ទីម័រខាងកើត កោះហៅ Mouzinho របស់អង្គរថាយហ្គឺរ ត្រៀមប្រកួតវគ្គជម្រុះ AFF Championship
(បាល់ទាត់)៖ ខ្សែបម្រើ Mouzinho Barreto de Lima សមាជិករបស់អង្គរថាយហ្គឺរ មានឈ្មោះក្នុងក្រុមជម្រើសជាតិទីម័រខាងកើត ដើម្បីត្រៀមប្រកួតជាមួយក្រុមជម្រើសជាតិប្រ៊ុយណេ នៅខែវិច្ឆិកា ក្នុងវគ្គជម្រុះពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ាន AFF Mitsubishi Electric Cup 2022។
ក្រុមជម្រើសជាតិទីម័រខាងកើត នឹងប្រកួតជើងទី១ ជាមួយប្រ៊ុយណេ ជើងទី១ នៅថ្ងៃទី៥ ខែវិច្ឆិកា នៅកីឡដ្ឋាន Hassanal Bolkiah National Stadium ក្នុងទីក្រុង Bandar Seri Begawan ហើយជើងទី២ ទៅធ្វើនៅកីឡដ្ឋាន National Stadium ក្នុងទីក្រុង Dili វិញម្តង។
សរុបលទ្ធផលទាំង២ជើង អ្នកឈ្នះនឹងឡើងទៅចូលក្នុងពូល A ជាមួយ ថៃ ហ្វីលីពីន ឥណ្ឌូណេស៊ី និងកម្ពុជា ខណៈពូល B មានវៀតណាម ម៉ាឡេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា និងឡាវ នៃពានរង្វាន់ AFF Mitsubishi Electric Cup 2022។
ចំណែកកីឡាករ Mouzinho ត្រូវបានសារព័ត៌មានក្នុងស្រុករបស់ទីម័រខាងកើត ចេញផ្សាយថា រូបគេបានចុះកុងត្រាចូលរួមជាមួយក្រុមអង្គរថាយហ្គឺរ ពីខែឧសភា ដល់ធ្នូ ឆ្នាំ២០២២ ខណៈក្រុមអង្គរថាយហ្គឺរ បានរបូតចេញពីតំបន់ Top ក្នុងលីគកំពូលកម្ពុជា រដូវកាលនេះហើយ ពោលគឺនឹងអស់ការប្រកួតនៅចុងសប្តាហ៍នេះហើយ ក្រោយប្រកួតជាមួយណាហ្គាវើល។
កីឡាករ Mouzinho ធ្លាប់ទាត់បញ្ជូលទីក្រុមជម្រើសជាតិកម្ពុជា ១គ្រាប់ ឱ្យជម្រើសជាតិខ្លួន ក្នុងជំនួបមិត្តភាពអន្តរជាតិ កាលពីខែមិថុនា កន្លងទៅ ខណៈលទ្ធផលសរុបកម្ពុជា ឈ្នះទីម័រខាងកើត ២-១។ រូបគេក៏ជាកម្លាំងសំខាន់ក្នុងក្រុមអង្គរថាយហ្គឺរ ក្រោមការដឹកនាំពីសំណាក់លោកគ្រូបង្វឹក Alistair Heath ព្រមទាំងធ្លាប់រកគ្រាប់បាល់ឱ្យក្រុមបាន២គ្រាប់ផងដែរ ក្នុងពានរង្វាន់ Cambodian Premier League៕
សូមបញ្ចេញមតិនៅទីនេះ