កុមារី ថា ស្រីណុច ទទួលបានអំណោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
កម្សាន្ត៖ មានជីវភាពខ្វះខាត ការតស៊ូ ជំនះគ្រប់ឧបសគ្គគ្រប់បែបយ៉ាង ជំរុញឱ្យ កុមារី ថា ស្រីណុច ទទួលបានផ្លែផ្កាជាច្រើនពីមហាជនបន្ទាប់ពីចូលរួមប្រលងក្នុងកម្មវិធី The Voice Kid Cambodia រដូវកាលទី៣ ដោយសេចក្តីអាណិតស្រលាញ់ រហូតដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មិនឈរឱបដៃឈរមើលឡើយ ដោយលោកបានជូនអំណោយ និងថវិកាខ្លះទៅដល់ក្រុមគ្រួសារ ថា ស្រីណុច ផងដែរ ។
មហាជនជ្រាបមកហើយ បន្ទាប់ពីបរាជ័យក្នុងកម្មវិធី The Voice Kid Cambodia រដូវកាលទី៣ របស់កុមារី ថា ស្រីណុច បានធ្វើឱ្យមហាជន និង គណៈកម្មការ រំជួលចិត្តជាខ្លាំងពីប្រវត្តិតស៊ូ គ្រួសារក៏មានជីវភាពខ្វះខាត ខំសន្សំលុយបន្តិច បន្តួចយកមកប្រលងក្នុងកម្មវិធី។ ទោះបីជាកុមារីអាយុ១៣ឆ្នាំ រស់នៅខេត្ត មណ្ឌលគីរី រូបនេះមិនទទួលជោគជ័យក្នុងវគ្គ Blind Auditions ក្តីតែ ស្រីណុច ទទួលបានការអាណិតស្រលាញ់ ពីសប្បុរជនជាច្រើនរូប។
ក្នុងនោះ មិនត្រឹមតែសប្បុរសជនបង្ហាញក្តីអាណិតអាសូរដល់កុមារីរូបនេះតែប៉ុណ្ណោះទេ សូម្បីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា សហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងអាជ្ញាធរមូលដ្ឋាន ស្រាវជ្រាវពីប្រវត្តិ និងរកលំនៅដ្ឋានរបស់ ថា ស្រីណុច ដើម្បីជូនអំណោយខ្លះៗដល់គ្រួសារកុមារីខាងលើនេះ។
ជាមួយគ្នានេះឯកឧត្តមវេជ្ជបណ្តិត អ៊ុយ សំអាត អមដំណើរដោយឯកឧត្តមឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងសហការី នាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់គ្រួសារកុមារី ថា ស្រីណុច ដល់គេហដ្ឋានស្ថិតនៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី។
ភ្ជាប់ជាមួយគ្នានេះ ឯកឧត្តមក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ក្រុមគ្រួសារកុមារី ស្រីណុច ដោយក្តីអាណិតអាសូរ និង កោតសរសើរនូវភាពក្លាហានរបស់ស្រីណុច និងការព្យាយាមតស៊ូ ក្នុងការសិក្សារៀនសូត្រ ពុះពារគ្រប់ឧបសគ្គ ដើម្បីក្តីស្រមៃរបស់ខ្លួន។
គួរបញ្ជាក់ផងដែរថា អំណោយដែលគ្រួសារកុមារី ស្រីណុច ទទួលបាន រួមមាន
អង្ករ ១០០ គីឡូក្រាម មី ២កេស ត្រីខ ២យួរ ឃីត ២កញ្ចប់ (សារុង ក្រមា មុង ភួយ) ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ និងថវិកាមួយចំនួន៕
សូមបញ្ចេញមតិនៅទីនេះ