អង្គារ , 20 កញ្ញា 2022
ទោះមានឱកាសក៏ វ៉ាន់ វឿន មិនចង់ផ្ដួល សៀវ ង៉ុយ ដែរកាលពីចុងសប្ដាហ៍មុនព្រោះតែហេតុផល១នេះ
វ៉ាន់ វឿន បានរៀបរាប់ទាំងទឹកមុខអាណិតថា បើទោះមានឱកាសក៏គេមិនចង់ផ្ដួល សៀវ ង៉ុយ ដែរ ព្រោះតែហេតុផល រៀមច្បងរូបនេះធ្លាប់បណ្ដុះបណ្ដាលខ្លួនកាលចូលប្រលូកអាជីពប្រដាល់ដំបូងៗ។ ការលើកឡើងនេះក្រោយពេលម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេមពីរសម័យបានយកឈ្នះ សិស្សច្បងដោយពិន្ទុក្នុងកម្មវិធីប្រដាល់ដណ្ដើមផ្ទះវិឡារបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅសង្វៀន ព្រែកកំពឹស។
កីឡាករសម្បូរតិចនិកបានឲ្យដឹងថា ខ្លួនគ្មានបំណងផ្ដួល សៀវ ង៉ុយ ឡើយ ព្រោះបានចាត់ទុកកីឡាករចាស់វស្សារូបនេះប្រៀបដូចជាបងប្រុស ក្រៅពីនេះគេក៏ធ្លាប់ហូបហាយជុំគ្នាកាលចូលប្រលូកប្រដាល់ដំបូងៗ ដើរតាមឲ្យទឹកសិស្សគ្នាទៅវិញទៅមក។ និយាយទៅគឺមានអនុស្សាវរីយ៍ជាមួយគ្នាច្រើន ដែលធ្វើឲ្យសិស្សប្អូននៅតែរក្សាការផ្ដល់តម្លៃឲ្យសិស្សច្បងជានិច្ច។
កីឡាករដែលបានចេញទៅប្រកួតស៊ីហ្គេមលើកទី៣១នៅវៀតណាមខាងលើដដែលបន្ថែមថា គេសឹងតែមិនជឿ បានប្រកួតទល់មុខគ្នាជាមួយមនុស្សដែលគេធ្លាប់គោរពស្រលាញ់ដូច្នេះ ។ ប៉ុន្តែធ្វើម៉េចបើការប្រកួតនេះកម្រិតខ្សែក្រវាត់ ហើយពិសេសក៏មិនអាចមិនប្រកួតបាន ជាងនេះទៅទៀតការប្រកួតត្រូវតែបញ្ចេញឲ្យអស់ពីសមត្ថភាព។
គួររម្លឹកថា វ៉ាន់ វឿន និង សៀវ ង៉ុយ បច្ចុប្បន្នដ្បិតថាធ្លាប់ហាត់ជាមួយគ្នា ប៉ុន្តែពេលនេះអ្នកទាំងពីរមានក្លិបហាត់ផ្សេងគ្នា ពោលម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម២សម័យ ហាត់នៅក្លិបឃ្លាំងមឿងកីឡា ខណៈ សៀវ ង៉ុយ ហាត់នៅក្លិប អភិរក្សគុនខ្មែររុងរឿង។ គិតត្រឹមពេលនេះបេក្ខភាពប្រកួតដណ្ដើមខ្សែក្រវាត់ និង ផ្ទះវិឡា របស់ TV5 កីឡាករអ្នកមាន៣ពិន្ទុក្នុងដៃ គឺ វ៉ាន់ វឿន ក្រោយឈ្នះ សៀវ ង៉ុយ ដោយពិន្ទុខណៈ ឈិត សេរីវណ្ណថង ក៏មាន៣ពិន្ទុក្នុងដៃដូចគ្នា បន្ទាប់ពីផ្ដួលសិស្សប្អូន រិន ដាវិត ក្នុងទឹកទី២៕
សូមបញ្ចេញមតិនៅទីនេះ