កីឡាករខំណូលថ្មី Antony ហ៊ាននិយាយបែបនេះទៅកាន់ Ronaldo បន្ទាប់ពីការបង្ហាញខ្លួនលើកដំបូងនៅ Manchester United
(បាល់ទាត់)៖ ខ្សែបម្រើសអន្តរជាតិសញ្ជាតិប្រេស៊ីល Antony បានពណ៌នារៀមច្បង Cristiano Ronaldo ថា ជា "យក្ស" នៃការប្រកួត ហើយថា វាជា "កិត្តិយស" ក្នុងការលេងជាមួយខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់។
កីឡាករវ័យ ២១ ឆ្នាំរូបនេះ បានប្រកាសខ្លួនឯងទៅកាន់អ្នកគាំទ្ររបស់ United នៅទូទាំងពិភពលោក ជាមួយនឹងគ្រាប់បាល់ស៊ុតបញ្ចូលទី ក្នុងការបង្ហាញខ្លួនជាលើកដំបូងរបស់ខ្លួនសម្រាប់ក្លឹប អំឡុងពេល Man United ឈ្នះ 3-1 ទល់នឹង Arsenal កាលពីថ្ងៃអាទិត្យ។
អ្នកចាត់ការទូទៅ លោក Ten Hag បានដាក់ Antony ក្នុងជម្រើស១១នាក់ដំបូង សម្រាប់បិសាចក្រហម បើទោះបីជាបានហ្វឹកហាត់ត្រឹមតែពីរដងជាមួយមិត្តរួមក្រុមថ្មីរបស់គាត់ ចាប់តាំងពីបញ្ចប់ការផ្ទេរទៅ Old Trafford ក្នុងតម្លៃ 84 លានផោន។ មិនឲ្យខកបំណងនោះទេ រូបគេបានចាប់ផ្តើមដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ជាមួយនឹងការស៊ុតបញ្ជូលទី១ គ្រាប់បើកឆាកឲ្យ United។
បន្ទាប់ពី Antony ប្ដូរចេញ ហើយជំនួសវិញដោយ Ronaldo គឺជាពេលវេលាដ៏អស្ចារ្យមួយទៀតនៅថ្ងៃដែលមិនអាចបំភ្លេចបាន សម្រាប់កីឡាករប្រេស៊ីលរូបនេះ ហើយរូបគេមិនអាចលាក់ការរីករាយរបស់ខ្លួននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីនោះ ដោយហៅ Ronaldo ថាជា "យក្ស" នៃការប្រកួត។
Antony បានសរសេរថា៖« អ្នកគឺជាយក្ស ហើយខ្ញុំពិតជាមានកិត្តិយសណាស់ Cristiano Ronaldo ដែលបានលេងក្នុងក្រុមជាមួយអ្នក»។
គួរបញ្ជាក់ថា ក្រុមបិសាចក្រហម Manchester United នឹងត្រូវទទួលភ្ញៀវ Real Sociedad នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញានេះ ក្នុងការប្រកួតបើកឆាកពូល UEFA Europa League ហើយបន្ទាប់មកធ្វើដំណើរទៅ Crystal Palace នៅថ្ងៃអាទិត្យ ទី ១១ ខែកញ្ញា ក្នុង Premier League ៕
សូមបញ្ចេញមតិនៅទីនេះ