Floyd បានចំណូលជាង២០លានដុល្លារ ក្រោយផ្ដួលកីឡាករជប៉ុនផុយៗ
(ប្រដាល់)៖កាលពីចុងសប្ដាហ៍ អ្នកប្រដាល់អាមេរិក Floyd Mayweather បានផ្ដួលកីឡាករជប៉ុន Mikuru Asakura ត្រឹមទឹកទីពីរក្នុងការប្រកួតបែបមិត្តភាព។
ក្នុងការប្រកួតដែលរៀបចំត្រឹមតែ៣ទឹក Floyd បានម៉ាត់ Mikuru ចូលមុខពេញនៅចុងទឹក២ ធ្វើឲ្យអាជ្ញាកណ្ដាលរាប់ដល់១០បញ្ចប់ការប្រកួតតែម្ដង។ តាមពិតទៅ Mikuru ជាកីឡាករអាជីពគុនចម្រុះទេ ហើយនេះជាលើកដំបូងដែលគេមកប្រកួតបែបសកល។
ក្រោយបញ្ចប់ការប្រកួត Floyd ត្រូវបានគេដឹងថា ទទួលបានចំណូលពីការប្រកួតខាងលើ២១,៥លានដុល្លារឯណោះ។ រឿងពិសេសមួយទៀត អតីតអ្នកប្រដាល់ជើងខ្លាំងរបស់អាស៊ី Manny Pacquiao ក៏បានទៅទស្សនាការប្រកួតរបស់ Floyd ក្នុងនាមជាភ្ញៀវកិត្តិយស។
បន្ទាប់ពីឈ្នះងាយៗ Floyd Mayweather បាននិយាយថា៖ “ខ្ញុំសប្បាយចិត្តដែលពួកយើងអាចផ្ដល់ឲ្យអ្នកគាំទ្រនូវការប្រកួតដ៏រំភើប។ អរគុណដែលផ្ដល់ឱកាសឲ្យខ្ញុំមកទីនេះ។ ខ្ញុំនឹងត្រឡប់មកវិញម្ដងទៀត។ វីរបុរសផ្សេងទៀតក៏បានមកទីនេះ ម្ចាស់ខ្សែក្រវាត់ពិភពលោក៨ស្ថាប័នផ្សេងគ្នា Pacquiao។ ម្ចាស់ជើងឯកដ៏អស្ចារ្យ”៕
សូមបញ្ចេញមតិនៅទីនេះ