ក្រោយល្បីកក្រើកដល់ពិភពលោក កម្ពុជាលេងបាល់ទះជាប់ដៃ ពេលនេះសហព័ន្ធបាល់ទះ សិក្សាធ្វើច្បាប់ហាមលែងបែបនេះ
កាលពីពេលថ្មីៗនេះលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធបាល់ទះកម្ពុជាបានលើកឡើង ក្នុងថ្ងៃប្រកាសបើកសម្ពោធកម្មវិធី Slamball (៤ទល់នឹង៤) បាល់ទះពាក់កណ្ដាលអាជីពថា លោកកំពុងសិក្សារកវិធីណាដើម្បីដាក់ពិន័យដល់ការលេងជាប់ដៃ លក្ខណៈក្រៅផ្លូវការ ដែលជាទម្លាប់អាក្រក់មើល។ ទន្ទឹមគ្នានោះក៏មានសំណួរជាច្រើនបានលើកមកសួរថា តើទៅរួចទេ ប្រសិនបើច្បាប់នេះត្រូវបានរៀបចំឡើង ?
អគ្គលេខាធិការខាងលើបាននិយាយថា «ឥឡូវនេះខ្ញុំកំពុងតែសិក្សាមើលថា ធ្វើម៉េចទើបអាចរៀបចំច្បាប់ ដើម្បីដាក់ពិន័យកីឡាករដែលលេងជាប់ដៃបាន ព្រោះថា កន្លងមកខ្ញុំដឹកនាំកីឡាករចេញទៅប្រកួតស្រុកគេ ខ្ញុំខ្មាសគេណាស់ ពេលគេសួរខ្ញុំថា អាលេងជាប់ដៃហ្នឹងនៅប្រទេសណា ? និយាយទៅខ្ញុំខ្មាសគេម៉ង។ ខ្ញុំគិតថា យើងលេងជាប់ដៃលេងទៅតែសុំចិត្តកុំ Live នៅលើបណ្ដាញសង្គម ឬថតបង្ហោះអី ព្រោះអីប្រទេសគេនោះគេមិនដឹងថា យើងលេងសើចទេ ជូនកាលគេអាចគិតថា វាជាទម្លាប់របស់យើងផងមិនដឹង»។
ចំពោះចំណុចនេះមិនត្រឹមតែមានមហាជនធ្លាប់បានសំណូមពរទេ សូម្បីថ្នាក់ដឹកនាំកីឡាបាល់ទះ មានទាំងគ្រូបង្វឹក និងកីឡាករជម្រើសជាតិបាល់ទះក៏ធ្លាប់បានលើកឡើង ដោយធ្វើការសំណូមពរហើយ សំណូមពរទៀត ព្រោះអីការលេងជាប់ដៃបែបនេះ វាបានជះឥទ្ធិពលដល់ក្មេងៗជំនាន់ក្រោយ យកជាគំរូតាម។ ជាក់ស្ដែងវិស័យបាល់ទះកំពុងតែមានការចាប់អារម្មណ៍ ពិសេសមិនថាបណ្ដាទីជនបទ ឬទីក្រុងឡើយ តែងតែមានការផុសផុលពេញនិយមចូលរួមទស្សនាពេញៗតារាង ហើយនៅពេលផុស ឬថតផ្សាយចេញទៅក៏មានអ្នកមើលរាប់ពាន់ ឬចូលខ្ទង់ម៉ឺននាក់ក៏មានដែរ ហើយក្នុងចំណោមនោះក៏អាចមានក្មេងៗ ឬជនបរទេសមើលដែរ។
គូររម្លឹកថា ការប្រកួតបាល់ទះ Slamball (៤ទល់នឹង៤) ដែលរៀបចំឡើងដោយក្រុមហ៊ុន Sabay និងស្រាបៀ Anchor នឹងចាប់ផ្ដើមដំណើរការប្រកួតនៅថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២២ខាងមុខនេះតទៅហើយ ដោយក្រុមខ្លាំងៗ ចំនួន ៨ ចូលរួម។ ការប្រកួតព្រឹត្តិការណ៍នេះក៏មិនមានឲ្យលេងជាប់ដៃដែរ ពោលគឺលេងដូចការប្រកួតស្តង់ដារយ៉ាងដូច្នេះដែរ គ្រាន់តែប្រកួតលក្ខណៈ ៤ ទល់ ៤ ឬ គេហៅថា ៤ ស្មើ ដែលក្នុងនោះមានសុទ្ធតែកីឡាករល្បីៗចូលរួមមាន ឌូក , យុន , រាជ, ម៉ាប់ ឆ្វេង ជាដើម៕
សូមបញ្ចេញមតិនៅទីនេះ