ចំណងស្នេហ៍ សេង សុខឃីម ត្រូវស្អុយរលួយ ព្រោះនាយ ចឺម ក្បត់ចិត្តមានអ្នកថ្មី!
មហាជនជ្រាបមកហើយថា រយៈពេលចុងក្រោយនេះចំណងស្នេហ៍ អ្នកមេម៉ាយសាច់សខ្ចី និងតារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ នាយចឺម មានភាពរកាំរកូសជាមួយគ្នាខ្លាំង បន្ទាប់ពីខាងស្រីបញ្ចេញសារបែកបាក់ជាច្រើនដង ខណៈថ្ងៃនេះ អ្នកនាង សេង សុខឃីម ដាច់ចិត្តបង្ហោះជាសាធារណៈ ថា ពួកគេទាំងពីរនាក់បានបែកគ្នាពិតប្រាកដហើយ ដោយនៅក្នុងវីដេអូខ្លីដែលនាងបានបង្ហោះក៏ឃើញសារ នាយចឺម អស់ចិត្ត ពីមេម៉ាយកូនមួយ ក្បត់ចិត្តនាងទៅមានអ្នកថ្មី។
អ្នកលេងបណ្តាញសង្គមមួយចំនួនធំ ប្រាកដជាស្គាល់ហើយថា លោក សុខ មេសា ហៅ នាយចឺម គឺជាតារាចម្រៀងល្បីឈ្មោះមួយរូប បានភ្ជាប់ចំណងស្នេហ៍ជាមួយ អ្នកមេម៉ាយកូនមួយអ្នកនាង សេង សុខឃីម បើទោះបីជាអ្នកទាំងពីរមានវ័យខុស គ្នា និងព្រមទាំងមានមតិមួយចំនួនមិនយល់ស្របស្នេហ៍ពួកគេក្តី ប៉ុន្តែអ្នកទាំងពីរជំនះរាល់ពាក្យពេចន៍មិនល្អទាំងអស់ ដោយបង្ហាញភាពផ្អែមល្ហែម ល្អូកល្អិន ទិញទ្រព្យ រួមគ្នាជាដើម ដើម្បីរឹតចំណងស្នេហ៍ឱ្យរឹងមាំ។
ទោះជាញឹកញាប់គេឃើញអ្នកនាង សេង សុខឃីម និងនាយចឺម ផ្អែមល្ហែមដាក់គ្នាដូចស្ករនិងស្រមោច ប៉ុន្តែរយៈពេលចុងក្រោយនេះខាងស្រីបានបង្ហោះសារក្រៀមក្រំផ្លូវចិត្តយ៉ាងខ្លាំង ហាក់ដូចជាស្នេហារបស់នាងជួបប្រទះបញ្ហាធំ មិនរលូនដូចមុន។ យ៉ាងណាដូចពាក្យគេថា ក្រដាស់មិនអាចខ្ចប់ភ្លើងបានឡើយ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ អ្នកនាង សេង សុខឃីម បានដាច់ចិត្តបង្ហោះសារប្រាប់មហាជនជាសាធារណៈថា នាង និង នាយចឺម បានបែកគ្នាហើយ។
ខ្លឹមសារទាំងមូលរបស់ សេង សុខឃីម បានរៀបរាប់ថា «នាងខ្ញុំសុំប្រកាសជាសាធារណៈ ថានាងខ្ញុំ សេង សុខឃីម ជាមួយលោកចឺម បានបែកគ្នាហើយ ចឹងសុំបងប្អូនដែលជួបនាងខ្ញុំនៅខាងក្រៅ រឺក្នុងFBទាំងអស់សូមកុំសួរ អំពីលោកចឺមពីនាងខ្ញុំទៀត ខ្ញុំពិតជាមិនដឹង សុំចិត្តពុកម៉ែបងប្អូនទាំងអស់គ្នា កុំថាអីអោយនាងខ្ញុំ បែកគ្នាក៏ប្រកាសដែរ ព្រោះពេលស្រលាញ់គ្នា ក៏ផុសជាសាធារណៈអោយពុកម៉ែបងប្អូនដឹងហើយ ចឹងបែកគ្នាក៏ផុសជាសាធារណៈ ឱ្យប្អូនដឹង ជាង1ឆ្នាំត្រូវបានបញ្ចប់ មិនឈ្លោះគ្នា តែគេសុខៗចង់បែកតែម្ដង រួចលើកហេតុផលចាស់ៗមកយាយដដែល ឃាត់ក៏គេមិនស្តាប់មានតែបណ្តោយឱ្យទៅ4ខែក្រោយនេះថ្ងៃណាក៏ខ្ញុំយំដែលបានហើយ(24/8/2022end) បើចង់ live បកស្រាយ និយាយឱ្យអស់រឿងណា»។
ទោះជាសំណេរមិនបានបញ្ជាក់ពីមូលហេតុថា ហេតុអ្វីបានជាអ្នកទាំងពីរបែកគ្នា ប៉ុន្តែនៅក្នុងវីដេអូដែលនាងបានបង្ហោះបានបង្ហាញថា នាយចឺម អស់ចិត្តសុំបែក ព្រមទាំងកំពុងមានអ្នកថ្មីមកជំនួសនាងផងដែរ។ នៅក្នុងខំមិនទៀតសោត អ្នកនាង សេង សុខឃីម ក៏បានឆ្លើយតបជាមួយអ្នកគាំទ្របន្ទាប់ពីឃើញ នាយចឺម ធ្វើខ្លួនធម្មតា គ្មានឈឺឆ្អាលខាងស្រីបន្តិចសោះ ហើយនាងក៏បានតបថា «មនុស្សក្បត់គេចឹងហើយ»។
បើគិតចាប់តាំងពី នាយចឺម មានឈ្មោះបោះសំឡេងដោយផ្តើមចេញពីតារាកំប្លែងនោះ តារាចម្រៀងរូបនេះ បានបញ្ចប់ទំនាក់ទំនងស្នេហាជាសាធារណៈជាមួយតារាស្រីដូចជា កញ្ញា អៀង ម៉េងលិ ហៅអូនម៉ីម៉ី , តារាស្រី ពុធ ស្រីខួច, តារាសម្តែង ហ្វាហ្វា និងអ្នកថ្មីនេះជា សេង សុខឃីម ខណៈកន្លងមក នាយចឺម ក៏ត្រូវអ្នកមួយចំនួនលើកឡើងថា រូបគេប្តូរសង្សារដូចប្តូរខោអាវ៕
សូមបញ្ចេញមតិនៅទីនេះ