យក់ ឋិតរដ្ឋា សម្រេចប្តូរឈ្មោះថ្មី ព្រោះក្រោយជួបរឿងរ៉ាវធំ មិនចេះចប់
ភ្នំពេញ ៖ មួយរយៈពេលចុងក្រោយនេះតារាចម្រៀង យក់ ឋិតរដ្ឋា ជួបរឿងស៊យផ្ទួនៗគ្នា រហូតនាង សម្រេចចិត្តប្តូរឈ្មោះថ្មីមួយ ដើម្បីយកហុងស៊ុយឡើងវិញ ។
យក់ ឋិតរដ្ឋា មានឈ្មោះក្រៅបញ្ជីរហៅថា ស្រស់ ពេលទៅណាមកណាបងប្អូន និងក្រុមគ្រួសារ និងមិត្តអ្នកសិល្បៈ តែងបានហៅនាងថា ស្រស់ ពីព្រោះនាងមានស្នាមញញឹមស្រស់គួរឱ្យទាក់ទាញ ។ យក់ ឋិតរដ្ឋា ប្រើឈ្មោះហៅក្រៅនេះអស់ពេលជាង ៣០ ឆ្នាំហើយ តែដោយសារមួយរយៈពេលចុងក្រោយតារាស្រីសប្បុរស្រអែមជួបរឿងមិនល្អផ្ទួនៗ ស្រាប់តែអ្នកនាងបានប្រកាសប្តូរឈ្មោះថ្មីតែម្តង ។
តារាចម្រៀងទើបវិលមកជាន់ឆាកសិល្បៈ យក់ ឋិតរដ្ឋា បានផ្តាំផ្អើទៅកាន់អ្នកគាំទ្រ និងបងប្អូន ក៏ដូចជាអ្នកសិល្បៈដែលធ្លាប់ស្គាល់ និងហៅឈ្មោះនាងថា « សូមអធ្យាស្រ័យផងពីពុកម៉ែបងប្អូនទាំងអស់ ដែលបានស្គាល់ឈ្មោះនាងខ្ញុំ និងតែងហៅក្រៅថា អាស្រស់ ឥឡូវនាងខ្ញុំបានដូរ មកឈ្មោះមកថា អានីន វិញ ដោយសារតែឈ្មោះ ស្រស់នេះ ធ្វើអោយនាងខ្ញុំឈឺច្រើន ហើយមានរឿងរ៉ាវជាច្រើនមិនចេះចប់មិនចេះហើយ ចឹងហើយសូមដូរមកប្រើឈ្មោះ អានីន នេះវិញ » ។
ក្នុងឆ្នាំ ២០២២ នេះតារាស្រីវ័យខ្ទង់ជិត៤០ឆ្នាំប្លាយ យក់ ឋិតរដ្ឋា បានជួបរឿងក្តីក្តាំងដ៏ធំបំផុតក្នុងជីវិត ស្ទើរតែធ្វើឱ្យជីវិតនាងគ្មានសល់អ្វីទាំងអស់ តែដោយសារមានការជួយជ្រោមជ្រែងពីលោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត បានធ្វើឱ្យជីវិត គ្រួសារប្តីប្រពន្ធអ្នកសិល្បៈបានល្អប្រសើរឡើងវិញ ហើយអ្នកទាំងពីរក៏បន្តចាប់ដៃគ្នាបើកដំណើរការរកស៊ីផ្នែកដីធ្លីដូចដើម និងបានវិលមកជាន់ឆាក់សិល្បៈជាថ្មី ហើយក៏កំពុងរៀបចំបើកមុខរបរថ្មីមួយទៀតគឺបើកហាងលក់គ្រឿងអលង្ការផងដែរ។ អ្នកនាង យក់ ឋិតរដ្ឋា សង្ឃឹមថា ក្រោយពីខ្លួនផ្លាស់ប្តូរឈ្មោះហៅក្រៅពី ស្រស់ មក នីន វិញ ជីវិតនាងនឹងល្អប្រសើរឡើង ហើយជួបតែរឿងល្អៗក្នុងជីវិត ៕
សូមបញ្ចេញមតិនៅទីនេះ