អេលីត សាន់ បញ្ជាក់ហើយថា មិនចង់ប៉ះ ពេជ្រ សម្បតិ្តទេ លើកលែងតែ…
បន្ទាប់ពីឃើញ ពេជ្រ សម្បតិ្ត ហាក់មានសមត្ថភាពកើនឡើងខ្លាំងឈ្នះជាប់ៗគ្នា ប្រិយមិត្តអ្នកស្នេហាវិស័យគុនខ្មែរបានបង្ហាញទស្សនៈចង់ឃើញ ជើងខ្លាំងល្អដៃរូបនេះប៉ះសិស្សគុនខ្មែររបស់ក្លិបនាយកដ្ឋានអង្គរក្ស អេលីត សាន់ ។
បន្ទាប់ពីមានការផ្គូផ្គងក្រៅផ្លូវការ ហើយដំណឹងនេះបានលេចឮដល់សាមីខ្លួន អ្នកលេងកណ្ដាប់ដៃមានរហស្សនាម « គីងកុង » បានចេញមុខមកបញ្ជាក់ថា ខ្លួនមិនចង់ប៉ះកីឡាករខ្មែរដូចគ្នាទេ លើកលែងតែវាជាកម្មវិធីដែលរៀបចំលក្ខណៈធំៗ ដូចជាខ្សែក្រវាត់ជាដើម ទើបព្រមទទួលការប្រកួតនេះ។ បើគ្រាន់តែជាការផ្គូផ្គងឲ្យប៉ះគ្នាក្នុងនាមគូមិត្តភាព ខ្មែរ និងខ្មែរ នោះកីឡាករវ័យ២៥ ឆ្នាំ នឹងមិនព្រមទទួលយកការប្រកួតនោះឡើយ។
គួររម្លឹកថា អេលីត សាន់ កំពុងឡើងកូដខ្លាំងមែនទែន ដោយបានយកឈ្នះ១៥ប្រកួតជាប់ៗគ្នាក្នុងនោះ បូកបញ្ចូលទាំងការប្រកួតនៅ PNN ដែលទើបផ្ដួលកីឡាករថៃឲ្យបោះបង់ការប្រកួតត្រឹមទឹកទី២ក្នុងកម្មវិធី Ganzberg One Strike ។ ចំណែក ពេជ្រ សម្បត្តិ ក៏កំពុងតែធ្វើព្យុះភ្លៀងក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាមនេះដែរ ពោលគឺនឹងត្រូវប៉ះ ធន់ ផានិត ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដណ្ដើមខ្សែក្រវាត់ ខារ៉ាបាវ សង្វៀនស្ទឹងមានជ័យ៕
សូមបញ្ចេញមតិនៅទីនេះ