សុក្រ , 07 តុលា 2022
លន បញ្ញា និយាយអ្វីខ្លះក្រោយខ្លួនវ៉ៃកីឡាករថៃ ចេកនួន ប៉ុណ្ណឹងហើយតែចៅក្រមឲ្យបានត្រឹមស្មើ?
ជើងខ្លាំង និងជាកីឡាករជម្រើសជាតិ Kickboxing របស់កម្ពុជា លន បញ្ញា បានសម្ដែងអារម្មណ៍ហាក់មិនពេញចិត្តចំពោះលទ្ធផលដែលឲ្យខ្លួនបានត្រឹមស្មើកីឡាករថៃ ចេកនួន ( Chek Noun) សម្រាប់ការប្រកួតមិត្តភាពកម្ពុជា-ថៃរបស់សង្វៀន ទទក កាលពីយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ។ ក្រោយដើរចុះពីលើសង្វៀនតើអ្នកលេងកណ្ដាប់ដៃរបស់កម្ពុជានិយាយអ្វីខ្លះ ក្រោយខ្លួនវាយល្អប៉ុណ្ណឹងហើយតែបានត្រឹមស្មើនោះ?
ក្នុងការប្រកួតនោះត្រូវបានគេមើលឃើញថា លន បញ្ញា ធ្វើបានល្អជាងតាំងពីទឹក១ដល់ទឹកទី៤ ពោលគឺទាំងការវាយកណ្ដាប់ដៃ និងការធាក់ពេញៗកណ្ដាលមុខទៅលើកីឡាករថៃ ចេកនួន។ ទន្ទឹមនោះកីឡាករថៃដែលមានជាប់ខ្សែស្រឡាយជាកូនខ្មែរក៏ បានទាត់មកលើកីឡាករកម្ពុជា ដោយការចាក់ជើងក្រោម និងទាត់កាត់ដងខ្លួនបានពេញៗវិញដែរ។ ប៉ុន្តែបើតាមការមើលឃើញរបស់អ្នកស្នេហាគុនខ្មែរ មហាជនមួយចំនួនគឺផ្ដល់លទ្ធផលឲ្យ លន បញ្ញា ជាអ្នកឈ្នះបាត់ទៅហើយ។
ជុំវិញរឿងនេះសាមីខ្លួនដែលមកពីក្លិបកងយោធពលខេមរភូមិន្ទផ្ទាល់ក៏បានសម្ដែងអារម្មណ៍ហាក់មិនសប្បាយចិត្តចំពោះលទ្ធផលនេះដែរ។ «បាទបងខ្ញុំគិតថា ខ្ញុំឈ្នះលទ្ធផលនេះ ព្រោះខ្ញុំធាក់ពេញៗកណ្ដាលមុខ ហើយទឹក១ដល់ទឹក៤ ខ្ញុំវាយត្រូវពេញៗបានច្រើន ជង្គង់ក៏ចូលពេញល្អ។ ទទួលស្គាល់ថាគាត់ទាត់ខ្ញុំចូលដែរ តែខ្ញុំក៏បានទាត់គាត់វិញដែរ។ បើទឹក៥វិញខ្ញុំថយមែន តែថយហ្នឹងខ្ញុំថយវាយ ហើយវាយចូលដៃគូល្អដែរ និយាយទៅខ្ញុំថយទឹក៥ ព្រោះខ្ញុំគិតថាខ្ញុំឈ្នះហើយហ្នឹង»។
យ៉ាងណាសម្រាប់លទ្ធផលនេះ បញ្ញា ក៏មិនបានឡាំប៉ាចង់សើរើសុំឲ្យពិនិត្យឡើងវិញម្ដងទៀតអីដែរ គ្រាន់តែគេហាក់មិនអស់ចិត្តសម្រាប់លទ្ធផលមួយនេះប៉ុណ្ណោះ៕
សូមបញ្ចេញមតិនៅទីនេះ