សុក្រ , 26 សីហា 2022
សាសនិកឥស្លាម ផ្ទុះការមិនពេញចិត្តវីដេអូក្រៅឆាក ឆន សុវណ្ណរាជ បន្ទាប់ពីយកប្រពៃណី សាសនា គេមកលេងសើច
នាពេលថ្មីៗនេះនៅលើបណ្តាញសង្គម មានភាពក្តៅដូចបាយពុះ បន្ទាប់ពីបែកធ្លាយវីដេអូ ក្រៅឆាក ក្នុងបទចម្រៀងរបស់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណរាជ ដែលមានតារាកំប្លែង នាយកុយ និង នាយក្រឹម រាំអមសង ខាង លោក ឆន សុវណ្ណរាជ ដោយបានស្លៀកពាក់អាវវែង ចងក្បាល ធ្វើឱ្យអ្នកកាន់ សាសនាឥស្លាមផ្ទុះការមិនពេញចិត្តយ៉ាងខ្លាំង ដោយសាសនិក ឥស្លាមស្នើ ដល់ ក្រសួងពាក់ព័ន្ធ ឱ្យជួយពិនិត្យលើរឿងនេះ ព្រោះវីដេអូចម្រៀងនេះបានយកសាសនា អ្នកដទៃ មកលេងសើច។
ដូចមហាជនជ្រាបមកហើយថា រយៈពេលចុងក្រោយនេះតារាចម្រៀង ឆន សុវណ្ណរាជ ហាក់មានយីអ៊ុនដាក់យ៉ាងខ្លាំង ត្រូវមហាជន រិះគន់មិនសំចៃ តាំងពីដាក់ពិន្ទុ ឱ្យអតីតបេក្ខជន ទុំ សុវត្ថិ ធ្លាក់ក្នុងកម្មវិធី Cambodian Idol រួចមក ក៏កើតមានរឿងមិន ចេះចប់ រហូតថ្មីៗនេះស្រាប់តែមកផ្ទុះរឿងអាស្រូវមួយទៀត លោកត្រូវរងការរិះគន់ និងមិនពេញចិត្តយ៉ាងខ្លាំង ពីសំណាក់បងប្អូនអ្នកកាន់សាសនាឥស្លាម ក្រោយពីបែកធ្លាយ វីដេអូក្រៅឆាក របស់តារាចម្រៀងរូបនេះបានយក សាសនា ឥស្លាម មកលេង សើចរាំរែក ក្នុងបទចម្រៀង ធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់សាសនាមួយនេះ។
ក្រោយពីមហាជនសាសនិកឥស្លាម បានវាយប្រហាររិះគន់ខ្លាំងៗ និងមានប្រតិកម្មមិនពេញ ចិត្ត ទៅលើលោក ឆន សុវណ្ណរាជ តារាចម្រៀងរូបនេះក៏បាន ខំមិនសូមទោសចំពោះ កំហុសដោយអចេតនា នឹងបានឱ្យខាងផលិតកម្មហង្សមាសកែសម្រួលមើលរឿងនេះឡើងវិញ។
លោក ឆន សុវណ្ណរាជ បានចូលទៅខំមិនឆ្លើយតបចំពោះមតិរិះគន់ថា «ខាងក្រុមហ៊ុននឹងអ្នកដឹកអ្នកសំដែងមិនបានដឹង អូន គិតថាជាសំលៀកបំពាក់ របស់ប្រទេស អារ៉ាប់ ខាងក្រុមហ៊ុននឹងកែសម្រួលណាអូន សុំទោសផង សុំទោសកំហុសខុសឆ្គងយល់ច្រឡំ មួយចំនួនកើតឡើងដោយអចេតនា ខាងបង នឹងកែសម្រួល យើងសុទ្ធតែខ្មែរមួយទេអូន»។
គួរបញ្ជាក់ថា មិនត្រឹមតែ ឆន សុវណ្ណរាជ ត្រូវអ្នកកាន់សាសនាឥស្លាម ផ្ទុះការមិនពេញចិត្តនោះទេ ប៉ុន្តែកន្លងមកក៏មានអ្នកសិល្បៈមួយចំនួនក៏ត្រូវសាសនិកឥស្លាម មិនពេញចិត្តដូចគ្នា ដែលបានយកប្រពៃណី ទំនៀមទម្លាប់ សាសនាឥស្លាម យកមកសម្តែង ប្រាសចាកពីការគោរពរបស់ជនជាតិឥស្លាម៕
សូមបញ្ចេញមតិនៅទីនេះ