ចន្ថា ចន្ធាកា ពីក្មេងលេងបាល់តាមចិញ្ចើមផ្លូវ វិវឌ្ឍន៍ខ្លួនជាកីឡាករអាជីព ក៏កំពុងបោះជំហានចូលជម្រើសជាតិ
កាលពីពេលថ្មីៗនេះយុវជនវ័យក្មេងរបស់ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា ចន្ថា ចន្ធាកា ត្រូវបានសហព័ន្ធបាល់ទាត់កម្ពុជាប្រកាសឈ្មោះជាប់ជម្រើសជាតិឈុតធំក្នុងបញ្ជីបឋម ។ ប៉ុន្តែយ៉ាងណាយុវជនម្ចាស់អាវលេខ៧របស់ក្លិបខាងលើបានទម្លាយខ្សែជីវិតមុនក្លាយជាកីឡាករអាជីព ដែលលេងបាល់ទាត់តាមចិញ្ចើមផ្លូវកាលនៅក្មេង។
ចន្ថា ចន្ធាការ កើតនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០០០ សង្កាត់អូឡាំពិក ខណ្ឌចំការមន ក្រុងភ្នំពេញ។ យុវជនវ័យ២១ឆ្នាំរូបនេះមានឪពុកឈ្មោះ ហេង ចន្ថា ម្ដាយឈ្មោះ សយ សារិន គេមានបងប្អូនបង្កើតចំនួន ៣ នាក់ដោយ ចន្ធាការ ជាកូនពៅក្នុងគ្រួសារ។
រំលឹកពីការលេងបាល់ទាត់កីឡាករឆ្នើមរបស់ក្លិប អគ្គិសនី កម្ពុជាខាងលើបានរៀបរាប់យ៉ាងដូច្នេះថា “ដំបូងខ្ញុំលេងបាល់នៅឆ្នាំ២០០៧ កាលនោះខ្ញុំលេងតាមដងផ្លូវ ឬចិញ្ចើមផ្លូវអីនឹងបង មិនបានទៅហាត់ជាមួយក្លិបអាជីពណាទេ។ កាលហ្នឹងឪពុក-ម្ដាយខ្ញុំគាត់ហាមដាច់ខាតមិនឲ្យខ្ញុំលេងបាល់ឡើយ”។
ចន្ថា ចន្ធាកា បានបន្តថា ទៀតថា ក្រោយមកដោយឃើញកូនមានទេពកោសល្យ និងស្រលាញ់បាល់ទាត់ខ្លាំងឪពុក-ម្ដាយរបស់គេបានអនុញ្ញាតឲ្យកូនប្រុសចូលហាត់បាល់តែម្ដង ដោយកាលនោះហាត់ជាមួយយុវជនព្រះខ័នរាជស្វាយរៀង ក្នុងឆ្នាំ២០១៦។ បន្ទាប់ពីហ្វឹកហាត់បានប្រមាណជាង១ឆ្នាំ ជាមួយយុវជនព្រះខ័នរាជស្វាយរៀង ចន្ថា ចន្ធាកា ក៏ត្រូវបានគ្រួសារហាមឃាត់មិនឲ្យលេងបាល់ម្ដងទៀត ក្រោមហេតុផលជាឆ្នាំដែលយុវជនខាងត្រូវប្រលងបាក់ឌុប។
ពេលនោះហើយជាពេលដែលយុវជនខាងលើគិតថា ជាពេលវេលាដ៏លំបាកបំផុតមួយសម្រាប់គេ ព្រោះតែចិត្តចង់ហាត់បាល់មិនចង់អាក់ខាន ខ្លួនក៏បានលួចយកខោអាវកីឡា ទៅផ្ញើមិត្តភ័ក្ដិ ឬបងបងដែលហាត់បាល់ជាមួយគ្នា ក្នុងចេតនាចង់ហាត់បាល់មិនចង់អាក់ខាន។ បន្ទាប់ពីតស៊ូអស់ជាច្រើនឆ្នាំដល់ឆ្នាំ២០១៨ កូនប្រុសពៅក្នុងគ្រួសារក៏ទទួលបានផ្លែផ្កាបណ្ដើរៗ ពោលគឺគេបានជាប់ជម្រើសជាតិ Futsal ដោយលេងឲ្យក្រុម Fan Sport ។
បន្ទាប់ពីបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិ Futsal បានល្អ ចន្ធាកា ក៏ទទួលបានឱកាសចូលហាត់ក្នុងក្លិបអាជីព អគ្គិសនីកម្ពុជា នៅឆ្នាំ២០១៩ ។ ហាត់នៅទីនោះរហូតមកដល់បច្ចុប្បន្ន ទើបតែឆ្នាំ២០២១ ប៉ុណ្ណោះ ដែលអាចបង្ហាញខ្លួនជាជម្រើសដំបូង ហើយឆ្នាំ២០២២ នេះក៏មានឈ្មោះក្នុងក្រុមជម្រើសជាតិបឋមតែម្ដង។
ងាកមកកាន់ការរកគ្រាប់បាល់សរុប ចន្ថា ចន្ធាកា រកបានជាង១០គ្រាប់ហើយ ឲ្យក្រុមអគ្គិសនីកម្ពុជា សម្រាប់ក្ដីស្រមៃដ៏ធំបំផុតក្នុងអាជីពបាល់ទាត់របស់គេវិញ គឺចង់បង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិ ដើម្បីបានលេងតំណាងឲ្យជាតិផងដែរ។
រំលឹកថា ចន្ថា ចន្ធាកា បានជួយក្រុមអគ្គិសនីកម្ពុជាឡើងដល់វគ្គ៤ក្រុមចុងក្រោយពានរង្វាន់សម្ដេចពីឆ្នាំជាប់គ្នា ពោលគឺរដូវកាលមុនធ្លាក់ឡើងដល់វគ្គ៤ក្រុមចុងក្រោយ តែធ្លាក់ក្រោមថ្វីជើងក្រុមភ្នំពេញក្រោន។ ដោយឡែករដូវកាលនេះវិញយុវជនវ័យ២១ ឆ្នាំបានជួយអគ្គិសនីកម្ពុជាឡើងទៅដល់វគ្គ៤ក្រុមចុងក្រោយជាថ្មី បន្ទាប់ពីទម្លាក់ក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀងក្នុងលទ្ធផលទាំងពីរជើង ៤-២ ៕
សូមបញ្ចេញមតិនៅទីនេះ