គឹម លីហ្សា ត្រូវមហាជនរិះគន់ពីការសម្តែង និងស្នើឱ្យប្តូរចេញពីកម្មវិធី១៦៨យប់ របស់ក្រុម ពាក់មី
កម្សាន្ត៖មានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកទស្សនាក្រោយឃើញ គឹម លីហ្សា បង្ហាញវត្តមាននៅក្នុងកម្មវិធី១៦៨យប់ ដែលជាកម្មវិធីរបស់ក្រុមកំប្លែង នាយពាក់មី ដែលទើបចាប់ផ្តើមដំណើរការកាលពីពេលថ្មីៗនេះ។ការលេចមុខរបស់ស្រីស្អាត គឹម លីហ្សា ជាមួយក្រុមកំប្លែង នាយពាក់មី ត្រូវបានមហាជនមួយចំនួនរិះគន់ថាសម្តែងរាងឆ្គងមិនសមដូចតួស្រីកន្លងមក។
១៦៨ យប់ជាកម្មវិធីថ្មីរបស់ក្រុមកំប្លែង នាយពាក់មី ដែលមានការផលិតរឿង បែបកំប្លែង«ផ្ទះលេខ១ ផ្ទះលេខ២» ហើយក្រៅពីសមាជិកនៅក្រុមកំប្លែង នាយពាក់មី ក៏មានការចូលរួមពីសំណាក់តារាស្រី ង៉ែត សុវណ្ណលីតា និង គឹម លីហ្សា ជាដើម ។ ដោយក្នុងនោះ គឹម លីហ្សា ត្រូវសម្តែងជាតួភរិយារបស់ នាយពាក់មី ។ ដ្បិតធ្លាប់ចូលរួមសម្តែងរឿងខ្លីៗជាច្រើនមកហើយក្តី ប៉ុន្តែនៅពេលបង្ហាញវត្ត មានជាមួយក្រុមកំប្លែង នាយពាក់មី គឹម លីហ្សា ទទួលបានការរិះគន់ពី សំណាក់អ្នកទស្សនាជាច្រើនដោយក្នុងនោះមានមហាជនខ្លះបានខមិនត្រង់ៗថា«តួស្រីប្រពន្ធ នាយពាក់មី សម្តែងអត់សមផង »«ផ្ទះលេខ២តួស្រីស្លូតអត់ល្អមើល»«លីហ្សា សម្តែងដូចអត់សូវសមទេបើអាចគួរតែដូរតួទើបអ្នកទស្សនាជក់ចិត្ត»។
ក្នុងនោះក៏មានអ្នកគាំទ្រខ្លះបានលើកឡើងថាមានតែតារាកំប្លែង ខ្ញុង ទេទើបជាដៃគូដែលស័ក្តិសមជាមួយ នាយពាក់មី ។ ទោះបីជាយ៉ាងនេះក្តីគេមិនទាន់ដឹង ថាតើការរិះគន់ក្នុងន័យកែលំអររបស់មហាជនអាចធ្វើឱ្យ គឺម លីហ្សា នឹងត្រូវខ្ទាតចេញពីកម្មវិធីមួយនេះឬបែបណាឡើយ ខណៈនេះជាលើកដំបូងដែល អ្នក នាងបានចូលរួមសម្តែងជាមួយក្រុមកំប្លែង នាយពាក់មី ៕
សូមបញ្ចេញមតិនៅទីនេះ