អ្នកស្នេហាគុនខ្មែរផ្ទុះការវែកញែករឿងតម្លៃខ្លួនកីឡាករទៅវ៉ៃ Thai Fight កាន់តែថោកពីមួយឆ្នាំទៅមួយឆ្នាំ
ប្រិយមិត្តអ្នកស្នេហាគុនខ្មែរកំពុងតែផ្ទុះការវែកញែករឿងកីឡាករកម្ពុជាទៅវាយនៅ Thai Fight បានតម្លៃខ្លួនថោក ចាញ់កាលជំនាន់កីឡាករចាស់ៗដូចជា កែវ រំចង់ , សេន ប៊ុនថេន, កូននាគ វង្ស ណយ, អ៊ុង វីរៈ, ពេជ្រ សីហា និង ផល សោភ័ណ្ឌ ជាដើម...។
ដើមហេតុនៃការផ្ទុះការវែកញែកបន្ទាប់ពីថ្មីៗនេះត្រូវបានគេដឹងថា កីឡាករកម្ពុជាកម្ពុជាចំនួន២រូប ធន់ រិទ្ធី និង ធន់ ចាន់តាក់ នឹងត្រូវទៅប្រកួតក្នុងកម្មវិធីលំដាប់ធំមួយរបស់ថៃគឺ Thai Fight ដែលអ្នកទាំងពីរត្រូវបានលោក សំណព្វ អ្នកនាំកីឡាករខ្មែរទៅវាយនោះបានទម្លាយតម្លៃខ្លួនថា «មិនក្រោម៦៥០$ »។ ជាមួយគ្នានោះលោក ស៊ន អេលីត គ្រូបង្វឹករបស់ក្លិបនាយកដ្ឋានអង្គរក្សក៏បានទម្លាយដែរថា កាលពីពេលថ្មីៗមានមនុស្សម្នាក់ទាក់ទងមកខ្លួន ដើម្បីសួរនាំកីឡាករកម្ពុជា ម៉ឹន សុខហ៊ុច ទៅវាយនៅក្នុងកម្មវិធី Thai Fight ដែរ ប៉ុន្តែហ៊ានផ្ដល់តម្លៃខ្លួនដល់កីឡាករកម្ពុជាត្រឹម ២ម៉ឺនបាត គិតជាលុយដុល្លារប្រមាណជា ៥៤០ ដុល្លារអាមេរិកតែប៉ុណ្ណោះ។ ក្រោយបានឮខាងថៃផ្ដល់តម្លៃខ្លួនថោក ហើយឲ្យទៅប៉ះកីឡាករលំដាប់ថៃគ្រូបង្វឹកដដែលមិនពេញចិត្តឡើយ នឹងបានពោលពាក្យមួយឃ្លាថា «លោកមិនឲ្យទៅវាយជាដាច់ខាត សុខចិត្តបិទក្លិបចោល។ ...ហេតុអីថៃផ្ដល់តម្លៃខ្លួនកីឡាករខ្មែរថោកយ៉ាងនេះ? »។
ក្រោយរឿងនេះផ្ទុះឡើងអតីតអ្នកលេងកណ្ដាប់ដៃថ្ម ពេជ្រ សីហា ទម្លាយថា ខ្លួនធ្លាប់ទៅវាយទទួលបានតម្លៃខ្លួនចំនួន១៥០០ ដុល្លារកាលឆ្នាំ២០១២។ ជុំវិញរឿងនេះលោក ពេជ្រ សុផាន់ គ្រូរបស់ ពេជ្រ សីហា បញ្ចេញទស្សនៈមកថា «ខ្ញុំធ្លាប់យក ពេជ្រ សីហា ទៅវាយនៅ Thai Fight ទទួលបាន១៥០០ ដុល្លារកាលឆ្នាំ២០១២ ហេតុអី១០ឆ្នាំក្រោយឆ្នាំ២០២២ តម្លៃខ្លួនកីឡាករខ្មែរយើងធ្លាក់ចុះខ្លាំងយ៉ាងនេះ»។ មិនខុសគ្នាប៉ុន្មានទេ កាលជំនាន់ កែវ រំចង់ ទៅវាយនៅ Thai Fight ឆ្នាំ២០១៦ ក៏ធ្លាប់ទទួលបានចំនួន២០០០ ដុល្លារ។ ដោយឡែកកីឡាករផ្សេងៗទៀតដូចជា សេន ប៊ុនថេន , កូននាគ វង្ស ណយ, អ៊ុង វីរៈ និង ផល សោភ័ណ្ឌ ក៏មិនខុសគ្នាប៉ុន្មានដែរកាលជំនាន់នោះ។
ជុំវិញករណីខាងលើក៏ត្រូវបានមហាជនអ្នកស្នេហាគុនខ្មែរជាច្រើនខំមិនឆ្លើយឆ្លងគ្នាទៅវិញទៅមក បង្កើតបានជាវេទិកាវែកញែកអ្នកខ្លះថា បើគេឲ្យថោកមិនបាច់ទៅវាយទេ ហើយអ្នកខ្លះទៀតគិតថា ថៃមើលងាយ ជាដើម៕
សូមបញ្ចេញមតិនៅទីនេះ