ពុធ , 14 កញ្ញា 2022
ម្ចាស់បទ “មនុស្សបែកគ្នាហើយមិនជួបគ្នាវិញទេ” ធី ណាន់រតនា ផ្អាកអាជីពចម្រៀង ងាកមកបង្កើតក្រុមផលិតរឿងខ្លី
តារាចម្រៀងស្រករក្រោយកញ្ញា ធី ណាន់រតនា បានឈានជើងចូលប្រឡូកអាជីពចម្រៀងនៅក្នុងផលិតកម្ម សាស្តា បានរយៈពេលប្រមាណជា១ឆ្នាំ តារាស្រីរូបនេះក៏បាត់មុខទៅវិញ ដោយមិនដឹងមូលហេតុ។ ទើបតែថ្មីៗនេះកញ្ញា ធីណាន់ រតនា បានបង្ហាញវត្តមានេះថ្មី ដោយបានធ្វើកុងត្រាឱ្យក្រុមហ៊ុន Spy និង បង្កើត Team ផលិតវីដេអូឃ្លិបខ្លីៗ ដែលមានឈ្មោះថា Nan Rothana Team ។
ផ្តល់បទសម្ភាសជាមួយ Lee News កញ្ញា Thy Nan Rothana មិនបានរៀបរាប់ប្រាប់ពីហេតុផលដែលនាងដកខ្លួនចេញពីផលិតកម្ម សាស្តា កាលពីបីឆ្នាំមុននោះទេ ដោយកញ្ញាគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា មិនអាចបន្តទៀតបាន ហើយគាប់ជួនបញ្ហាជំងឺកូវីដរីករាលដាលខ្លាំង ទើបធ្វើឱ្យកញ្ញាមិនសូវមានពេលវេលា ឬការងារសិល្បៈ ដើម្បីបង្ហាញមុខដល់អ្នកគាំទ្រខ្លួនបានឃើញវត្តមាន។
តារស្រីរូបននេះបន្តថា ក្រោយពីបញ្ហាជំងឺខាងលើបានធូរស្បើយនាងក៏បានវិលចូលមកប្រឡូកអាជីពសិល្បៈជាថ្មី ដោយបានដាក់ពាក្យចូលប្រលងចម្រៀងក្នុងកម្មវិធីរបស់ក្រុមហ៊ុន Spy និងបានជាប់ចំណាត់ថ្នាក់លេខ២ ហើយក៏បានធ្វើកុងត្រា រយៈពេលមួយឆ្នាំជាមួយក្រុមហ៊ុនខាងលើ ហើយឆាប់ៗខាងមុខនេះបទចម្រៀងថ្មីរបស់នាងក៏នឹងចេញលើទីផ្សារ ដើម្បីស្វាគមន៍បងប្អូនជាថ្មីម្តងទៀត។
តារាចម្រៀងរូបវ័យ២៤ឆ្នាំរូបនេះបន្តថា ព្រោះតែការងារសិល្បៈហាក់ស្ងៀមស្ងាត់មួយរយៈមកនេះ នាងក៏បានងាកមកបង្កើតក្រុមផលិតវីដេអូខ្លី សម្រាប់ដាក់នៅលើបណ្តាញសង្គមវិញម្តង ហើយក្រុមដែលនាងបានបង្កើតនោះ មានឈ្មោះថា Nan Rothana Team ។ តារាស្រីញញឹមស្រស់រូបនេះបន្តថា សម្រាប់ការងារថ្មីនេះ គឺទទួលបានជោគជ័យល្អប្រសើរព្រោះទទួលបាន project ពីបណ្តារក្រុមហ៊ុនផលិតផលផ្សេងៗ គេជួយឧបត្ថម្ភជាហូរហែរ ដែលធ្វើឱ្យក្រុមរបស់នាងមានកំលាំងចិត្តបន្តការងារនេះ កាន់តែខ្លាំងឡើង ។
តារាជើងថ្មីខាងលើកបន្តថា មិនថា រឿងខ្លីប្រភេទណាទេ ក្រុមនាងអាចផលិតបាន តាមតម្រូវការរបស់អតិថិជន ដែលចង់បាន សម្រាប់ជាការប្រម៉ូដផ្សព្វផ្សាយផលិតផលអ្វីមួយ ព្រោះក្រុមនាងមានទាំងអ្នកបច្ចេកទេសផ្នែកបណ្តាញសង្គម និងអ្នកសម្តែងផងដែរ៕
សូមបញ្ចេញមតិនៅទីនេះ