Luis Diaz នឹងមិនអាចលេងឲ្យ Liverpool រហូតដល់ខែធ្នូ
ខ្សែប្រយុទ្ធរបស់ Liverpool កីឡាករ Luis Diaz នឹងត្រូវសម្រាករហូតដល់ខែធ្នូ បន្ទាប់ពីមានបញ្ហារបួសជង្គង់ក្នុងការប្រកួត Premier League ចាញ់ Arsenal ៣-២ កាលពីថ្ងៃអាទិត្យ។
កីឡាករសញ្ជាតិកូឡុំប៊ីវ័យ២៥ឆ្នាំបានស្កេនរបួសកាលពីថ្ងៃច័ន្ទដោយឃើញថាមិនត្រូវចាំបាច់វះកាត់ឡើយ តែនឹងមិនអាចលេងឲ្យហង្សក្រហមរហូតព្រឹត្តិការណ៍ World Cup ចប់។ Liverpool ត្រូវលេង១០ប្រកួត មុនពេលក្លិបកំពូលរបស់អង់គ្លេសត្រូវសម្រាកដើម្បីត្រៀមខ្លួនលេង World Cup ដែលនឹងចាប់ផ្ដើមនៅចុងខែវិច្ឆិកា។
Liverpool នឹងត្រឡប់មកប្រកួតវិញត្រូវប៉ះ Aston Villa នៅថ្ងៃទី២៦ ខែធ្នូ។ Diaz ដែលកំពុងបង្ហាញទម្រង់លេងល្អត្រូវបានគេឃើញចាកចេញពីកីឡដ្ឋាន Emirate ដោយប្រើប្រាស់ឈើច្រត់ពាក់ខ្សែការពារជង្គង់។ ខ្សែការពារ Alexander-Arnold ក៏ត្រូវបានប្ដូរចេញនៅវគ្គទីមួយ ក្រោយមានបញ្ហាកជើង។
Liverpool នឹងត្រូវធ្វើដំណើរទៅប៉ះក្រុម Ranger នៅថ្ងៃពុធស្អែកក្នុងពានរង្វាន់ Champions League ហើយបន្ទាប់មកត្រូវធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុមការពារតំណែងជើងឯក Manchester City ក្នុងក្របខណ្ឌ Premier League៕
សូមបញ្ចេញមតិនៅទីនេះ