ត្រឹម៣ថ្ងៃ! បទ «អស់ស្មោះត្រឹមកំលោះកំពង់ចាម » លីម តិចម៉េង មានអ្នកទស្សនាជិត ៣លាន Views
តារាចម្រៀងពន្លកថ្មីប្រចាំផលិតកម្ម រស្មីហង្សមាស លីម តិចម៉េង បានចេញ MV ជាផ្លូវការបានចំនួន២បទហើយបន្ទាប់ពីក្លាយជាម្ចាស់ពាន Cambodian Idol រដូវកាលទី៤ ជាពិសេស MV បទ «អស់ស្មោះត្រឹមកំលោះកំពង់ចាម » ទទួល បានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន ដែលមានអ្នកចូលទស្សនារហូតជិត៣លាន Views ត្រឹមរយៈពេល៣ថ្ងៃប៉ុណ្ណោះ។
កំលោះតូច លីម តិចម៉េង ជាតារាចម្រៀងចំណូលថ្មីដែលទទួលបានការគាំទ្រខ្លាំង តាំងពីប្រលង រហូតក្លាយជាតារាចម្រៀងអាជីព ហើយកាន់មានភាពល្បីល្បាញខ្លាំងឡើង។ ការក្រសោបប្រជាប្រិយភាពបានពីមហាជនទាំងនេះហើយ ដែលធ្វើឱ្យបទចម្រៀង លីម តិចម៉េង មាន Views ច្រើនជាងរៀមច្បងទៅទៀតនៅក្នុងផលិតកម្មរស្មីហង្សមាស ក្នុងបទចម្រៀងនារដូវកាលភ្ជុំបិណ្ឌកន្លងមកថ្មីៗនេះ។
MV បទ «អស់ស្មោះត្រឹមកំលោះកំពង់ចាម » ជាវីដេអូចម្រៀងផ្លូវការទី២ របស់ លីម តិចម៉េង នៅលើផលិតកម្ម រស្មីហង្សមាស ដែលបានចេញកាលពីថ្ងៃទី ២៥ ខែកញ្ញា ហើយបទនេះទៀតសោតមាន សន្ទុះគាំទ្រខ្លាំង ត្រឹមរយៈពេល៣ថ្ងៃ មានអ្នកទស្សនាជិត៣លានដងសរុប ទាំងនៅលើ យូធូប និងផេកផ្លូវការរបស់ រស្មីហង្សមាស។
អនុភាពដ៏ខ្លាំងនេះ លីម តិចម៉េង ក៏បានបញ្ជាក់ជាច្រើនដងចំពោះមហាជនថា ទោះរូបគេឡើងខ្ពស់ដល់កម្រិតណា ក៏គេនៅតែរក្សាខ្លួនជាសាមញ្ញជន មិនឆ្នើងឆ្នៃ ព្រោះមានមហាជនទើប លីម តិចម៉េង មានថ្ងៃនេះក្លាយជាតារាចម្រៀងមួយដួង មានការទទួលស្គាល់ពីមហាជន។
គួរបញ្ជាក់ផងដែរថា តារាសម្តែង សិទ្ធី នីកា ជាតួឯកស្រីក្នុង វីដេអូបទ «អស់ស្មោះត្រឹមកំលោះកំពង់ចាម » ហើយក្នុងចម្រៀង វីដេអូនេះបាន ផ្តិតរូបភាពស្អាតៗ និងបានឆ្លុះបញ្ចាំងពីវប្បធម៌ខ្មែរ កាន់តែធ្វើឱ្យ MV នេះមានភាពទាក់ទាញខ្លាំង គួបផ្សំប្រជាប្រិយភាពរបស់ លីម តិចម៉េង ទៀតជាហេតុបទនេះទទួលបានអ្នកទស្សនាច្រើន៕
សូមបញ្ចេញមតិនៅទីនេះ