សៅរ៍ , 10 កញ្ញា 2022
រ៉េត សារិតា រឹងមាំលើឆាកជាមនុស្សមានទំនុកចិត្តខ្ពស់ តែពីក្រោយខ្នង ត្រូវអតីតសង្សារធ្លាប់ប្រើអំពើហិង្សា
កញ្ញា រ៉េត សារិតា ដែលមហាជនស្គាល់ថា ជាតារាសម្តែង ពិធីការិនី ជាពិសេសជា បវរកញ្ញាចក្រវាលឆ្នាំ២០២០ បានទម្លាយរឿងរ៉ាវនៅពីក្រោយភាពជោគជ័យ ជាមនុស្សស្ររឹងមាំម្នាក់ នាងធ្លាប់មានរបួសផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ នឹងធ្លាប់ត្រូវ អតីតគូស្នេហ៍ប្រើអំពើហិង្សា ថែមទាំងត្រូវក្រុមគ្រួសារអតីតគូស្នេហ៍ មិនពេញចិត្តនាង ព្រមទាំងប្រើពាក្យ មិនសមរម្យជាច្រើនទៅលើនាង។
មហាជនស្គាល់មកហើយថា កញ្ញា សារិតា ជាសិល្បៈការិនីមួយរូបពោរពេញ ដោយសមត្ថភាព ចេះនិយាយបានច្រើនភាសា និងធ្លាប់ជាតំណាងប្រទេសកម្ពុជា ក្នុងនាមជាបវរកញ្ញាចក្រវាលកម្ពុជា ចូលរួមប្រកួតលើឆាកអន្តរជាតិ។ ដ្បិតថា តារាស្រីរូបនេះធ្លាប់តែបញ្ចេញសកម្មភាពជាមនុស្សស្រីម្នាក់មានភាពរឹងមាំ បង្ហាញឱ្យទស្សនិកជន ឃើញនៅលើឆាក ជាមនុស្សមានទំនុកចិត្តលើខ្លួនឯងខ្ពស់ ប៉ុន្តែ សារិតា ក៏ជួប រឿងរ៉ាវផ្ទាល់ខ្លួនជាច្រើនមិននឹកស្មានដល់។
តាមការបញ្ជាក់របស់កញ្ញា រ៉េត សារិតា កាលពីយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងកម្មវិធី «V Talk Confession» បានរៀបរាប់ប្រាប់មហាជន ដើម្បីជាការលើកទឹកចិត្តមួយចំណែកទៅដល់អ្នកជំនាន់ក្រោយ ជាពិសេស យុវវ័យ ឱ្យមានភាពតស៊ូទៅមុខ កុំបាក់ទឹកចិត្តព្រោះតែសម្តីអ្នកដទៃដែលព្យាយាមជាន់ពន្លិច បោះបង់ក្តីស្រមៃខ្លួនឯង។ ក្នុងនោះ តារាស្រីខាងលើនេះបានទម្លាយពីរឿងរ៉ាវត្រូវ អតីតគូស្នេហ៍ប្រើអំពើហិង្សាទាំងផ្លូវកាយ ទាំងផ្លូវចិត្តមកលើខ្លួននាង ជាពិសេសក៏ធ្លាប់ត្រូវ គ្រួសារសង្សារចាស់ប្រើពាក្យសម្តីមិនសមរម្យជាច្រើន ក្នុងន័យនាងជាអ្នកសិល្បៈមានភាពមិនល្អគ្រប់គ្រាន់ និងមិនទទួលស្គាល់នាងឡើយ។
កញ្ញា សារិតា បានឱ្យដឹងទៀតថា នាងធ្លាប់បាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរ មុនការចូល ប្រកួតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២០ នឹងគ្រងជាម្ចាស់មកុដ ព្រោះនាង បានរងនូវការវាយប្រហារពាក្យសម្តីពីអតីតគូស្នេហ៍ បំបាក់ទឹកចិត្ត នាងមិនឱ្យ ចូលរួមការប្រកួតបវរកញ្ញា ព្រោះនាងមានរូបរាងមិនសមទៅនឹងឈ្មោះថា បវរកញ្ញា រហូតនាងកើតទុក្ខសល់តែ៣៩គីឡូ។ អំឡុងពេលសេពគប់ជាមួយអតីតគូស្នេហ៍ នាងក៏ធ្លាប់រងនូវអំពើហិង្សា នឹងធ្លាប់ផ្តល់ឱកាសឱ្យដៃគូរយៈពេល៧ខែ ដោយនាងស្រលាញ់គេខ្លាំង ហើយគិតថាគេនឹងកែប្រែចំណុចមិនល្អដែលធ្វើដាក់នាង។ ប៉ុន្តែការផ្តល់ឱកាសនោះ មិនបានធ្វើឱ្យអតីតគូស្នេហ៍នាងកែប្រែឡើយ រហូតអ្នកទាំងពីរសម្រេចចិត្តដើរផ្លូវរៀងខ្លួន ហើយនាងក៏បានផ្តោតមកការខិតខំហ្វឹកហាត់ប្រកួតបវរកញ្ញាវិញ ទោះបីអ្នកផ្សេងមើលមករូបរាងនាងយ៉ាងមិច នាងមិនយកពាក្យសម្តីរបស់អ្នកដទៃ មកកាត់ក្តីមហិច្ឆារបស់នាងឡើយ រហូតនាងអាចគ្រងតំណែងជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២០។
រម្លឹកទៅឆ្នាំ២០២០ ដែល សារិតា គ្រងមកុដនោះក៏ផ្ទុះការមិនពេញចិត្តរបស់ មហាជនមួយចំនួនដូចគ្នាថារូបរាងនាងមិនសមនឹងតំណែងនេះ ព្រោះតែនាងមានរូបរាងមិនខ្ពស់ស្រលះ មានសាច់សម៉ដ្ឋរលោងឡើយ តែទោះជាយ៉ាងណា រ៉េត សារិតា មិនបាននិយាយអ្វីច្រើននោះទេ ផ្ទុយមកវិញ នាងបានយកចំណេះដឹងទូលំទូលាយ បទពិសោធន៍របស់នាងមកបង្ហាញ ឱ្យទស្សនិកជនបានឃើញពីភាពវៃឆ្លាត ជាជាងការវាយតម្លៃត្រឹមសំបកក្រៅ។
យ៉ាងណាមិញ ឧបសគ្គទាំងអស់ ទាំងភាពរីករាយ និងការឈឺចាប់ កាន់តែបង្រៀនឱ្យ សារិតា មានភាពរឹងមាំទ្វេដង នឹងមានកតិ្តយស កេរ្តិ៍ឈ្មោះ មកដល់បច្ចុប្បន្ន ថែមទាំងសព្វថ្ងៃនាងក៏មានគូស្នេហ៍យល់ចិត្ត យល់ថ្លើម ជាបុរសសង្ហាម្នាក់ នឹងសាងស្នេហ៍ជាមួយគ្នាយ៉ាងផ្អែមល្ហែម៕
សូមបញ្ចេញមតិនៅទីនេះ