Real Madrid ឈ្នះមែន តែតារាឆ្នើមវ័យក្មេងរូបនេះ អន់ចិត្តនឹង Carlo Ancelotti ខ្លាំងណាស់
ក្លិបអធិរាជស Real Madrid បានបន្តកំណត់ត្រាឈ្នះ ៥ប្រកួតជាប់គ្នានៅ Laliga និងធានាបានបីពិន្ទុ បន្ទាប់ពីទទួលជ័យជម្នះ 4-1 លើក្រុម Mallorca ដែលធ្វើបានដោយកីឡាករ Federico Valverde, Rodrygo, Vinicius Jr និង Antonio Rudiger ។
ការឈ្នះនេះគឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ក្រុម Real Madrid ខណៈដែល Barcelona បានឡើងលើកំពូលតារាង កាលពីមួយថ្ងៃមុន បន្ទាប់ពីបានយកឈ្នះលើក្រុម Cadiz ក្នុងលទ្ធផល 4-0 ។ ឥឡូវនេះ ក្រុមអធិរាជស ត្រលប់មកកាន់កាប់កំពូលតារាងវិញហើយ។
ប៉ុន្តែខណៈដែលអ្នកគាំទ្រ Real Madrid សប្បាយចិត្តនឹងលទ្ធផលនេះ មិនមែនកីឡាករគ្រប់រូបហាក់ដូចជាសប្បាយចិត្តនៅថ្ងៃនោះទេ។ ជាក់ស្ដែង Marco Asensio បានខឹងសម្បារយ៉ាងខ្លាំងលើ Carlo Ancelotti ចំពោះការដាក់ខ្លួនឲ្យអង្គុយនៅកៅអីបម្រុង ក្នុងការប្រកួតជាមួយ Mallorca ដែលជាក្រុមចាស់របស់គេ។
ខ្សែបម្រើស្លាបសញ្ជាតិអេស្ប៉ាញ ត្រូវបានគ្រូបង្វឹកសញ្ជាតិអ៊ីតាលី ឲ្យឡើងទៅកម្តៅសាច់ដុំ ប៉ុន្តែមិនបានដូរចូលលេងឡើយ ហើយ Asensio បោះកន្សែងជូត និងទាត់ដបទឹកសុទ្ធ ជាមួយនឹងទឹកមុខមិនសប្បាយចិត្តជាខ្លាំង។
គួរបញ្ជាក់ថា Asensio ត្រូវបានគេរំពឹងថា នឹងចាកចេញពីក្លឹបនៅរដូវក្តៅនេះ ដោយនៅសល់កុងត្រាត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ហើយមានក្លិបធំៗជាច្រើនចង់បានរូបគេ ដូចជាក្លឹប Manchester United, Liverpool និង Arsenal៕
សូមបញ្ចេញមតិនៅទីនេះ