កាន់តែក្ដៅហើយ! Atletico Madrid ថ្កោលទោសអ្នកគាំទ្ររបស់ខ្លួន ដែលរើសអើង Vinicius Jr
ក្លិបបាល់ទាត់ Atletico Madrid បានថ្កោលទោសការស្រែកថា "មិនអាចទទួលយកបាន" ដោយអ្នកគាំទ្ររបស់ខ្លួន លើ Vinicius Junior របស់ Real Madrid នៅខាងក្រៅកីឡដ្ឋានរបស់ពួកគេ មុនពេលការប្រកួត La Liga derby កាលថ្ងៃអាទិត្យ។
ជាការពិតណាស់ អ្នកគាំទ្រមួយចំនួនរបស់ក្លិប Atletico Madrid បានច្រៀងបទរើសអើងជាតិសាសន៍ ពេលចូលទៅក្នុងកីឡាដ្ឋាន Wanda Metropolitano មុនពេល Real បានយកឈ្នះ ២-១ លើក្រុមម្ចាស់ផ្ទះ។
ជុំវិញបញ្ហាដែលកំពុងរសើបនេះ Atletico Madrid បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖« ការស្រែកទាំងនេះ ធ្វើឱ្យមានការរើសអើង និងកំហឹងយ៉ាងខ្លាំង។ ដូច្នេះយើងនឹងមិនអនុញ្ញាតឱ្យបុគ្គលណាម្នាក់លាក់ខ្លួននៅពីក្រោយយើង ដើម្បីនិយាយប្រកាន់ពូជសាសន៍នោះទេ»។
គួររំឡឹកថា កាលពីថ្ងៃច័ន្ទ La Liga បានថ្កោលទោសសកម្មភាពនេះ ហើយបាននិយាយថា យើងនឹងធ្វើការជាមួយអាជ្ញាធរ ដើម្បីកំណត់អត្តសញ្ញាណ និងនាំមកយុត្តិធម៌សម្រាប់ Vinicius Junior។
មែនទែនទៅ ការរើសអើងនេះបានកើតឡើង បន្ទាប់ពីការអត្ថាធិប្បាយរបស់ប្រធានក្រុម At Madrid Koke ដោយបានិយាយថា៖ «ប្រសិនណាបើកីឡាករប្រេស៊ីល Vinicius JR តែហ៊ានរាំចាក់ក្បាច់រញ៉េរញ៉ៃពេលស៊ុតចូលក្រុមខ្លួន នោះ Vinicius JR ដឹងតែត្រូវហើយ»។
ចាប់តាំងពីពេលនោះមក កីឡាករស្បែកខ្មៅរបស់ Real Madrid ត្រូវបានទទួលរងការរំលោភបំពានពូជសាសន៍ទាំងតាមអ៊ីនធឺណិត និងផ្ទាល់។
យ៉ាងណាមិញ ក្លិប Real Madrid មិនអាចឈរអោបដៃមើលទង្វើរើសអើងនេះបានទេ ហើយក្លិបកំពុងរៀបចំឯកសារ និងអនុវត្តន៍តាមវិធានការច្បាប់ ចំពោះជនទាំងឡាយណាដែលមានការរើសអើងចំពោះកីឡាកររបស់ខ្លួន៕
សូមបញ្ចេញមតិនៅទីនេះ