មកដឹងសម្ដីលោក ធន់ សុភា និយាយ ក្រោយ ធន់ ផានិត ចាញ់ ពេជ្រ សម្បត្តិ លោកហាក់មិនអស់ចិត្ត
លោក ធន់ សុភា គ្រូរបស់ ធន់ ផានិត បានបង្ហាត់ក្បាច់យ៉ាងច្រើនដល់សិស្សរបស់ខ្លួន ក្នុងការការពារ និងការវាយសម្រុកទៅលើក្របីព្រៃ ពេជ្រ សម្បត្តិ ប៉ុន្តែអ្វីៗមិនដូចបំណងឡើយ ក្រោយពេលសិស្សរបស់ខ្លួនបានភ្លេចពាក្យផ្ដាំរបស់គ្រូ ដែលធ្វើឲ្យការប្រកួតដ៏សំខាន់ត្រូវបរាជ័យត្រឹមទឹកទី១ ដោយសន្លប់ឈឹងតែម្ដង សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ ដណ្ដើមខ្សែក្រវាត់ ខារ៉ាបាវ នៅសង្វៀនបាយ័នស្ទឹងមានជ័យកាលពីយប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២២។
ក្រោយការប្រកួតដែលមិននឹកស្មានដល់លោក ធន់ សុភា បាននិយាយថា «លោកហាមហើយថា កុំប្រើកែងស្ដាំ ព្រោះបើប្រើកែងស្ដាំ ពិបាកបិទកែងរបស់ សម្បត្តិ ណាស់ ហើយតែភ្លាត់ចូលមួយកែង ឬដៃរបស់ សម្បត្តិ ដឹងតែយ៉ាប់ហើយ។ ខ្ញុំថាឲ្យប្រើតែកែងឆ្វេងបានហើយ ប្រើកែងឆ្វេងហើយយើងដកដៃមកបិទវិញបានលឿន ណាមួយដៃរបស់ សម្បត្តិ គាត់ធ្ងន់ចឹងយើងប្រយ័ត្នចំណុចនេះបានយើងវ៉ៃដក វ៉ៃដក វ៉ៃយកពិន្ទុ កុំប្ដូរជាមួយ សម្បត្តិ អាហ្នឹងយើងសង្ឃឹមច្រើន»។
គួររម្លឹកថា សម្រាប់លទ្ធផលរបស់ ធន់ ផានិត បានធ្វើឲ្យគេត្រូវទៅប្រជែងយកលេខ ៣ ដែលត្រូវប៉ះអ្នកចាញ់ដូចគ្នាគឺ កីឡាករ Tuanphae (ទួន ផេ ) នៅសង្វៀនខាងលើដដែលនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ដូចការប្រកួតដណ្ដើមលេខ១ រវាង ពេជ្រ សម្បត្តិ និង Phathana (ផាត់ ថាណា) ផងដែរ៕
សូមបញ្ចេញមតិនៅទីនេះ