×

បើតាមការប៉ាន់ស្មានមិនខុស ប៊ូខាវ វៀតណាម នឹងប៉ះកីឡាកម្ពុជារូបនេះក្នុងថ្ងៃ គុនខ្មែរអលស្តារវគ្គ ៥ 

កម្មវិធី គុនខ្មែរ អលស្តារវគ្គ៥ មានកីឡាករកម្ពុជាល្បីៗមួយចំនួនបានបង្ហាញមុខរួចហើយ ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ថា តើអ្នកណានឹងប៉ះជើងខ្លាំងរបស់វៀតណាម Nguyễn Trần duy Nhất ឬត្រូវបានគេស្គាល់ថា ប៊ូខាវ វៀតណាម ឡើយ? 

ក្រោមហេតុផលទាំងនេះត្រូវបានគេជឿយ៉ាងច្បាស់ថា ជើងខ្លាំងដែលជាម្ចាស់មេដាយមាសស៊ីហ្គេមឆ្នាំ២០២២ Nguyễn Trần duy Nhất ទំនងនឹងប៉ះអ្នកលេងកណ្ដាប់ដៃគីងកុង អេលីតសាន់ ជាក់ជាមិនខានឡើយ។ ហេតុផលដែលនាំឲ្យគេគិតបែបនេះព្រោះថា អេលីតសាន់ ជាម្ចាស់ខ្សែក្រវាត់ គុនខ្មែរអលស្តារវគ្គ៤ ហើយគេក៏ជាជើងខ្លាំងមួយរូបរបស់កម្ពុជាក្នុងប្រភេទទម្ងន់៦០គីឡូក្រាមនេះដែរ។ ខណៈ ប៊ូខាវ វៀតណាម ក៏ជាម្ចាស់មេដាយមាស Muay Thai ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២២ផងដែរ។ 

ចំណុចមួយទៀតដែលអាចនាំឲ្យគេជឿកាន់តែច្បាស់ថា អេលីត សាន់ នឹងប៉ះ Nguyễn Trần duy Nhất គឺកាលពីពេលថ្មីនេះ អ្នកលេងកណ្ដាប់ដៃគីងកុង បានប្រកាសនៅលើ Page ផ្លូវការរបស់ខ្លួនថា មានកម្មវិធីប្រដាល់ដ៏ធំមួយបានផ្ដល់តម្លៃខ្លួនដល់គេរហូតដល់១ពាន់ដុល្លារក្នុងមួយប្រកួត ខណៈដែលការសាកសួរព័ត៌មានលម្អិតពីការផុសនោះសិស្សលោក ស៊ន អេលីត មិនបាននិយាយអ្វីឡើយ។ 

គួររម្លឹកថា គុនខ្មែរអលស្តារវគ្គទី៥ នឹងធ្វើឡើងនៅថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០២២ ដែលមានកីឡាករកម្ពុជាល្បីៗដូចជា សូដា សូសែង , អេលីត រស្មី, ប៊ុន សុធា, អេលីត សម្ភស្ស, អេលីត សាន់, បឺត សង្ឃឹម និង ឡៅ ចិត្រា ៕

 

សូមបញ្ចេញមតិនៅទីនេះ




សូមគោរពទៅតាម គោលការណ៍មួយនេះ


អត្ថបទទាក់ទង

កែវ រំចង់ ទម្លាយតម្លៃខ្លួនកាលវាយនៅ ថៃហ្វៃ ជាមួយ Iquezang លើកដំបូងបានខ្ពស់កប់ពពក

អ្នកប្រដាល់ចិត្តសឿងរបស់កម្ពុជា កែវ រំចង់ បានទម្លាយពីតម្លៃខ្លួនបានខ្ពស់កប់ពពក កាលទៅប្រកួតក្នុងកម្មវិធី ថៃហ្វៃ ជាមួយ Iquezang លើកទី១ នៅប្រទេសវៀតណាមកាលឆ្នាំ២០១៦ ដែលកាលនោះគេបានផ្ដល់លក្ខខណ្ឌ២ដល់កីឡាករកម្ពុជាគឺចាញ់ ទទួលបានប្រាក់ប៉ុន្មាន និងឈ្នះទទួលបានប៉ុន្មាន។ គេនៅចាំបានថា កីឡាករកម្ពុជាខាងលើធ្លាប់ប៉ះកីឡាករ ថៃរួបនោះចំនួន ៣ លើកដែលប្រកួតក្នុងកម្មវិធី ថៃហ្វៃ ចំនួន ២ លើក និងប៉ះគ្នាក្នុងការប្រកួតពាក់ហ្គង់ធម្មតាចំនួន១លើកផងដែរ។ យ៉ាងណាកីឡាករមកពីខេត្តបាត់ដំបងក៏បាននិយាយក្នុងការឡាយរបស់ខ្លួនជុំវិញការប្រកួតនៅ ថៃហ្វៃ យ៉ាងដូច្នេះថា «កាលខ្ញុំទៅវាយនៅថៃហ្វៃលើកទី១ ដែលខ្ញុំចាញ់នៅវៀតណាមហ្នឹងគេប្រាប់ខ្ញុំថា តម្លៃខ្លួនគេឲ្យ៤ម៉ឺនបាតបើចាញ់ ប៉ុន្តែបើសិនឈ្នះគេឲ្យ២សែន៥ម៉ឺនបាត»។ កីឡាករខាងលើបន្ថែមទៀតថា កាលទៅប្រកួតនៅសង្វៀនខាងលើរូបគេទទួលបានប្រជាប្រិយភាពខ្លាំងមែនទែន មិនថាចាញ់ឬក៏ឈ្នះឡើយ ព្រោះថាបើទោះចាញ់ឬឈ្នះក៏ការប្រកួតល្អមើលកក្រើក មិនមែនទៅវាយលំៗយកតែលុយនោះឡើយ។ ងាកមកកាន់ការប្រកួតនៅសង្វៀនថៃហ្វៃ ដែលកីឡាករកម្ពុជាទៅវាយកាលពីពេលថ្មីៗនេះវិញ ដូចជាករណី ធន់ រិទ្ធី គឺទទួលបានត្រឹមតែ៦៥ដុល្លារតែប៉ុណ្ណោះ ដែលទំហំទឹកប្រាក់នេះត្រូវបានមហាជនរិះគន់ថា ទទួលបានតិចមែនទែន ព្រោះប៉ះកីឡាករលំដាប់ខ្ពស់កម្រិត សៃយុគ ទៅហើយ៕
ព្រហស្បតិ៍ , 02 កុម្ភៈ 2023 9 អ្នកទស្សនា 10 ម៉ោងកន្លងទៅ

ទទួលបានឱកាសដណ្ដើមប្រាក់លានលើកទី១ ធន់ ក្របី ត្រៀមក្បាច់ទាំងនេះដើម្បីផ្ដួលថៃ

អ្នកលេងជង្គង់មុត កែងស្រួចវ័យក្មេង ធន់ ក្របី នឹងត្រូវជួប ខ្លាចាស់ឆ្លងដែនមកពីប្រទេសថៃ ស៊ីធើន កាំឡៃយុគ នៅថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈ វេលាម៉ោង២ រសៀល ដណ្តើមប្រាក់ ១ លានរៀលនៅសង្វៀន CNC ។ ប្រាប់មកកាន់ Lee News នៅថ្ងៃទី៣១ ខែមករាម្សិលមិញអ្នកប្រដាល់វ័យក្មេងកំពុងឡើងកូដ ធន់ ក្របីឲ្យដឹងថា «ខ្ញុំបានត្រៀមខ្លួនពេញពីរសប្តាហ៍ហើយ ចំពោះការហ្វឹកហាត់បុកខ្លាំងជាងរាល់ដង។ ដៃគូដែលត្រូវជួបស្គាល់ហើយ ព្រោះគាត់ជាជើងចាស់ របស់ថៃ ដែលធ្លាប់មកប្រកួតនៅខ្មែរច្រើនលើក។ បើតាមអ្វីដែលខ្ញុំដឹងពីកីឡាករថៃរូបនោះ គឺគាត់ល្អដៃ ហើយនិងទាត់ តែគាត់មានកម្ពស់រាងទាបជាងខ្ញុំបន្តិច ចឹងខ្ញុំអាចមានប្រៀបជាងគាត់បន្តិច ព្រោះយើងអាចវ៉ៃបានវែងជាង»។ កូនសិស្សរបស់លោកគ្រូ ធន់ សុភា រូបនេះ បានបញ្ជាក់ថា «ចំពោះការប៉ះកីឡាករថៃ ដែលមានបទពិសោធច្រើនបែបនេះ លោកគ្រូបានប្រាប់យុទ្ធសាស្ត្រឲ្យខ្ញុំបានត្រៀម និងពង្រឹងបច្ចេកទេសរួចអស់ហើយ គឺការទាត់កាត់ឲ្យបានច្រើន ។ ដូច្នេះខ្ញុំអត់មានអីបារម្ភច្រើនទេ បើទោះដឹងថាដៃគាត់ធ្ងន់ ជើងគាត់ធ្ងន់ សំខាន់ខ្ញុំឡើងទៅដឹងតែវ៉ៃ បញ្ចេញឲ្យអស់ស្នៀត មិនលាក់ក្បាច់ទេបង បើមានឱកាសទៀតនោះនឹងផ្តួលគាត់ឲ្យសន្លប់ មិនឲ្យចប់ទឹកទាន់ទេបង ។ ចំពោះខ្ញុំការប៉ះជើងចាស់បែបនេះ មានតែរង់ចាំមើលកាលៈទេសៈនៅលើសង្វៀនជាក់ស្តែងបើវ៉ៃទៅគាត់ខូចរាងញោច នោះខ្ញុំអាចតាមផ្ដាច់»។ ជាចុងក្រោយអ្នកប្រដាល់សម្បុរខ្មៅ ខាងលើបានប្ដេជ្ញាចិត្ត ខំប្រឹងបញ្ចេញអស់ពីសមត្ថភាព ដណ្តើមយកប្រាក់លាន ដែលជាឱកាសជាលើកទី១របស់ខ្លួននេះឲ្យបាន មិនធ្វើឲ្យពុកម៉ែបងប្អូន ដែលតែងតែគាំទ្រខ្លួនកន្លងមក ខកចិត្តឡើយ ។ សូមជម្រាបថា អ្នកប្រដាល់វ័យក្មេងដែលមានបទពិសោធតិច តែផ្តួលជើងចាស់ជាច្រើននៅសង្វៀន ស្ទើរគ្រប់ការប្រកួតរូបនេះ និងត្រូវជួបកីឡាករជើងចាស់ដែលមកពីប្រទេសថៃ ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម នៅសង្វៀន CNC ដណ្តើមទឹកប្រាក់១លានរៀល ពីលើតម្លៃខ្លួន៕
ព្រហស្បតិ៍ , 02 កុម្ភៈ 2023 12 អ្នកទស្សនា 10 ម៉ោងកន្លងទៅ

អ៊ុង វីរៈ បង្ហើបថា ចប់ស៊ីហ្គេម នឹងវិលអង្រួនសង្វៀនគុនខ្មែរវិញ

បន្ទាប់ពីបាត់មុខពីសង្វៀន គុនខ្មែរ មួយរយៈអ្នកប្រដាល់ទម្ងន់ធ្ងន់របស់កម្ពុជា អ៊ុង វិរៈ បានបង្ហើបថា រូបគេ នឹងវិលត្រឡប់មកឡើងប្រកួត គុនខ្មែរវិញ ក្រោយបញ្ចប់ភារកិច្ច ជួយក្រុមជម្រើសជាតិប្រដាល់សកល ដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។ អ្នកប្រដាល់ទម្ងន់ធ្ងន់ អ៊ុង វិរៈ បានប្រាប់មកកាន់ Lee News កាលពីពេលថ្មីៗនេះថា «កាលដែលខ្ញុំបោះបង់គុនខ្មែរមួយរយៈនេះ ទៅចាប់យកប្រដាល់សកល ដោយសារពីមុនខ្ញុំឡើងគីឡូពេក យើងធ្វើគីឡូអត់ចុះ ណាមួយទីផ្សារគុនខ្មែរ ក្នុងស្រុកអត់មានគីឡូធំ ចឹងហើយទើបបានគ្រូសហព័ន្ធប្រដាល់សកល សម្រេចចិត្តនាំខ្ញុំឲ្យទៅចូលរួមហាត់ប្រដាល់សកល ចូលវ៉ៃស៊ីហ្គេម នៅវៀតណាម កាលពីឆ្នាំ២០២១ » ។ អ៊ុង វិរៈ បញ្ជាក់ថា « បាទបងចំពោះខ្ញុំ ប្រហែលស៊ីហ្គេម លើកទី៣២ នៅកម្ពុជាចប់ ខ្ញុំអាចត្រឡប់មកចូលហ្វឹកហាត់ឡើងប្រកួតគុនខ្មែរវិញហើយ ។ ដោយសាខ្ញុំមើលឃើញថា ឥឡូវគុនខ្មែរយើងសំបូរទីផ្សារ ណាមួយមានស្ថានីយទូរទស្សន៍ក្នុងស្រុកចាប់ផ្តើមរៀបចំសង្វៀនច្រើនជាងមុខ នាំឲ្យកីឡាករបានប្រកួតញឹកញ៉ាប់ ។ ដូច្នេះនៅពេលមានការប្រកួតច្រើនចឹងយើងជាកីឡាករ កាន់តែមានទឹកចិត្ត សម្រកគីឡូ ចំពោះខ្ញុំអាចសម្រកមកប្រកួតត្រឹម ៧៧ រឺ៧៨ អីបាន » ។ អ៊ុង វិរៈ បន្ថែមទៀតថា « ការចូលប្រឡូកក្នុងសង្វៀនគុនខ្មែរវិញ យើងមិនអាចជួយកីឡាករខ្មែរដូចគ្នាទេ មានតែចាំទទួលកីឡាករបរទេសតែប៉ុណ្ណោះ ហើយបើមានឱកាសក៏ចង់ចេញទៅប្រកួតក្រៅប្រទេសផងដែរ ព្រោះពីមុនកាលនៅប្រកួតគុនខ្មែរ ខ្ញុំក៏ធ្លាប់ចេញទៅប្រកួតក្រៅស្រុកបាន ២ដងដែរ។ បើតាមការចាំបានកាលនោះគឺប៉ះស្តេចប្រដាល់ស្រុកថៃ ស៊ុត សាខន ដែលជាការប្រកួតជំនួស ជ័យកុសល តែបានបរាជ័យ »។ សូមជម្រាបថា អ៊ុង វិរៈ គឺជាអតីតកីឡាករគុនខ្មែរ ទម្ងន់ធ្ងន់ម្នាក់ ប៉ុន្តែគីឡូធ្ងន់ មិនមានដៃគូប្រកួត បានធ្វើអោយរូបគេ ងាកទៅហ្វឹកហាត់ប្រដាល់សកល ដោយធ្លាប់ចូលរួមប្រកួតតំណាងជាតិដណ្តើមមេដាយនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម និងត្រៀមខ្លួនសម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ខាងមុខ៕
ព្រហស្បតិ៍ , 02 កុម្ភៈ 2023 14 អ្នកទស្សនា 11 ម៉ោងកន្លងទៅ

សហព័ន្ធប្រដាល់គុនខ្មែរចុះអនុស្សរណៈជាមួយក្រិក និងបង្កើនក្លិបប្រដាល់ដើម្បីបង្កើនធនធាន

លោក ហេង សុខឃន អគ្គលេខាធិការសហព័ន្ធប្រដាល់បានបង្ហើបថា សហព័ន្ធមានផែនការបង្កើនក្លិបប្រដាល់ឲ្យបានច្រើន ដើម្បីផលិតស្វែងរកធនធានកីឡាករ សម្រាប់ផ្គត់ផ្គង់ទៅដៃគូអភិវឌ្ឍន៍ ព្រមទាំងបានចុះអនុស្សរណៈរួចរាល់ជាមួយប្រទេសក្រិក ដើម្បីនាំកីឡាករទៅប្រកួតនៅទីនោះ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីពេលថ្មីៗនេះ លោក ហេង សុខឃន បានឲ្យដឹងថា សហព័ន្ធប្រដាល់គុនខ្មែរកំពុងតែមមាញឹកក្នុងការផលិតកីឡាករ-កីឡាការិនី ដើម្បីត្រៀមស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយផុតពីស៊ីហ្គេម គឺមានផែនការការងារបន្ថែមទៀតគឺធ្វើយ៉ាងណា បង្កើនក្លឹបប្រដាល់ឲ្យបានច្រើន ដើម្បីបង្កើនធនធានកីឡាករឲ្យកាន់តែសម្បូរបែបសម្រាប់ផ្គត់ផ្គង់ទៅដៃគូអភិវឌ្ឍន៍។ អគ្គលេខាធិការខាងលើបញ្ជាក់ថា ចំពោះដៃគូអភិវឌ្ឍន៍មានបណ្តាទូរទស្សន៍ក្នុងស្រុងទាំងអស់ តែឥឡូវបញ្ជ្រាបបានទៅដល់ទីផ្សារក្រៅស្រុកធំៗមួយចំនួនដូចជា ប្រទេសថៃ និងប្រទេសចិន ហើយថ្ងៃខាងមុខ ក៏គ្រោងបញ្ជូនកីឡាករចេញទៅប្រកួតនៅប្រទេសក្រិកទៀតផង ។ ការបញ្ជូនកីឡាករទៅប្រកួតនៅប្រទេសក្រិកនេះគឺបានចុះអនុស្សរណៈរួចអស់ហើយ ដូច្នេះនេះជាមោទនភាព សម្រាប់ប្រទេសកម្ពុជា ដែលទទួលបានឱកាសបញ្ជូនកីឡាករចេញប្រកួតក្រៅស្រុក ដើម្បីឲ្យកីឡាករអាចអភិវឌ្ឍន៍ខ្លួនលឿន ។ លោកអគ្គលេខាធិការដដែលបន្ថែមជាចុងក្រោយថា ក្រោមការដឹកនាំរបស់ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ មានអនុគណកម្មការជំនាញទាំងអស់ នៅក្នុងនោះ មានទាំងអនុគណៈកម្មការ សម្រាប់ការទំនាក់ទំនងក្រៅប្រទេស ក្នុងប្រទេស បានធ្វើឲ្យកីឡាគុនខ្មែរមានទីផ្សារច្រើន ជាក់ស្តែងឥឡូវបានបញ្ជ្រាបចូលដល់ទីផ្សារក្រៅស្រុកធំៗ ជាពិសេសទីផ្សារនៅប្រទេសចិន គឺមាន លន បញ្ញា ចេញទៅប្រកួតលក្ខណៈ Kick Boxing នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣៕
ព្រហស្បតិ៍ , 02 កុម្ភៈ 2023 5 អ្នកទស្សនា 11 ម៉ោងកន្លងទៅ

ឡៅ ចិត្រា ថា បើប៉ះ សេកសាន់ មែនលើកទី៣នេះ នឹងធ្វើឲ្យកក្រើកជាងលើកមុន

អ្នកប្រដាល់មកពីខេត្តកំពង់ស្ពឺ ឡៅ ចិត្រា បានលើកឡើងថា សម្រាប់ការប្រកួតនៅខែកុម្ភៈ របស់សង្វៀន គ្រុឌគុនខ្មែរ នៅតាមខេត្តខ្លួនមានក្ដីបារម្ភខ្លះដែរ ប៉ុន្តែករណីប៉ះ សេនសាន់ មែនគេនឹងធ្វើឲ្យកក្រើកជាងការប្រកួត២លើកកន្លងមក។ កាលពីពេលកន្លងទៅមានពាក្យចចាមអារ៉ាមថា ប្អូនប្រុសបង្កើតរបស់អ្នកប្រដាល់ល្អក្បាច់ ឡៅ ចិន្ទ្រា នឹង ប៉ះ សេកសាន់ ជាលើកទី៣ ក្នុងការប្រកួតរបស់សង្វៀនទទក ដែលគ្រោងធ្វើឡើងនៅខេត្តព្រៃវែង។ ដោយឡែកក្នុងការប្រកួតនោះសម្រាប់ ចិត្រា ផ្ទាល់ហាក់មិនទាន់ដឹងច្បាស់ថា នឹងប៉ះកីឡាកររូបណាឡើយ គ្រាន់តែអ្នករៀបចំបានប្រាប់ទៅកាន់កីឡាករផ្ទាល់ថា នឹងអាចប៉ះជើងខ្លាំងកម្រិតខ្ពស់ម្នាក់។ យ៉ាងណាក្នុងការប្រកួតកីឡាករជម្រើសជាតិខាងលើបានហ្វឹកហាត់ត្រៀមរហូតមក ហើយគេជឿថា បើសិនប៉ះ សេកសាន់ មែននឹងមិនមានក្ដីបារម្ភខ្លាំងពេកទេ ប៉ុន្តែគេខ្លាចថា នឹងប៉ះអ្នកខ្លាំងផ្សេងទៀតដែលគេមិនស្គាល់សមត្ថភាព។ កីឡាករខាងលើបាននិយាយថា «បើប៉ះ សេនសាន់ មែនមិនអីទេបង ខ្លាចតែប៉ះអ្នកខ្លាំងផ្សេងដែលយើងមិនស្គាល់ទេ។ ខ្ញុំជឿថា បើសិនប៉ះគាត់ម្ដងទៀតមែនលើកនេះខ្ញុំនឹងយកឈ្នះគាត់ឲ្យបាន»។ ប្អូនប្រុសបង្កើតលោក ឡៅ ស៊ីណាត ដដែលបញ្ជាក់ទៀតថា «បើប៉ះគាត់មែនខ្ញុំសង្ឃឹមដល់ល៧០% ហើយនឹងធ្វើឲ្យកក្រើកជាងលើកទី១ និងលើកទី២ ទៅទៀត។ ប៉ះគាត់ពីរលើកកន្លងមកមិនឈ្នះគាត់បានត្រឹមស្មើគ្នាហ្នឹងមកពី គាត់ហ្នឹងស៊ូ និងឆ្លាតវាយយកពិន្ទុបានច្រើនទើបខ្ញុំអត់ឈ្នះ តែលើកនេះខ្ញុំជឿថា បើប៉ះគាត់ទៀតខ្ញុំអាចធ្វើបាន»។ គួររម្លឹកថា ឡៅ ចិត្រា និងមនុស្សស្បែកស្វិត សេកសាន់ ធ្លាប់ប៉ះគ្នា២លើកកន្លងមកហើយ ពីរលើកនោះសុទ្ធតែស្មើគ្នា។ យ៉ាងណាគេនៅចាំមើលថា បើសិនមិនមានការប្រែប្រួលហើយពួកគេប៉ះគ្នាមែនតើនឹងអាចស្វែងរកអ្នកខ្លាំងពិតប្រាកដបានដែរឬទេ?
ពុធ , 01 កុម្ភៈ 2023 45 អ្នកទស្សនា 1 ថ្ងៃកន្លងទៅ

អត្ថបទពេញនិយម

អត្ថបទថ្មី