ម៉ៃយ៉ា និងគូស្នេហ៍ភេទដូចគ្នា នៅតែផ្អែមល្ហែមមិនមានអ្នកណាមកបំបែកបាន !
ភ្នំពេញ ៖ តារាសម្តែង ម៉ៃយ៉ា និងគូស្នេហ៍ភេទដូចគ្នា នៅតែបណ្តើរគ្នាទៅចូលរួមកម្មវិធីនានាយ៉ាងផ្អែមល្ហែមបំផុត ទោះបីជាកន្លងមកហើយលេចលឺព័ត៌មានថា មានអ្នកចង់ចូលមកជ្រៀតជ្រែកស្នេហាអ្នកទាំងពីរក្តី ក៏មិនអាចធ្វើឱ្យពួកគេបែកគ្នាបាននោះទេ ដោយសារអ្នកទាំងពីរស្រឡាញ់គ្នាខ្លាំងចាក់ទឹកមិនលិច។
នៅក្នុងកម្មវិធីជួបជុំមួយកាលពីពេលថ្មីៗនេះ ម៉ៃយ៉ា បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ហើយបណ្តើរដៃគូស្នេហារបស់ខ្លួនទៅចូលរួមយ៉ាងត្រសង ដែលទទួលបានការសរសើរយ៉ាងខ្លាំងពីមិត្តភក្តិ រហូតមានមិត្តភក្តិជាច្រើនបានចោលសំនួរទៅកាន់ ម៉ៃយ៉ា ថា តើពេលណានាងសម្រេចចិត្តរៀបការ ? ជាក់ស្តែងពីមួយថ្ងៃទៅមួយថ្ងៃ ចំណងស្នេហ៍ខុសធម្មជាតិរវាង ម៉ៃយ៉ា និងគូស្នេហ៍ កាន់តែមានភាពផ្អែមល្ហែមនិងស្រឡាញ់គ្នាដូចជាប្តីប្រពន្ធ ។
ចំពោះរឿងនេះផងដែរតារាសម្តែងខាងលើ បានត្រឹមតែញញឹមនិងឆ្លើយតបទៅកាន់មិត្តភក្តិថា មិនទាន់មានគម្រោងនោះទេ។
បើនិយាយពីសម្រស់វិញ ម៉ៃយ៉ា ជាតារាស្រីមួយរូបដែលមានសម្រស់ស្រស់សោភាគួរជាទីគួយគន់ និងមានបុរសជាច្រើនប្រាថ្នាចង់បាននាងជាគូ កន្លងមកមានបុរសជាច្រើនតាមសុំស្នេហ៍ និងសុំឱ្យនាងបែកគ្នាជាមួយគូស្នេហ៍ភេទដូចគ្នា ប៉ុន្តែ ម៉ៃយ៉ា មិនចាប់អារម្មណ៍ពីបុរសទាំងនោះទេ នាងនៅតែបង្ហាញក្តីស្រឡាញ់ និងទំនុកចិត្តដែលខ្លួនមានចំពោះគូស្នេហ៍ខ្លួនដូចដើម មិនថាមានបុរសមានរូបសង្ហា អ្នកមានទ្រព្យសម្បត្តិស្តុកស្តមប៉ុណ្ណា ចង់បាននាងធ្វើជាគូ គឺនាងបដិសេធទាំងអស់ ដូច្នេះហើយកាន់តែធ្វើឱ្យជីវិតស្នេហានាងកាន់តែរឹងមាំឡើង ។
បន្ថែមពីនេះ ក្តីស្នេហារវាងតារាសម្តែងកូនកាត់អាល្លឺម៉ង់ ម៉ៃយ៉ា ជាមួយអ្នកនាង ពេជ្រ ដែលជាគូស្នេហ៍ អ្នកទាំងពីរបានឆ្លងកាត់ការលំបាកជាច្រើនជាមួយគ្នា មិនថាថ្ងៃមុខជីវិតស្នេហានាងជួបនូវឧបសគ្គអ្វីនោះទេ នាងបេ្តជ្ញាចិត្តតស៊ូកាន់ដៃគ្នាដើរទៅមុខមិនរុញរា ។
គូសបញ្ជាក់ផងដែរថា បច្ចុប្បន្នសិល្បករដែលមានស្នេហាភេទដូចគ្នាមានច្រើនជាហូរហែ ហើយពួកគេក៏មិនលាក់បាំងភ្នែកមហាជនដូចមុនឡើយ ដោយពួកគេម្នាក់ៗបានបើកចំហរពីដៃគូរបស់ខ្លួន ជាក់ស្តែងក្រៅពី ម៉ៃយ៉ា ក៏មាន លី អ៊ីវ៉ាធីណា , អេនី ហ្សាម និងតារាផ្សេងៗទៀត ...៕
សូមបញ្ចេញមតិនៅទីនេះ