ឡុង អាឆើត បានចុះលក្ខខណ្ឌទាំងនេះជាមួយក្លិប ទើបបានបន្តអាជីពប្រដាល់វិញ
គិតមកដល់ពេលនេះ ឡុង អាឆើត បានត្រឡប់មកកាន់ក្លិប ខ្លារខិន វិញហើយ ដើម្បីបន្តអាជីពប្រដាល់ បន្ទាប់ពីកីឡាកររូបនេះបានចាកចេញពីក្លិបអស់មួយរយៈពេលខ្លី ។ ជើងខ្លាំងវ័យក្មេងត្រូវបំពេញនូវលក្ខខណ្ឌមួយចំនួន ព្រមទាំងធ្វើកិច្ចសន្យាយ៉ាងច្បាស់លាស់ ជាមួយក្លិបទើបទទួលបានឱកាសឲ្យហាត់ប្រដាល់វិញ។
ក្រៅពីការសូមទោស និងការទទួលយកការពិន័យជាប្រាក់ពីក្លិប ខ្លារខិន កីឡាករ ឡុង អាឆើត ក៏ត្រូវធ្វើលក្ខខណ្ឌមួយចំនួនបន្ថែមទៀត ដោយក្នុងនោះលោក Ricky Sun គ្រូបង្វឹកនៅក្លិប ខ្លារខិន បានប្រាប់មកកាន់ Lee News ថា «បាទ! គាត់ត្រូវធ្វើកិច្ចសន្យាជាមួយក្លិប និងខ្ញុំ បើសិនមិនគោរពវិន័យដដែលៗទៀត ខ្ញុំ និងក្លិប មានសិទ្ធិបញ្ឈរជើងគាត់រយៈពេលយូរ ឬក៏អាចបញ្ជាប់អាជីពនេះតែម្ដង ។ ការមកវិញនេះដែរ យើងឲ្យគាត់បង់ប្រាក់ និងសុំទោសមកកាន់ខ្ញុំជាគ្រូ និងម្ចាស់ក្លិបដែរបង គ្រាន់តែការបង់ប្រាក់យើងបន្ធូរបន្ថយខ្លះ ព្រោះយល់ថាគាត់ចង់កែខ្លួន»។
MC ប្រដាល់ខាងលើបានបន្ថែមថា សម្រាប់កីឡាករ ឡុង អាឆើត បានប្រាប់ទៅកាន់លោក Ricky ថា នឹងប្ដេជ្ញាចិត្តសាងកេរ្តិ៍ឈ្មោះឡើងវិញ ក្រោយទទួលបានការអនុញ្ញាតឲ្យចូលហ្វឹកហាត់។ កីឡាកររូបនេះក៏កំពុងត្រូវបានគ្រូបង្វឹកផ្គូផ្គងដាក់ឲ្យប្រកួតនៅលើសង្វៀនឡើងវិញដែរ ដែលការប្រកួតនោះនឹងធ្វើនៅ ថ្ងៃ ទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០២២។
គួររម្លឹកថា សម្រាប់ក្លិប ខ្លារខិន កាលពីពេលថ្មីៗនេះមានកីឡាករពីរបានចាកចេញពីក្លិបដោយមិនប្រាប់ដំណឹងទៅកាន់ ម្ចាស់ក្លិប និងគ្រូបង្វឹក ប៉ុន្តែពេលនេះ ឡុង អាឆើត បានត្រឡប់មកវិញ ខណៈកីឡាករ ឡុង ជិន ត្រូវបានគេដឹងថា កំពុងដើរលក់ដូងតាមរទេះ៕
សូមបញ្ចេញមតិនៅទីនេះ