សំបុត្រចូលទស្សនា World Cup 2022 ជាង៣លានសន្លឹកត្រូវបានលក់ដាច់ ខណៈប្រទេសចំនួន៣នេះ មានអ្នកទិញសំបុត្រច្រើនជាងគេបំផុត
(បាល់ទាត់)៖ សំបុត្រចូលរួមទស្សនាការប្រកួត FIFA World Cup ឆ្នាំ២០២២ នៅកាតា លក់ដាច់ជាង៣លានសំបុត្រហើយ គិតត្រឹមថ្ងៃទី១៨ ខែតុលា។ នេះបើតាមសម្តីប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) លោក Gianni Infantino នៅមុនការប្រកួតដែលនឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែវិច្ឆិការ។
តាមប្រធានផ្នែកប្រតិបត្តិការ World Cup ប្រាប់អ្នកកាសែតក្នុងសន្និសីទសារព័ត៌មានថា ប្រទេសចំនួន៣ មានចំនួនអ្នកទិញសំបុត្រច្រើនជាងគេបំផុត ក្នុងចំណោមសំបុត្រដែលបានលក់អស់ជាង ២,៨៩លានសំបុត្រ ក្នុងនោះប្រទេសកាតា ផ្ទាល់តែម្តង ខណៈអាម៉េរិកនៅលំដាប់លេខ២ និងលេខ៣ អារ៉ាប៊ីសាអូឌីត។
បើតាមការអះអាងពីសំណាក់លោក Infantino ប្រធាន FIFA កញ្ចប់បដិសណ្ឋារកិច្ចចំនួន ២៤០,០០០កញ្ចប់ ត្រូវបានលក់អស់គ្មានសល់ សម្រាប់ការប្រកួតព្រឹត្តិការណ៍ World Cup ដែលមានរយៈពេលជិត១ខែ។
ព្រឹត្តិការណ៍ World Cup ធ្វើឡើងនៅប្រទេសកាតា ជាការប្រកួតលើកដំបូងក្នុងប្រវត្តិសាស្ត្រ FIFA ក្នុងតំបន់មជ្ឈឹមបូពា៍ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ធ្នូ។ គេរំពឹងថា នឹងមានអ្នកទស្សនាមកពីជុំវិញពិភពលោកជាង ១,២លាននាក់។ ជាមួយគ្នានេះ អ្នកគាំទ្ររាប់ពាន់នាក់ផ្សេងទៀត ត្រូវបានរំពឹងថា នឹងស្នាក់នៅតាមប្រទេស ដែលនៅជាប់នឹងកាតា ដូចជា អេម៊ីរ៉ាត់អារ៉ាប់រួម ខណៈដែលអ្នកទេសចរណ៍ទាំងនោះ នឹងធ្វើដំណើរដោយហោះត្រង់ពីទីក្រុងឌូបៃ ទៅទីក្រុងដូហារ ដើម្បីទស្សនាការប្រកួតតាមការកំណត់។
គិតត្រឹមពេលនេះ បន្ទប់ស្នាក់នៅពេលយប់ ជាង ២លាន បន្ទប់ត្រូវបានកក់អស់ ហើយ ស្របពេលកាតា ក៏កំពុងត្រៀមបន្ថែមចំនួនបន្ទប់ស្នាក់នៅជាង ៣ម៉ឺនបន្ថែមទៀត សម្រាប់ទទួលភ្ញៀវទេសចរណ៍។
គួរបញ្ជាក់ដែរថា សម្រាប់ក្រុមបុគ្គលិក មន្ត្រីនៃការប្រកួត ភ្ញៀវសំខាន់ៗនៃ FIFA និងក្រុមកីឡាករ ភាគច្រើនត្រូវបានអ្នករៀបចំកម្មវិធីប្រកួត បានត្រៀមបន្ទប់សណ្ឋាគាជាង ៨០ភាគរយ ក្នុងប្រទេសកាតា សម្រាប់ពួកគេស្នាក់នៅអំឡុងការប្រកួត៕
សូមបញ្ចេញមតិនៅទីនេះ