ពុធ , 07 កញ្ញា 2022
ឡេង ណូរ៉ា ថា ជាប់ជម្រើសជាតិ U20 នេះនឹងប្រឹងប្រែង ដើម្បីឆ្ពោះទៅសម្រេចក្ដីស្រមៃដ៏ធំមួយទៀត
យុវជនឆ្នើមរបស់កម្ពុជា ឡេង ណូរ៉ា ដែលទើបតែបានជាប់ជម្រើសជាតិក្រោមអាយុ២០កម្ពុជា បង្ហើបថា សម្រាប់ការជាប់ជម្រើសជាតិពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣វាជាក្ដីស្រមៃដ៏ធំបំផុតមួយរបស់ខ្លួន។
កីឡាករបាល់ទាត់គ្រប់រូបតែងតែមានក្ដីស្រមៃរបស់ខ្លួន ដូចជាការចង់ទៅលេងនៅក្រៅស្រុក ឬបានលេងក្នុងក្រុមធំៗជាដើម ហើយវារឹតតែពិសេសបើបានជាប់ជម្រើសជាតិ ក្នុងការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ធំៗ ដើម្បីលេងតំណាងជាតិជាដើម។ មិនខុសពីកីឡាករដ៏ទៃ អតីតយុវជនឆ្នើមរបស់ ក្លិបខេត្តព្រៃវែង ឡេង ណូរ៉ា ក៏មានក្ដីស្រមៃដូចកីឡាករផ្សេងៗទៀតដែរ។
យុវជនឆ្នើមដែលកំពុងលេងឲ្យក្រុមវិសាខាបានប្រាប់យ៉ាងដូច្នេះថា «...វាជាក្ដីស្រមៃរបស់ខ្ញុំដ៏ធំមួយ ប្រសិនបើបានជាប់ជម្រើសជាតិលេងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣នៅទឹកដីកម្ពុជាយើង។ ខ្ញុំបានប្ដេជ្ញាថា នឹងប្រឹងប្រែងលេងឲ្យបានល្អបំផុតនៅក្លិប ដើម្បីឲ្យគ្រូជម្រើសជាតិមើលឃើញបង ដើម្បីអាចបានជាប់ជម្រើសជាតិក្នុងពេលនោះ»។
យុវជនដែលធ្លាប់បានជាប់ជម្រើសជាតិក្រុមធំរូបនេះបានប្ដេជ្ញាចិត្តថា រូបគេនឹងខំប្រឹងឲ្យអស់លទ្ធភាពដែលមាន ដើម្បីបានបង្ហាញទម្រង់លេងឲ្យបានល្អបំផុតក្នុងក្រុម ដើម្បីឲ្យគ្រូជម្រើសជាតិបានមើលឃើញខ្លួន។ ការខកខានស៊ីហ្គេមនៅវៀតណាមជារឿងស្ដាយបំផុតមួយសម្រាប់គេ ក្នុងការក្រេបយកបទពិសោធពីព្រឹត្តិការណ៍ដ៏សំខាន់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែលើកនេះស៊ីហ្គេមនៅកម្ពុជាគេនឹងប្រឹងប្រែង ជាមួយការប្ដេជ្ញាចិត្ត ដើម្បីសម្រេចក្ដីស្រមៃមួយនេះឲ្យខាងតែបាន។
ការបានជាប់ជម្រើសជាតិក្រោមអាយុ២០ឆ្នាំជាលើកដំបូងនេះរបស់ ណូរ៉ា គឺដើម្បីចូលរួមការប្រកួតពានរង្វាន់ AFC U20 CHAMPIONSHIP 2022 ដែលនឹងធ្វើឡើងពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅប្រទេសតាជីគីស្ថាន៕
សូមបញ្ចេញមតិនៅទីនេះ