ច័ន្ទ , 19 កញ្ញា 2022
អេដា ម្ចាស់បទ «ពីរនាក់បានហើយ» មានផ្ទៃពោះហើយ ក្រោយភ្ជាប់ ពាក្យបានជិត៥ខែ
តារាចម្រៀង Original Song ដ៏ល្បីឈ្មោះ អ្នកនាង អេដា បានធ្វើឱ្យអ្នកគាំទ្រ ភ្ញាក់ផ្អើល និងសម្តែងក្តីសាទរយ៉ាងខ្លាំង បន្ទាប់ពីនាងបានប្រកាស នៅលើគណនី IG កាលពីពេលថ្មីៗនេះ ជាមួយរូប ថតអេកូ ផ្ទៃពោះ ដែលអាចបញ្ជាក់បានថា តារាស្រីរូបនេះ កំពុងពរពោះជា លើកដំបូងហើយបន្ទាប់ពីភ្ជាប់ពាក្យកាលពីខែមេសា កន្លងមកនេះ។
មហាជនជ្រាបមកហើយថា តារាចម្រៀង អេដា មិនសូវបានបង្ហាញមុខក្នុងអាជីពសិល្បៈញឹកញាប់នោះទេចាប់តាំងពីរូបនាង ភ្ជាប់ពាក្យជាមួយគូស្នេហ៍គឺលោក តាន់ អេលែន កាលពី២៣ ខែមេសា ឆ្នាំ២០២២ ដែលបានស្វែងយល់ចិត្តគ្នាអស់រយៈពេលច្រើនមក ដោយសង្ងំរស់នៅជាមួយគ្រួសារយ៉ាងមានសុភមង្គល ។
ទោះយ៉ាងណា អ្វីដែលធ្វើឱ្យអ្នកគាំទ្រ រំភើបចិត្ត និងសម្តែងក្តីត្រេកអរចំពោះតារា ចម្រៀង អេដា ដែលបានប្រកាសកាលពីថ្ងៃទី១៨ ខែកញ្ញា នៅលើគណនី IG ជាមួយរូបភាព៣សន្លឹកដែលនាងនឹងគូដណ្តឹងនៅមន្ទីរពេទ្យក្នុងប្រទេសថៃ ថតអេកូ គឺនាងកំពុងតែមានផ្ទៃពោះហើយ បន្ទាប់ពីភ្ជាប់ពាក្យជិតបាន៥ខែ។
នៅលើគណនី ហ្វេកប៊ុកវិញ អ្នកនាង អេដា បានបង្ហាញអារម្មណ៍ក្នុងនាមជិតក្លាយជាម្តាយថា «ដរាបណាបេះដូងរបស់យើងពោរពេញទៅដោយក្តីស្រលាញ់ ជីវិតរបស់យើង នឹងជួបតែភាពរីករាយហើយសុភមង្គលដែលមិនអាចកាត់ថ្លៃបានមួយទៀត ក៏កំពុងតែធ្វើដំណើរមករកពួកយើងផងដែរ អរគុណសំរាប់ការប្រទានពរជ័យមួយនេះ»។
ដំណឹងនេះក៏បានធ្វើឱ្យអ្នកគាំទ្រ រួមទាំងមិត្តរួមអាជីពសិល្បៈ បានបង្ហាញអារម្មណ៍រំភើប និងសម្តែងក្តីត្រេកអរចំពោះ ចំពោះអ្នកទាំងពីរផងដែរ គួរបញ្ជាក់ផងដែរថា តារាចម្រៀង Original Song អេដា បានសាងភាពល្បីល្បាញតាមរយៈបទចម្រៀងមានដូចជា «នៅទីនេះកំពុងមានមនុស្សខូចចិត្ត» «ពីរនាក់បានហើយ» «ភ្លើង» និងបទ «រាត្រីចុងក្រោយ» ជាដើម៕
សូមបញ្ចេញមតិនៅទីនេះ