អង្គារ , 30 សីហា 2022
ទម្លាយមូលហេតុ ដែល José Mourinho សាក់រូបដ៏ពិសេសមួយនៅដើមដៃ
(បាល់ទាត់)៖ លោក José Mourinho បានសាក់រូបដ៏ពិសេសមួយនៅដើមដៃ ហើយអះអាងថា រូបសាក់នេះ មានតែរួបលោកម្នាក់គត់ដែលអាចសាក់បាន ។
គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់វ័យ 59 ឆ្នាំរូបនេះ បានឈ្នះពានជាច្រើន និងទទួលបានសមិទ្ធិផលដ៏អស្ចារ្យក្នុងវិស័យបាល់ទាត់ រហូតដល់គេដាក់រហាសនាមថា The Special One តែហេតុអ្វីបានជាគាត់ទៅសាក់រូបពាននេះ?
ក្នុងអាជីពជាគ្រូបង្វឹក លោក José Mourinho បានដឹកនាំក្រុមឈ្នះតំណែងជើងឯកនៅប្រទេសព័រទុយហ្គាល់ អេស្ប៉ាញ អង់គ្លេស អ៊ីតាលី និងការប្រកួតធំៗនៅចក្រភពអង់គ្លេស និងអឺរ៉ុប ដូច្នេះហើយទើបគាត់ចង់ទៅសាក់រូប ។
លោក José Mourinho និយាយថា៖«ខ្ញុំចង់សាក់រូបពិសេសមួយ ដែលទាក់ទងនឹងកន្លែងដែលខ្ញុំបានឈ្នះជើងឯក ជារូបសាក់ដែលមានតែខ្ញុំទេទើបអាចសាក់បាន »។
លោក Jose Mourinho ធ្លាប់ឈ្នះ Champions League 2 ដង ឆ្នាំ 2004 និង 2010 ឈ្នះ Europa League 2 ដង ឆ្នាំ 2003 និង2017 បូកនឹង UEFA Europa Conference League ឆ្នាំ 2022 ទៀត គាត់គឺជាគ្រូបង្វឹកតែម្នាក់គត់ ដែលបានដឹកនាំក្រុមឈ្នះពានរង្វាន់កំពូលទាំងបីនេះ។
លើសពីនេះ លោក Jose Mourinho ក៏បានជួយក្រុម Roma បំបែកកំណត់ត្រាដែលមិនធ្លាប់ឈ្នះជើងឯក ក្នុងរយៈពេល 61 ឆ្នាំនេះផងដែរ ដោយឈ្នះពានរង្វាន់កំពូលលំដាប់ទី៣ UEFA Europa Conference League ក្នុងឆ្នាំ ២០២២នេះ។
បន្ទាប់ពីឈ្នះជើងឯក Europa Conference League ដើម្បីជាការអរគុណដល់កីឡាករ និងអ្នកគាំទ្រទាំងអស់ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ បានសាក់រូបពានទាំងបីនៅលើដើមដៃរបស់លោក ហើយបង្ហោះចូលទៅក្នុង IG ។
គួរបញ្ជាក់ថា នេះគឺជាលើកទី 26 របស់លោក ដែលឈ្នះជើងឯក ហើយមិនតែប៉ុណ្ណោះ Mourinho ក៏ជាគ្រូបង្វឹកដែលដឹកនាំក្រុមលេងដល់វគ្គផ្តាច់ព្រ័ទ្រក្នុងការប្រកួតនៅអឺរ៉ុប បានច្រើនជាងគេផងដែរ សូម្បីតែលោក Ferguson ក៏ធ្វើមិនបានផង។
José Mourinho ចូលចិត្តការរស់នៅបែបសាមញ្ញ គាត់ចូលចិត្តជិះកង់ ទៅកន្លែងជម្រំហ្វឹកហាត់នៅ Roma មិនដែលបើកឡានទំនើបអ្វីទេ។
រហ័សនាមរបស់ Jose Mourinho គឺ "SPECIAL" ONE ពិសេសទាំងសមត្ថភាពដឹកនាំ និងយុទ្ធសាស្រ្ត ហើយក៏មានតែគាត់ដែរ ដែលអាចសាក់រូបនេះបាន៕
សូមបញ្ចេញមតិនៅទីនេះ