពេញចិត្តកូនស្រីខ្លួនដូចជាកូនបង្កើត កាន់តែធ្វើឱ្យនាងមិនអាចដកចិត្តបានក៏យល់ព្រមយកគាត់ធ្វើជាគូអនាគត ។
លី ច័ន្ទសីហា នៅពុំទាន់កំណត់ថ្ងៃរៀបការរបស់ខ្លួននៅឡើយទេ ដោយសារតែនាងទើបតែរៀបចំពិធីភ្ជាប់ពាក្យ និងខួបកំណើត តែទោះជាយ៉ាងនេះក្តី លី ច័ន្ទសីហា នៅតែអះអាងថា នាងនឹងរៀបចំពិធីមង្គលការតាមប្រពៃណី ដើម្បីបំពេញមុខមាត់ចាស់ទុំ ៕
សូមបញ្ចេញមតិនៅទីនេះ