វិសាខា នឹងស្មើកំណត់ត្រាដ៏ល្អរបស់ ភ្នំពេញក្រោន បើក្រុមនេះអាចឡើងទៅវគ្គផ្ដាច់ព្រាត់ Hun Sen Cup ឆ្នាំនេះ
ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឬ Hun Sen Cup លើកទី១៦ ឆ្នាំ២០២២ បានបញ្ចប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ជើងទីមួយហើយ ដោយក្រុមវិសាខា បានយកឈ្នះ ភ្នំពេញក្រោន ២-១ ខណៈបឹងកេត បានលុតក្រុមអគ្គីសនីកម្ពុជា ៣ទល់នឹង០។
ក្រឡែកមើលក្រុមម្ចាស់ការពារដំណែងជើងឯកសេះមាសវិសាខា វិញ ប្រសិនបើបន្តលទ្ធផលល្អនៅជើងទី២ ទៀតនោះ ពួកគេនឹងស្មើកំណត់ត្រាមួយរបស់ភ្នំពេញក្រោន ដែលបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ៣ឆ្នាំជាប់ៗគ្នា។
ចាប់តាំងពីពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧មក មានតែភ្នំពេញក្រោនទេ ដែលបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ៣ឆ្នាំជាប់ៗគ្នា។
ក្រុមជើងឯក ២សម័យមួយនេះ បានឈានផ្ដាច់ព្រាត់ដំបូងក្នុងឆ្នាំ២០០៨ ដែលកាលនោះ ក្លិបនេះមានឈ្មោះថា ភ្នំពេញអ៊ឹមផាយអឺរ និងបានលើកពាន បន្ទាប់ពីយកឈ្នះលើព្រះខ័នរាជស្វាយរៀង ១ទល់នឹង០។ ឆ្នាំបន្ទាប់ គឺ២០០៩ ដែលបានប្ដូរឈ្មោះទៅជាភ្នំពេញក្រោន ពួកគេនៅតែបន្តភាពជោគជ័យ ដោយឈ្នះណាហ្គាខប (បច្ចុប្បន្ន ណាហ្គាវើលដ៍) ១ទល់នឹង០ លើកពានជាលើកទី២។
ផ្ទុយទៅវិញក្នុងឆ្នាំ២០១០ ភ្នំពេញក្រោន បានឡើងវគ្គផ្ដាច់ព្រ័ត្រជាលើកទី៣ជាប់ៗគ្នា តែបានចាញ់ក្រសួងការពារជាតិ (បច្ចុប្បន្ន ក្លឹបបាល់ទាត់កងយោធពលខេមរភូមិន្ទ ឬ Tiffy Army) ដោយលទ្ធផល ៣ ទល់នឹង២។
ដូច្នេះ ប្រសិនបើវិសាខា បន្តលទ្ធផលល្អលើភ្នំពេញក្រោន ក្នុងជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ ឆ្នាំ២០២២ នេះ ពួកគេ នឹងក្លាយជាក្រុមទី២ ដែលបានឡើងដល់វគ្គលើកពានជាលើកទី៣ជាប់ៗគ្នាដែរ។
គួរបញ្ជាក់ថា ក្រុមអ្នកមានវិសាខា បានលើកពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ពីរដងជាប់គ្នា ពោលគឺក្នុងឆ្នាំ២០២០ និង២០២១៕
សូមបញ្ចេញមតិនៅទីនេះ