អង្គារ , 04 តុលា 2022
លើឆាកឃើញ សុភ័ក្រ កុសុម៉ា ចូលចិត្តសើចសប្បាយ តែក្រៅឆាកជាកូនខ្វះភាពកក់ក្តៅ ពីឪពុក
កម្សាន្ត៖ ពិធីការិនីពូកែវោហាស័ព្ទកញ្ញា សុភ័ក្រ កុសុម៉ា តែងតែផ្តល់ភាពសប្បាយរីករាយ ជូនទស្សនិកជន និងមនុស្សជុំវិញខ្លួន ប៉ុន្តែធាតុពិតខ្លួននាងគឺ ជាកូនម្នាក់ដែល ខ្វះភាពកក់ក្តៅពីឪពុក រហូតប្រកាសសូមឱ្យឪពុករបស់នាងត្រលប់មក រស់នៅជុំគ្រួសារវិញ។
មួយរយៈពេលចុងក្រោយនេះ ពិធីការិនីសប្បុរសស្រអែម សុភ័ក្រ កុសុម៉ា មាន ឈ្មោះបោះសំឡេងយ៉ាងខ្លាំងក្នុងអាជីពសិល្បៈទាំងតួនាទីជាទូតសុឆន្ទៈ និង ពិធីការិនីតាមកម្មវិធីជាច្រើន រហូតនាងសល់លុយរស់នៅសុខស្រួលជាមួយម្តាយ លែងលំបាកខ្វះមុខ ខ្វះក្រោយ លំបាកដូចមុន។
ទន្ទឹមនឹងមានប្រជាប្រិយភាព ជាមនុស្សលេងសើចសប្បាយច្រើន ការពិតកញ្ញា សុភ័ក្រ កុសុម៉ា ជាមនុស្សម្នាក់ដែលខ្វះភាពកក់ក្តៅពីឪពុកតាំងពីក្មេង។ តាមការ បញ្ជាក់របស់នាងក្នុងកម្មវិធី «អ្នកជិតខាង» របស់ស្ថានីយ៍ទូរទស្សន៍ PNN កញ្ញារៀបរាប់ទាំងទឹកភ្នែកថា អ្នកមួយចំនួនអាចនឹងយល់ខុសថា នាងគ្មានឪពុក ដោយសារតែមិនឃើញគាត់រស់នៅជុំក្រុមគ្រួសារ ប៉ុន្តែការពិត កុសុម៉ា ក៏មានឪពុក ដូចគ្នា តែគាត់មិនបានរស់នៅទីក្រុងឡើយ ដោយសារតែគាត់រស់នៅក្នុងចម្ការ ហើយកាលពីក្មេង ឪពុករបស់នាង ធ្វើការសហគមន៍ទើប នៅតាមខេត្ត ជាងនៅ ជុំគ្រួសារនៅទីក្រុង ជាហេតុធ្វើឱ្យ នាងមិន ទទួលបាន ភាពកក់ក្តៅពី ឪពុក តាំងពីក្មេងរហូតដល់ធំ។
សុភ័ក្រ កុសុម៉ា បានបន្តទៀតថា ដោយសារតែខ្វះភាពកក់ក្តៅពីឪពុកតាំងពីក្មេង រហូតបច្ចុប្បន្ននេះនាងមានជីវភាពធូរធា រស់នៅស្រណុកសុខស្រួល នាងក៏សុំផ្តាំផ្ញើតាមកម្មវិធី សូមឱ្យឪពុកឆាប់វិលត្រលប់មករស់នៅជុំគ្រួសារ វិញ កុំបន្តរស់នៅចម្ការតែម្នាក់ឯងទៀតអី។
បន្ទាប់ពីទម្លាយរឿងរ៉ាវដ៏កំសត់នេះ មិនថាតែទស្សនិកជនប៉ុណ្ណោះទេ សូម្បីតែពិធីការិនី យ៉ែម ស្រីពេជ្រ និង ស្រីពីន ក៏ទប់ទឹកភ្នែកមិនជាប់ដូចគ្នា ឃើញកញ្ញា សុភ័ក្រ កុសុម៉ា លេងសើចច្រើនតែនាងជាមនុស្សខ្វះភាពកក់ក្តៅពីឪពុករបស់ខ្លួនទៅវិញ៕
សូមបញ្ចេញមតិនៅទីនេះ