រឿង សោភ័ណ្ឌ ទម្លាយថា ដីគ្រោងបើកក្លិបប្រដាល់នោះ ជាញើសឈាមដែលប្ដូរលើសង្វៀនជិត២០ឆ្នាំ
ជើងខ្លាំងរបស់កម្ពុជា រឿង សោភ័ណ្ឌ បានទម្លាយថា ក្លិបទីតាំងដីដែលខ្លួនគ្រោងបើកក្លិបប្រដាល់នោះ ជាកម្លាំងញើសឈាម ដែលរូបគេបានប្រឹងប្រែងយកសាច់ស្រស់ឈាមស្រស់ទៅប្ដូរ លើសង្វៀនអស់ជិត២០ឆ្នាំមកហើយ។
អ្នកលេងកណ្ដាប់ដៃមហាទម្ងន់ រឿង សោភ័ណ្ឌ កំពុងតែរៀបចំបង្កើតក្លិបប្រដាល់មួយ ដើម្បីបំពេញក្ដីស្រមៃរបស់ខ្លួន ត្បិតថារូបគេបានប្រលូកក្នុងវិស័យនេះអត់ជិត២០ឆ្នាំមកហើយ។ ក្រោយយកឈ្នះកីឡាករថៃ Manavthorng Lukchaoprakya នៅសង្វៀន PNN ក្នុងកម្មវិធី Ganzberg One Strike ជើងខ្លាំងរបស់កម្ពុជាខាងលើបានរៀបរាប់ពីការរៀបចំធ្វើក្លិបប្រដាល់របស់ខ្លួនថា បើគិតមកដល់ពេលនេះក្លិបរបស់គេបានរួចរាល់ខ្ទង់ប្រហែលជា ៥០ ភាគរយហើយ និយាយរួមគឺនៅសល់ដំបូល ដែលគិតជាប្រាក់ប្រហែលជា១ពាន់ដុល្លារអីទៀតរួចរាល់ហើយ។
ជើងខ្លាំងដែលធ្លាប់ឡើងសង្វៀនល្បាក់ជិត២០០ដងរូបនេះបានរៀបរាប់យ៉ាងដូច្នេះថា «បើនិយាយទៅខ្ញុំប្រលូកប្រដាល់ខ្ទង់១៧ឬ១៨ឆ្នាំអីហើយបង។ សម្រាប់ដីដែលគ្រោងបើកក្លិបប្រដាល់នោះជាកម្លាំងញើសឈាម ដែលកើតចេញពីការប្រលូកប្រដាល់សុទ្ធសាធតែម្ដង»។
ក្រៅពីការរៀបរាប់នៃការសាងសង់ក្លិប រឿង សោភ័ណ្ឌ ក៏បានអំពាវនាវទៅកាន់សប្បុរសជន ដែលស្រលាញ់ចូលចិត្តខ្លួន ពិសេសអ្នកដែលចង់ចូលរួមជួយគុនខ្មែរអាចធ្វើការទាក់ទងទៅកាន់គេបាន ដើម្បីចូលរួមជួយការសាងក្លិបដែលនៅសល់ឲ្យបានរួច១០០%។ ដោយគេបានលើកហេតុផលថា ក្លិបរបស់គេ នឹងជ្រើសរើសក្មេងដែលជួបការលំបាកមកបង្ហាត់ ដើម្បីសម្រួលដល់ជីវភាពក្មេងៗទាំងនោះផង និងគោលដៅលើកស្ទួយគុនខ្មែរផងដែរ៕
សូមបញ្ចេញមតិនៅទីនេះ