អង្គារ , 13 កញ្ញា 2022
ស្ងាត់ៗ សេន រ៉ានុត បើកហាងមាសធំមួយ ក្រោយសំងំលើទឹកដីអាម៉េរិក ជាង១០ឆ្នាំ
គិតចាប់តាំងពីតារាចម្រៀងលោក សេន រ៉ានុត បានបាត់មុខពីវិស័យសិល្បៈ ដោយសំងំរស់នៅលើទឹកដីសហរដ្ឋអាម៉េរិកមានរយៈពេលជាង១ទស្សវតរ៍មកហើយ ។ តែអ្វីដែលអ្នកគាំទ្ររួមទាំងមិត្តរួមអាជីព ភ្ញាក់ផ្អើលនោះគឺលោក សេន រ៉ានុត បានបើកហាងមាសធំមួយកន្លែង។ នេះបើតាមរូបភាពរបស់តារាចម្រៀងខាងលើបង្ហោះលើបណ្តាញសង្គមរបស់ខ្លួននៅក្នុងថ្ងៃទី១២កញ្ញានេះ។
អ្វីដែលអ្នកគាំទ្រ រួមទាំងមិត្តរួមអាជីពសិល្បៈរបស់លោក សេន រ៉ានុត មានការ ភ្ញាក់ផ្អើលនោះ នាយប់ថ្ងៃទី១២ ខែកញ្ញា តារាចម្រៀងរូបនេះ បានបង្ហោះរូបភាព ២សន្លឹកនៅលើបណ្តាញសង្គម ជាមួយហាងមាសមួយធំមិនធម្មតា មួយកន្លែង ដោយភ្ជាប់ចំណងជើងថា «លឿនណាស់ ស្ងាត់ៗជាង១០ឆ្នាំបាត់លើទឹកដីUSA» ដែលបញ្ជាក់ថា លោកក៏នឹករម្លឹកស្រុកខ្មែរដូចគ្នា ប៉ុន្តែលោកមិនទាន់មានឱកាសមកលេងស្រុកកំណើតប៉ុណ្ណោះ។
ទោះបីជាលោក សេន រ៉ានុត បានផ្ញើខ្លួននៅស្រុកគេពិតមែន តែបញ្ជាក់ឱ្យឃើញថា លោកខិតខំប្រឹងប្រែងរកស៊ី ទោះបីជាឃ្លាតឆ្ងាយពីអាជីពសិល្បៈ តែលោកមានសមត្ថភាពអាចបើកហាងមាសដ៏ធំមួយនៅលើទឹកដីប្រទេសមហាអំណាចសេដ្ឋកិច្ចដូចក្នុងរូបភាពទាំងនេះ ហើយលោកមិនបានបញ្ជាក់ប្រាប់ពីទុនដែលត្រូវចំណាយក្តី ក៏អាចបញ្ជាក់ឱ្យឃើញថាជីវិតតារាចម្រៀងល្បីឈ្មោះខ្លាំងអំឡុងឆ្នាំ២០០៨រូបនេះ កំពុងហ៊ឺហាខ្លាំងផងដែរ។
តារាចម្រៀង លោក សេន រ៉ានុត ទោះបីមានវ័យប្រមាណជិត៤០ឆ្នាំប្លាយក្តី តែលោកនៅតែសង្ហា រីឯទឹកដមសំនៀងរបស់លោកក៏នៅតែពីរោះមិនប្រែ ព្រោះកាលពី១ឆ្នាំមុន លោកវិលចូល សិល្បៈវិញដោយបានបញ្ចេញសំនៀងជូនមហាជនចំនួន២បទគឺ បទទី១ «អារម្មណ៍ខូចចិត្ត» និងបទទី២ «ពេលអូនយំពេលបងដើរចេញ» ដែលបានចេញនៅក្នុងផលិតកម្ម Zone Production។ ទោះយ៉ាងណា ការវិល ចូលសិល្បៈ របស់លោក លើកនេះ មិនបានឡើងតាមកម្មវិធី ផ្សេងៗនៅក្នុង ប្រទេសកម្ពុជា នោះទេ ព្រោះលោកកំពុងរស់នៅទឹកដីសហរដ្ឋ អាម៉េរិក ធ្វើឱ្យអ្នកគាំទ្រសោកស្តាយជាខ្លាំង។
គួរបញ្ជាក់ផងដែរថា លោក សេន រ៉ានុត មានឈ្មោះបោះសំឡេងខ្លាំងតាមរយៈបទចម្រៀង «ចិត្តខ្លែង», «ក្រោមមេឃតែមួយ», និង បទ «ទុកពេលសម្រាប់បង» ដែលបកស្រាយរួមជាមួយកញ្ញា សុខ ពិសី ជាដើម៕
សូមបញ្ចេញមតិនៅទីនេះ