ច្បាស់ការណ៍ហើយ! N'Golo Kante នឹងអវត្តមាននៅ World Cup កាតា
ក្លិបតោខៀវ Chelsea បានបញ្ជាក់ថាខ្សែបម្រើមាឌតូចចិត្តធំ N'Golo Kante នឹងត្រូវអវត្តមានរយៈពេលបួនខែ បន្ទាប់ពីបានទទួលការវះកាត់សរសៃពួររបស់គាត់ នោះមានន័យថា គេនឹងមិនអាចនង្ហាញខ្លួននៅព្រឹត្តិការណ៍ World Cup 2022 កាតា បានទេ។
ខ្សែបម្រើសញ្ជាតិបារាំងរូបនេះ បានបង្ហាញខ្លួននៅក្នុងការប្រកួតបើកឆាកពីរប្រកួតរបស់ Chelsea ក្នុងរដូវកាលនេះ ប៉ុន្តែត្រូវបានញាំញីដោយរបួស ចាប់តាំងពីខែសីហាមក។
បន្ទាប់ពីបានទៅជួបអ្នកឯកទេស ការសម្រេចចិត្តត្រូវបានធ្វើឡើង សម្រាប់កីឡាករវ័យ 31 ឆ្នាំ ដើម្បីធ្វើការវះកាត់ ដែលធ្វើឲ្យរូបគេអវត្តមានពីការប្រកួតបាល់ទាត់ពិភពលោក។
សេចក្តីថ្លែងការណ៍របស់ Chelsea កាលពីយប់ថ្ងៃអង្គារ បានសរសេរថា៖«N'Golo Kante បានវះកាត់របួសសរសៃពួររបស់គាត់។ បន្ទាប់វះកាត់យ៉ាងជោគជ័យ N'Golo ត្រូវបានគេរំពឹងថា នឹងត្រូវអវត្តមានរយៈពេល 4 ខែ»។
ជុំវិញបញ្ហានេះ គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Graham Potter បានទម្លាយក្នុងសន្និសីទសារព័ត៌មាន កាលពីសប្តាហ៍មុនថា៖«វាជាព័ត៌មានមិនល្អ ទាល់តែសោះ ទាក់ទងនឹងខ្សែបម្រើ N'Golo Kante »។
មែនទែនទៅ ការអវត្តមានរបស់ Kante នឹងដាក់បន្ទុកបន្ថែមទៀត ដល់លោកគ្រូបង្វឹកក្រុមមាន់គោកបារាំង Didier Deschamps ព្រោះកីឡាករសំខាន់ពីរនាក់នៅតំបន់កណ្ដាល ដែលជួយឲ្យពួកគេលើកពាន World Cup ២០១៨ សុទ្ធតែរបួស ពោលគឺ Pogba និង Kante ។
គួរបញ្ជាក់ថា នៅបាំងតែមួយខែទៀតប៉ុណ្ណោះ ពោលគឺថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០២២ខាងមុខនេះ ព្រឹត្តិការណ៍បាល់ទាត់របស់ពិភពលោក ដែលគេគ្រប់គ្នាហៅថា World Cup នឹងចាប់ផ្ដើមឡើងក្នុងប្រទេសកាតា៕
សូមបញ្ចេញមតិនៅទីនេះ