តារាកំប្លែង នីឡា សម្រាលកូនស្រីបានដោយជោគជ័យហើយ ក្រោយរៀបការបាន៦ខែ
ទីបំផុត តារាកំប្លែង នីឡា សម្រាលកូនស្រីបានដោយជោគជ័យហើយ នេះបើតាមរូបភាព លោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ បង្ហោះនៅថ្ងៃទី១២ ខែកញ្ញា នេះដោយបានបញ្ជាក់ថាជាចៅទី២របស់លោក ត្រូវជាកូនស្រីរបស់ នីឡា ខណៈរូបនាងបានចូលរោងការតាមប្រពៃណីបានប្រមាណ៦ខែមកនេះ។
មហាជនអ្នកលេងបណ្តាញសង្គមបានជ្រាបមកហើយថា តារាកំប្លែង នីឡា ត្រូវជាកូនស្រីរបស់លោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ បានចូលរោងការជាមួយគូស្នេហ៍វ័យស្របាលគ្នាកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បន្ទាប់ពីអក់ខានមង្គលការជាច្រើនដងដោយសារជំងឺកូវីដ។
យ៉ាងណា បន្ទាប់ពីចូលរោងការបានជាង១ខែ តារាកំប្លែងវ័យ២២ឆ្នាំរូបនេះក៏ ប្រកាសថាមានផ្ទៃពោះ ៤ខែហើយ ធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះដំណឹងនេះ ហើយ នីឡា ក៏ព្រមទទួលស្គាល់ថា នាងមានផ្ទៃពោះមុនរៀបការពិតមែន ព្រោះតែនាងនឹងស្វាមីចង់បានកូន ហើយនាងជាមនុស្សដែលពិបាកមានកូន។
ទោះយ៉ាងណា នៅថ្ងៃទី១២ នេះលោកតា វ៉ិចទ័រ បានបង្ហោះរូបភាព៣សន្លឹកនៅលើបណ្តាញសង្គម ដោយបានបញ្ជាក់ថា «ចៅទី2កូនរបស់កូនស្រីនីឡា។ សូមសុខសប្បាយណាចៅ..»។
ក្រោយពីបង្ហោះបែបនេះហើយ អ្នកគាំទ្រ ក៏បានចូលទៅខំមិនសម្តែងក្តីសាទរដល់លោក សុវណ្ណ រិទ្ធី និង នីឡា ផងដែរដែលទទួលបានគ្រាប់ពេជ្រប្រចាំជីវិតចូលមកក្នុងគ្រួសារ៕
សូមបញ្ចេញមតិនៅទីនេះ