យប់មិញនេះ ក្រុមជម្រើសជាតិបង់ក្លាដេស មកដល់កម្ពុជាហើយ ពោលគឺ ១អាទិត្យ មុនការប្រកួតមិត្តភាពអន្តរជាតិចាប់ផ្តើម
នៅយប់ថ្ងៃព្រហស្បត្តិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២ ក្រុមបាល់ទាត់ជម្រើសជាតិបង់ក្លាដេស ធ្វើដំណើរមកដល់រាជធានីភ្នំពេញ ប្រទេសកម្ពុជាហើយ ពោលគឺ ១សប្ដាហ៍ មុនការប្រកួតមិត្តភាពអន្តរជាតិ MinebeaMitsumi ទល់នឹងក្រុមជម្រើសជាតិកម្ពុជា ដែលឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានមរតកតេជោ។
មែនទែនទៅ ការជួបគ្នារវាងក្រុមគោព្រៃកម្ពុជា ជាមួយក្រុមជម្រើសជាតិបង់ក្លាដេស មិនមែនជាលើកទី១ នោះទេ ពោលគឺក្រុមទាំងពីរធ្លាប់ជួបគ្នា ៤ លើកមកហើយ ដោយក្នុងនោះក្រុមជម្រើសជាតិកម្ពុជា មិនដែលឈ្នះបង់ក្លាដែស នោះទេ គឺចាញ់៣ និងស្មើ១លើក៖
– កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០០៦ បង់ក្លាដែស ២-១ កម្ពុជា ពាន AFC Challenge Cup
– កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០០៧ បង់ក្លាដែស ១-១ កម្ពុជា ពាន Nehru Cup
– កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០០៩ បង់ក្លាដែស ១-០ កម្ពុជា ការប្រកួតមិត្តភាពអន្តរជាតិ
– កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ កម្ពុជា ០-១ បង់ក្លាដែស ការប្រកួតមិត្តភាពអន្តរជាតិ។
ជំនួបចុងក្រោយរបស់ក្រុមជម្រើសជាតិបង់ក្លា មុនពេលប៉ះក្រុមគោព្រៃកម្ពុជា គឺបានចាញ់ក្រុមជម្រើសជាតិម៉ាឡេស៊ី ក្នុងលទ្ធផល ៤-១ ក្នុងវគ្គជម្រុះ ASIAN CUP កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនៅកីឡដ្ឋាន Nasional Bukit Jalil នាប្រទេសម៉ាឡេស៊ី។
គួរបញ្ជាក់ថា បន្ទាប់ពីប្រកួតមិត្តជាមួយក្រុមជម្រើសជាតិកម្ពុជារួច ក្រុមជម្រើសជាតិបង់ក្លាដែស ក្រោមការដឹកនាំរបស់លោក Javier Fernández Cabrera នឹងត្រូវធ្វើដំណើរទៅប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិនេប៉ាល នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ៕
សូមបញ្ចេញមតិនៅទីនេះ