ខាត់ សុឃីម ឆេះដុំ ក្រោយមានអ្នកនិយាយថា ខាត់ ចំរើន ឈឺថតបង្ហោះលើហ្វេសប៊ុក ដើម្បីដង្ហោយសុំជំនួយ
កាលពីម្សិលមិញនេះ អ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពី ទទួលដំណឹងថា តារាកំប្លែងនាយ ខាត់ ចំរើន ត្រូវជាប្អូនប្រុសអ្នកនាង ខាត់ សុឃីម បានបញ្ជូលទៅមន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់ ព្រោះតែជំងឺខូចក្រលាន និងក្រិនថ្លើម ធ្វើទុក្ខខ្លាំង។ បន្ទាប់ពីទទួលដំណឹងដ៏តក់ស្លុតនេះ សិល្បករ រួមទាំងអ្នកលេងបណ្តាញសង្គមជាច្រើនបានចូលទៅខំមិនជូនពរឱ្យលោក ខាត់ ចំរើន ឆាប់ជាសះស្បើយ តែក៏មានអ្នកខ្លះខមិនថា ពេលឈឺថតផុសហ្វេសប៊ុក ព្រោះចង់សុំរកជំនួយ ដែលជាហេតុធ្វើឱ្យ ខាត់ សុឃីម តបសារពីអាម៉េរិកទាំងភាពក្តៅក្រហាយខ្លាំង។
ជាមួយនឹងការជូនពរក្នុងនោះក៏មាន អ្នកលេងបណ្តាញសង្គមមួយចំនួនក៏បាន លើកឡើងថាការដែលលោក ខាត់ ចំរើន ពេលឈឺ ហើយថតបង្ហោះនៅលើបណ្តាញសង្គម ដោយសារតែចង់សុំរកជំនួយពីមហាជន។ ការលើកឡើងបែបនេះទើបធ្វើឱ្យអ្នកនាង ខាត់ សុឃីម ត្រូវជាបង ឈឺចិត្តស្អិតទ្រូង ចេញសំណេរមកពីសហរដ្ឋអាម៉េរិកថា គ្រួសាររបស់អ្នកនាងមានជីវភាពសមរម្យ មិនត្រូវការដង្ហោយសុំជំនួយឡើយ។
នាយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម ដែលកំពុងតែស្ថិតនៅទឹកដីសហរដ្ឋអាម៉េរិក បានបញ្ចេញសារអក់អន់ចិត្តជាខ្លាំង បន្ទាប់ពីបុគ្គលមួយចំនួននៅតែគិតថា អ្នកសិល្បៈឱ្យតែឈឺ បង្ហោះនៅលើបណ្តាញសង្គមព្រោះចង់បានជំនួយ។ ក្នុងនោះប្អូនរបស់អ្នកនាង គឺលោក ខាត់ ចំរើន ដែលកំពុងសម្រាកព្យាបាលជំងឺក្រិនថ្លើម និងខូចក្រលាន ដែលបានបង្ហោះលើបណ្តាញសង្គម តែមានអ្នកខ្លះនិយាយថា ក្នុងគោលបំណងសុំរកជំនួយនោះ ទើបធ្វើឱ្យអ្នកនាងមិនអាចនៅស្ងៀមបាន ចេញមុខនិយាយតែម្តង។
អ្នកនាង ខាត់ សុឃីម បានសរសេរថា «ខមមិនដ៏សែនខ្លោចផ្សាសំរាប់ខ្ញុំជាបងស្រីនឹងជាសិល្បៈខ្មែរ ហើយប្អូនខ្ញុំ គ្នាក៏មិនបានស្រែករកជំនួយអីទេ ហើយក្នុងនាមពួកខ្ញុំ ជាបងប្អូន ពួកយើងមានជីវភាព សមរម្យ អាចជួយគ្នាបាន តែបើបងប្អូនខាងក្រៅគាត់មានចិត្តស្រលាញ់អាណិតប្អូនខ្ញុំ(ខាត់ ចំរើន) ចង់ជួយគាត់ ក៏ជួយចុះ ពួកខ្ញុំ សូមអរគុណគាត់ច្រើន» ។
អ្នកនាងខាត់ សុឃីម បន្តទាំងក្តីឈឺចិត្តថា «ហើយបងដឹងទេថា ពួកខ្ញុំ រាល់ថ្ងៃ ដោយសារ តែមិនចង់ឱ្យគេ និយាយថា ឈឺសុំជំនួយនេះហើយទើបខំរកស៊ី ធ្វើការទាំងយប់ថ្ងៃ គ្រប់ពេលទាំងមិនដែលទំនេរទេបង ដើម្បីពេលឈឺមានលុយមើលខ្លួន សូមបងមុននឹង ខមមិន សូមបង ពិនិត្យមើលផង ខ្ញុំដឹងថាបងៗខ្លះ មានគំនិតនឹងសម្រាប់អ្នកសិល្បៈខ្មែរ តែគ្រួសារខ្ញុំ ក៏ជាខ្មែរដូចបងដែរ ខ្ញុំរៀនបានតិច ហើយមិនមែនអ្នកចេះដឹងដូចបងទេ តែខ្ញុំក៏ មិនយកពេល ទៅអង្គុយ ចាំខមមិន ឬថាឱ្យអ្នកណាមួយឱ្យឈឺចាប់ដែរ»៕
សូមបញ្ចេញមតិនៅទីនេះ