ច័ន្ទ , 03 តុលា 2022
Ten Hag បញ្ជាក់ពីហេតុផល ដែលមិនដាក់ Ronaldo ឲ្យចូលលេងជាមួយ Man City
(បាល់ទាត់)៖ ក្រុមមេឃខៀវ Manchester City បានលត់ក្រុមបិសាចក្រហម Manchester United យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៦-៣ នៅក្នុងក្របខណ្ឌ Premier League សប្ដាហ៍ទី៩ ខណៈប្រកួតនេះ គ្មានវត្តមាន តារាឆ្នើម Cristiano Ronaldo ឡើយ។
ការប្រកួតមួយ ដែលគេឲ្យឈ្មោះថា Manchester Derby មានគ្រាប់បាល់កើតឡើងរហូតដល់៩គ្រាប់។ ក្រុមមេឃខៀវ រកបាន ៦គ្រាប់ ខណៈបិសាចក្រហម រកបាន៣គ្រាប។ គ្រាប់បាល់ចំនួន៦គ្រាប់របស់ City ធ្វើបានដោយកីឡាករតែ២រូបគត់ គឺខ្សែប្រយុទ្ធវ័យក្មេង Erling Haaland និង Phil Foden រកបានម្នាក់៣គ្រាប់ ហើយ៣គ្រាប់របស់ United រកបានដោយ Antony Santos មួយគ្រាប់ និង Anthony Martial រកបាន២គ្រាប់។
គេសង្កេតឃើញថា ការប្រកួតដ៏សំខាន់មួយនេះ អ្នកចាត់ការរបស់បិសាចក្រហម Erik ten Hag បានដាក់ Ronaldo ឲ្យអង្គុយកៅអីបម្រុង និងមិនបានប្ដូរឲ្យចូលលេងឡើយ ដ្បិតមានការដូរកីឡាករ រហូតដល់ ៥រូប អំឡុងពេលប្រកួត។ ហេតុផលដែលអ្នកចាត់ការសញ្ជាតិ ហូល្លង់ មិនដាក់ឲ្យកីឡាករសញ្ជាតិព័រទុយហ្គាល់ចូលលេង ព្រោះចង់បង្ហាញការគោរព។
ក្រោយបញ្ចប់ការប្រកួត Tan Hag បានបញ្ជាក់យ៉ាងច្បាស់ថា ការដែលមិនដាក់ Ronaldo ឲ្យចូលលេងលេងនោះ ព្រោះលោកមិនចង់ឲ្យមានការប្រមាថដល់កីឡាករ ដែលស៊ុតគ្រាប់បាល់បញ្ជូលទីច្រើនបំផុតក្នុងពិភពលោករូបនេះ ដោយឲ្យគេចូលលេងក្នុងពេលដែល United ត្រូវ City នាំមុខ ៤-០ ទៅហើយនោះ។
គួរបញ្ជាក់ថា គិតត្រឹមសប្ដាហ៍ទី៩ នេះ ក្រុម Man City ស្ថិតនៅលេខ២ ក្នុងតារាងពិន្ទុ ខណៈ Man United ធ្លាក់មកនៅលេខរៀងទី៧៕
សូមបញ្ចេញមតិនៅទីនេះ