Ramos សង្ឃឹមថា គ្រូបង្វឹកអេស្ប៉ាញ នឹងមើលឃើញខ្លួនមុន World Cup មកដល់
ខ្សែការពារ Sergio Ramos សង្ឃឹមថា គ្រូរបស់ជម្រើសជាតិអេស្ប៉ាញលោក Luis Enrique នឹងមើលឃើញខ្លួនមុនព្រឹត្តិការណ៍ World Cup នៅប្រទេសកាតាមកដល់។
កីឡាកររបស់ក្លិប PSG ខាងលើបានបង្ហាញការខកចិត្ត ក្រោយពេលលោក Enrique មិនចុចឈ្មោះរបស់ខ្លួនដើម្បីលេងពាន Nations League ទល់នឹងស្វីសនិងព័រទុយហ្គាល់ក្នុងពេលខាងមុខ។ កីឡាករល្អៗមួយចំនួនដូចជា Thiago Alcantara និង Ansu Fati ក៏មិនត្រូវបានលោក Enrique កោះហៅចូលជម្រើសជាតិដែរ។
ចាប់ផ្ដើមរដូវកាលថ្មី Ramos បានបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ជម្រើសដំបូង១០ប្រកួតក្នុងចំណោម១១ប្រកួតគិតគ្រប់កម្មវិធីរបស់ PSG រកបានមួយគ្រាប់និងបិទមិនឲ្យមានគ្រាប់៦ប្រកួត។ ត្បិតលេងល្អតែមិនត្រូវបានគ្រូកោះហៅ អតីតកីឡាកររបស់ Real Madrid រូបនេះបានបង្ហាញអារម្មណ៍សោកស្ដាយដែលមិនបានលេងពាន Nations League។
ទោះជាយ៉ាងណា ក្ដីសង្ឃឹមរបស់ Ramos មិនទាន់អស់នៅឡើយទេ គេនឹងប្ដេជ្ញាបន្តបង្ហាញទម្រង់លេងឲ្យកាន់តែល្អ និងអាចជាប់ក្នុងជម្រើសរបស់លោក Enrique ឡើងវិញមុនព្រឹត្តិការណ៍ World Cup 2020 មកដល់នៅខែវិច្ឆិកា៕
សូមបញ្ចេញមតិនៅទីនេះ