ពុធ , 31 សីហា 2022
៣ក្រសួង ហៅលោក អ៊ិន សុភិន ប្រជុំជាបន្ទាន់ រឿងបវរកញ្ញា បៀរ អាប៉ោង ពេលសម្តេចលើកឡើងឱ្យដោះស្រាយ
នៅព្រឹកថ្ងៃទី៣១ សីហា សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន បាន សម្តែង ការយកចិត្តទុកដាក់លើរឿងរ៉ាវមហាជនប្រតិកម្មចំពោះ កម្មវិធីប្រកួត បវរកញ្ញាកម្ពុជា Miss Grand Cambodia ឆ្នាំ២០២២ រហូតលោកបានហៅ ឈ្មោះរដ្ឋមន្រ្តីក្រសួងពាក់ព័ន្ធឱ្យដោះស្រាយលើរឿងមួយនេះថែមទៀត។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានលើកនៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ថា លោកស្រី នឹងដឹកនាំកិច្ចប្រជុំមួយ នៅថ្ងៃទី០១ កញ្ញា ដោយមានការចូលរួមពីខាង ក្រសួងកិច្ចការនារី ក្រសួងព័ត៌មាន និងពីខាងក្រុមហ៊ុន មហាហង្ស ដែលជាអ្នករៀបចំកម្មវិធីប្រកួតបវរកញ្ញាកម្ពុជា Miss Grand Cambodia ឆ្នាំ២០២២ ។
ជាមួយគ្នានេះរដ្ឋមន្ត្រីក្រសួងវប្បធម៌ក៏បានបញ្ជាក់ថា «យើងមានការណែនាំរួច ហើយ តែដោយសារកំហុសធ្ងន់ធ្ងរ យើងនឹងជួបប្រជុំសាជាថ្មីនៅថ្ងៃស្អែកនេះ» ។ ប៉ុន្តែសម្រាប់គោលការដោះស្រាយនូវចំណុចណាខ្លះនោះ រដ្ឋមន្រ្តីខាងលើ មិនបានបញ្ជាក់ច្បាស់ទេ ដូច្នេះហើយជនរួមជាតិខ្មែរមានតែរង់ចាំតាមដាន មើលទាំងអស់គ្នាថា តើចំណាត់ការរបស់រដ្ឋមន្រ្តីក្រសួងវប្បធម៌ប្រជុំនៅថ្ងៃទី០១ កញ្ញា នឹងចេញជាលទ្ធផលអ្វីជាផ្លូវការ ហើយចំណុចដែលសំខាន់ តើកម្មវិធីសិល្បៈបែបជាន់ពន្លិចជាតិសាសន៍ និងប្រទេសខ្លួនឯងអាចកើតមានទៀតដែរ ឬទេ នៅពេលខាងមុខ ?
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានបញ្ជាឱ្យលោកស្រី ភឿង សកុណា ពិនិត្យឡើងវិញលើកម្មវិធី Miss Grand Cambodia បន្ទាប់ពីរងការរិះគន់ពីមហាជន រឿងយកល្បែងតំណាងឱ្យក្រុងបាវិត និងក្រុងប៉ោយប៉ែត និងករណីស្លៀកស៊ិចស៊ីជ្រុលហួសហេតុ របស់បេក្ខនារី តំណាងឱ្យខេត្តស្ទឹងត្រែង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បេក្ខនារីដែលចូលរួមសម្តែង ក្នុងការប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2022 គ្មានកំហុសទេ ព្រោះពួកគេសម្តែង និងស្លៀកពាក់ទៅតាមអ្នករៀបចំកំណត់ឱ្យ បើពួកគេមិនធ្វើតាម អ្នករៀបចំថា មិនត្រូវស្តង់ដារប្រកួតប្រជែង។ ដូច្នេះបេក្ខនារីដែលចូលរួមប្រកួតប្រជែងគ្នាមិនខុសទេ អ្នកដែលខុស គឺអ្នកដឹកនាំកម្មវិធី។
គេនៅចាំបានថា ជុំវិញរឿងរ៉ាវខាងលើនេះនៅយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ លោក អ៊ិន សុភិន អ្នករៀបកម្មវិធី និងជាម្ចាស់ផលិតកម្មមហាហង្ស បានចេញលិខិតសុំទោសជាសាធារណៈ ចំពោះកំហុសឆ្គងរបស់ខ្លួន ដែលបានប្រព្រឹត្តិ និងបានសម្ដែងការសោកស្ដាយ នៅចំពោះមុខមហាជន រហូតបោះពាក្យសន្យាថា នឹងធ្វើការកែតម្រូវឲ្យបានល្អប្រសើរឡើងវិញ ហើយក្នុងនោះក្រសួងវប្បធម៌បានឱ្យមន្រ្តីជំនាញចុះពិនិត្យពីសកម្មភាពប្រលង នៅថ្ងៃទី២៦ផងដែរ ប៉ុន្តែបញ្ហាមួយនេះហាក់មិនរសាត់ចេញពីអារម្មណ៍មិនពេញចិត្តពីសំណាក់បងប្អូនខ្មែរនៅឡើយ ៕
សូមបញ្ចេញមតិនៅទីនេះ