ពុធ , 28 កញ្ញា 2022
ពេជ្រ វត្តីសារ៉ាវឌ្ឍី សូមឱ្យបងប្អូនខ្មែរជួយបោះឆ្នោតឱ្យខ្លួន ដើម្បីមានឱកាសញុំា អាហារជាមួយស្ថាបនិក Miss Grand
កម្មវិធីប្រកួត Miss Grand International 2022 កាន់តែកៀកមកដល់ ខណៈ ការបោះឆ្នោតសម្រាប់បវរកញ្ញាតំណាងប្រទេសនីមួយៗចូលរួមប្រកួតក៏ចាប់ផ្តើមជាបណ្តើរៗ ក្នុងនោះបវរកញ្ញាប្រចាំប្រទេសកម្ពុជាកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 ក៏សូមឱ្យប្រជាជនខ្មែរមេត្តាជួយបោះឆ្នោតដល់រូបនាងមុនថ្ងៃប្រកួតចូលមកដល់ ដើម្បីឱ្យនាងមានឱកាសញុំាអាហារជាមួយស្ថាបនិក Miss Grand លោក ណាវ៉ាត់ ទោះបីជាពេលនេះមហាជនសម្តែងការមិនពេញចិត្តចំពោះ ការគ្រប់គ្រងរបស់លោក អ៊ិន សុភិន ក្តី។
ដូចមហាជនជ្រាបមកហើយថា កម្មវិធី Miss Grand Cambodia 2022 ក្រោយការគ្រប់គ្រងរបស់ថៅកែមហាហង្ស គឺលោក អ៊ិន សុភិន ធ្វើឱ្យរំជួលបណ្តាញសង្គមយ៉ាងខ្លាំង រហូតប្រមុខថ្នាក់ដឹកនាំប្រទេសក៏ចេញមុខប្រតិកម្មក្នុងកម្មវិធីនេះរហូតមានការសម្រួបសម្រួលឡើងវិញ។ ទោះជាយ៉ាងណា ក្រៅពីមតិរិះគន់ផុសឡើងកាន់តែខ្លាំងនោះ បណ្តាអ្នកស្នេហាវិស័យបវរកញ្ញាបានព្រលយពាក្យថា ក្នុងឆ្នាំនេះពួកគេមិនបោះឆ្នោតឱ្យឡើយ ព្រោះមិនពេញចិត្តអុ្នកគ្រប់គ្រងក្នុងកម្មវិធីនេះ ដែលមិនស្តាប់មតិរិះគន់ប្តូរឈុតតំណាងជាតិ «គោព្រៃ»។
យ៉ាងណាមិញ ដំណើរការប្រកួតអន្តរជាតិកាន់តែកៀកមកដល់ ខាងកម្មវិធី Miss Grand International ក៏បានបង្ហោះរូបបវរកញ្ញាដើម្បីបោះឆ្នោត បើបវរកញ្ញារូបណាទទួលបានការគាំទ្រច្រើននឹងមានឱកាសទទួលទានអាហារជាមួយស្ថាបនិក Miss Grand ហើយ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានស្នើសូមឱ្យប្រជាជនកម្ពុជាជួយបោះឆ្នោតឱ្យនាងផងដែរ។
Miss Grand Cambodia 2022 បានរៀបរាប់ថា «ជម្រាបសួរប្រជាជនកម្ពុជា
នេះគឺការ Vote របស់កម្មវិធី Miss Grand International 2022 អ្នកដែលឈ្នះ១០រូបនឹងទទួលបានកិច្ចស្វាគមន៏ដោយមានឱកាសទទួលទានអាហារជាមួយនឹង Mr. Nawat President MGI ដើម្បីអោយនាងខ្ញុំទទួលបានឱកាសមួយនេះសូមជួយចុច like និង Follow ក្នុងផេកផ្លូវការណ៍ Instagram Miss Grand International !»។
ការបង្ហោះសាររបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានធ្វើឱ្យអ្នកគាំទ្រអាណិតរូបនាងយ៉ាងខ្លាំង ក្នុងឆ្នាំនេះ Miss Grand Cambodia ធ្លាក់ប្រជាប្រិយភាពខ្លាំង ប៉ុន្តែយ៉ាងណាសង្ឃឹមថាប្រជាជនកម្ពុជានឹងជួយបោះឆ្នោតដល់នាងដើម្បីលើកកម្ពស់មុខមាត់ប្រទេស៕
សូមបញ្ចេញមតិនៅទីនេះ