អង្គារ , 11 តុលា 2022
ខណៈកំពុងរីករាយនៅប្រទេសបារាំងជាមួយស្វាមីតារាកំប្លែងកាឆយ បានប្រកាសសូមឱ្យអតិថិជនកុំភ័យរឿងមួយនេះ
កម្សាន្ត៖កម្របង្ហាញសម្ភារៈឡូយឆាយដូចតារាដទៃ តែតារាកំប្លែងជើងចាស់ កាឆយ ក៏មានជីវភាពហ៊ឺហាមិនធម្មតាដែរ ។ យ៉ាងណាមិញថ្មីៗនេះអ្នកស្រីបានដឹកដៃ ស្វាមីទៅកម្សាន្តនៅប្រទេសបារាំងជាលក្ខណៈឯកជនយ៉ាងមានក្តីសុខ ប៉ុន្តែយ៉ាងណាអ្នកស្រីបានប្រកាសថាកុំឱ្យអតិថិជនដែលជួលអ្នកស្រីក្នុងកម្មវិធីមង្គលការកុំភ័យព្រួយព្រោះអ្នកស្រីនឹងត្រឡប់ទៅខ្មែរវិញនៅក្នុងពេលឆាប់ៗនេះ ។
ខណៈការងារសិល្បៈរាងរយាលដោយសារជារដូវវស្សានោះ តារាកំប្លែង កាឆយ និងស្វាមីបានចំណាយពេលមកសាងភាពផ្អែមល្ហែមនៅប្រទេសបារាំងដោយបញ្ជាក់ថាចាំកូនៗនាំដើរលេងយូរណាស់ ។ គ្រាន់តែមកដល់ប្រទេសបារាំងភ្លាមតារាកំប្លែងរូបនេះបានចែករំលែករូបភាពដ៏ស្រស់ស្អាតនៅក្នុងទិដ្ឋភាពនៃប្រទេសបារាំងបង្ហាញដល់មិត្តភក្តិនៅក្នុងបណ្តាញសង្គម ។ ក្រៅពីការជូនពរនៅក្នុងដំណើរកម្សាន្តរបស់អ្នកស្រី កាឆយ ក៏មានការសរសើរពីភាពផ្អែមល្ហែមរបស់ អ្នកស្រី និងស្វាមីដែលនៅតែស្រឡាញ់គ្នាខ្លាំងបើទោះរួមរស់ជាមួយគ្នាជាង២០ ឆ្នាំនឹងមានកូនប្រុសស្រីធំៗទន្ទឹមខ្លួនទៅហើយក្តី ។
អ្វីដែលចាប់អារម្មណ៍ក្នុងកំឡុងពេលស្នាក់នៅប្រទេសបារាំងតារាកំប្លែងសម្បូរវោហាស៍រូបនេះបានប្រកាសទៅអតិថិជនដែលបានជួលអ្នកស្រីនៅក្នុងពិធីមង្គលនានាថាមិនបាច់ព្រួយបារម្ភទេបើទោះទូរស័ព្ទមកអ្នកស្រីមិនចូលក្តី ពោលអ្នកស្រីមិនឱ្យខកខានកម្មវិធីទាំងអស់នោះទេ ។ ទោះបីជាយ៉ាងនេះក្តីតារាកំប្លែង កាឆយ មិនទាន់បានបញ្ជាក់ពីពេលវេលាក្នុងការត្រឡប់មកស្រុកខ្មែរវិញឡើយ ។ រយៈពេលជាច្រើនឆ្នាំនៅក្នុងអាជីពកំប្លែង កាឆយ នៅតែមានទីផ្សារបើទោះ មានតារាវ័យក្មេងរីកដុះដាលព្រោងព្រាតក៏ដោយ ។ អ្នកស្រីត្រូវបានគេស្គាល់ថាជាកូនស្រីច្បងរបស់តារាកំប្លែងលោកតា សង់ស៊ីស ។ សព្វថ្ងៃអ្នកស្រី កាឆយ មានកូនប្រុសស្រីចំនួនបីនាក់ តែកូនរបស់អ្នកស្រីហាក់មិនមានទេពកោសល្យ កំប្លែងដូចអ្នកម្តាយឡើយ ៕
សូមបញ្ចេញមតិនៅទីនេះ