លោក Lee Wooyoung គ្រូបង្គោល U23 ជប៉ុន ថា ការប្រកួតថ្ងៃស្អែកគឺលោកចង់ឈ្នះ
នៅក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតមិត្តភាពអន្តរជាតិ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ស្អែកនេះរវាងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ ទល់នឹង ក្រុមជម្រើសជាតិជប៉ុនអាយុក្រោម២៣ឆ្នាំ វេលាម៉ោង៧:០០នាទីយប់ នៅពហុកីឡដ្ឋានមរតកតេជោ។
លោក Lee Wooyoung គ្រូបង្គោល U23 ជប៉ុន បានថ្លែងថា៖«ក្រុមរបស់យើង មិនមែនជាឈុតកីឡាករអាជីពទាំងអស់គ្នានោះទេ ពោលពួកគេជាកីឡាករឈុតសកលវិទ្យាល័យ ប៉ុន្តែការប្រកួតថ្ងៃស្អែក គឺជាការប្រកួតមួយដ៍សំខាន់ និងចង់ទទួលបានលទ្ធផលល្អត្រលប់មកវិញ»។
លោកបន្តថា «កីឡាករទាំងអស់ មានអាយុចាប់ពី១៩ឆ្នាំ ដល់២១ឆ្នាំ យ៉ាងច្រើន ២២ឆ្នាំ ហើយឆ្នាំក្រោយនៅពេលពួកគេបញ្ចប់សកលវិទ្យាល័យនោះ ពួកគេនឹងចូលរួមក្រុមដែលស្ថិតនៅក្របខណ្ឌ J1 League លីគកំពូលជប៉ុន ដោយសារពួកគេសុទ្ធតែជាកីឡាករមានសក្តានុពល»។
លោកបន្តទៀតថា៖«ការប្រកួតថ្ងៃស្អែកគឺយើងចង់ឈ្នះ ដើម្បីបង្ហាញថា សិស្សសកលវិទ្យាល័យអាចយកឈ្នះកីឡាករលំដាប់កំពូលៗនៅប្រទេសកម្ពុជាបាន»។
ប៉ុន្តែយ៉ាងណាមិញ លោក Lee Wooyoung ក៏សរសើរថា បច្ចុប្បន្ន បាល់ទាត់នៅប្រទេសកម្ពុជា មានការរីកចម្រើនខ្លាំងផងដែរ៕
សូមបញ្ចេញមតិនៅទីនេះ