ពិធីករ ជា វិបុល សូមទោសមហាជន ចំពោះពាក្យអធិប្បាយប្រើប្រាស់ពាក្យ «គឺ» ច្រើនពេក
លោកជា វិបុល បានបញ្ចប់តួនាទីជាពិធីករនៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូលកាលទី៤ ហើយ កាលពីរាត្រីថ្ងៃទី២៨ កន្លងទៅនេះ បន្ទាប់ពីចំណាយពេលអស់ជាច្រើនខែបំពេញតួនាទីជាមួយពិធីការិនី ថន លក្ខណា។
យ៉ាងណាមិញ កម្មវិធីបានបញ្ចប់ក្តី ប៉ុន្តែលោកជា វិបុល ក្លាយជាប្រធានបទគេយកទៅ Troll សន្ធឹក ព្រោះលោកបានប្រើប្រាស់ពាក្យ«គឺ» ច្រើនពេក នៅពេលប្រកាសលទ្ធផលនរណាជាម្ចាស់ពាន ធ្វើឱ្យទស្សនិកជនសឹងតែគាំងបេះដូង រហូតលោកចេញមុខសូមអភ័យទោសពីមហាជន។
លោក ជា វិបុល បានបង្ហោះសារនៅលើទំព័រផេកផ្លូវការរបស់លោក ទាំងក្តីសប្បាយចិត្តទោះជាឃើញមហាជនទើសចិត្តលោក នៅពេលប្រកាសឈ្មោះម្ចាស់ពានក៏ដោយ។ លោក វិបុល បានសរសេររៀបរាប់ថា កម្មវិធី Cambodian Idol រដូវកាលទី៤ បញ្ចប់ទៅដោយជោគជ័យ ក៏បានរហ័សនាមថ្មីពីបងប្អូនគឺ Mr. គឺ គឺ គឺ ... ក្នុងសេចក្តីអធិប្បាយនេះ លោក សូមអភ័យទោស ពីទស្សនិកជនបើសិនជាការអធិប្បាយរបស់លោកមិនសមរម្យ ។
នៅក្នុងសារដដែល ពិធីករឆ្នើមរូបនេះ បានបង្ហាញអារម្មណ៍ សប្បាយរីករាយជាទីបំផុត ក្រោយពីមានអ្នកទស្សនារហូតដល់ជាង ៥០០ K view។ លោកឡើកឡើងទៀតថា សូម្បីតែកម្មវិធីល្បីៗ នៅប្រទេសធំៗ ដែលមានប្រជាជនច្រើន ក៏មិនមានអ្នកចូលមើលដល់ថ្នាក់នេះដែរ ដូចជា អាម៉េរិក ចិន ជាដើម។
ជាមួយនឹងការបង្ហោះសារនេះ ទាំងភរិយារបស់លោកគឺ អ្នកនាង គង់ សុជាតិ រួមទាំងសិល្បករដទៃទៀត និងមហាជនជាច្រើនបានចូលខំមិនលេងសើចជាច្រើនដាក់លោកជា វិបុល ជាមួយពាក្យ «គឺ» ៕
សូមបញ្ចេញមតិនៅទីនេះ