ឃើញមិត្តភក្តិបង្ហោះរូបមានកូនជាបន្តបន្ទាប់ សុគន្ធ និសា ផ្ញើសារជូនពរទាំងអារម្មណ៍ចាក់ដោត
ភ្នំពេញ ៖ ថ្មីៗនេះមានសិល្បករជាច្រើនបានបង្ហោះរូបមានផ្ទៃពោះ និងត្រៀមសម្រាលកូនក្នុងពេលឆាប់ៗ ក្នុងនោះតារាចម្រៀង សុគន្ធ និសា ក៏បានផ្ញើសារជូនពរ និងបង្កប់ដោយអារម្មណ៍ចាក់ដោត រហូតធ្វើឱ្យទស្សនិកជនជាច្រើនគិតថា សុគន្ធ និសា ពិតជាចង់បានកូននិងគេដែរ ក្រោយពីរៀបការជាច្រើនឆ្នាំនៅតែមិនទាន់សម្រេចបំណង។
សុគន្ធ និសា ធ្លាប់បានប្រាប់ថា នាងមានគម្រោងនឹងយកកូននៅក្នុងឆ្នាំ ២០២២ នេះហើយ តែពីមួយថ្ងៃទៅមួយថ្ងៃគម្រោងយកកូនរបស់នាង ត្រូវបរាជ័យ ដោយសារបញ្ហាសុខភាព ។ ទោះបីជាយ៉ាងនេះក្តី តារាចម្រៀងរូបនេះមិនអស់សង្ឃឹមនោះទេ នាងបានព្យាយាមដើម្បីសម្រេចបំណងរបស់ខ្លួនឱ្យបាន ដោយបានទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញៗជាច្រើន ។
សុគន្ធ និសា តែងតែផ្ញើសារជូនពរមិត្តភក្តិដែលកំពុងមានផ្ទៃពោះ និងត្រៀមសម្រាលកូន រាល់ពេលដែលពួកគេបង្ហោះសារនិងរូបភាពនៅលើ ហ្វេសប៊ុក ហើយមិត្តភក្តិជាច្រើនបានជូនពរ សុគន្ធ និសា វិញថា សូមឱ្យនាងមានកូនឆាប់ៗដើម្បីបំពេញបំណងគ្រួសារ ។ សុគន្ធ និសា បានបង្ហាញនូវអារម្មណ៍រំភើបចិត្តជាខ្លាំងនៅពេលឃើញមិត្តភក្តិជូនពរនាងបែបនេះ ហើយនាងរំពឹងថា ក្តីស្រមៃខ្លួននិងស្វាមី និងសម្រេចដូចបំណងក្នុងពេលឆាប់ៗ ។
សុគន្ធ និសា នៅតែជាតារាចម្រៀងលេចធ្លោមួយរូបប្រចាំនៅផលិតកម្ម ហង្សមាស ហើយឆាប់ៗខាងមុខនាងនឹងលេចមុខក្នុងនាមជាគណកម្មការផ្តល់ពិន្ទុនៅក្នុងកម្មវិធីធំមួយរបស់ទូរទស្សន៍ ហង្សមាស មិនឱ្យចាញ់តារាចម្រៀង ឱក សុគន្ធកញ្ញា នោះទេ៕
សូមបញ្ចេញមតិនៅទីនេះ