ក្រោយ គឹម លីហ្សា មានអ្នករិះគន់ផ្អើលហ្វេសប៊ុកថា សម្តែងមិនសម ស្រាប់តែធ្លាយរឿងតា វ៉ិចទ័រ ហៅ នាងខ្ញុង មកវិញ
កម្សាន្ត៖បន្ទាប់ពីមានអ្នកទស្សនារិះគន់រឿងស្រីស្អាត គឹម លីហ្សា សម្តែងមិនសូវទំនង នៅក្នុងកម្មវិធី១៦៨យប់ «ផ្ទះលេខ ១ផ្ទះលេខ ២» ដែលទើបនឹងចាក់ផ្សាយនា ពេលកន្លងមក ។ ស្របជាមួយគ្នានេះតារាកំប្លែង ខ្ញុង ក៏បានទម្លាយថា លោកតា វ៉ិចទ័រ ធ្លាប់បានមកហៅនាងឱ្យត្រឡប់ទៅកំប្លែងនៅក្នុងក្រុមជាច្រើនដង តែនាងបដិសេធ ។
អ្នកនាង ស្រេង សុកាន់ដា ហៅ នាងខ្ញុង ត្រូវបានគេស្គាល់ថា ជាតារាកំប្លែង ដែលមានប្រជាបិ្រយភាព និងមានទេពកោសល្យម្នាក់ក្នុងក្រុមកំប្លែង នាយពាក់មី ដែលដឹកនាំដោយលោកតា វ៉ិចទ័រ ។ ប៉ុន្តែគួរឱ្យស្តាយតារាកំប្លែង ខ្ញុង បានសម្រចចាកចេញពីក្រុម ព្រោះមិនចង់ឱ្យក្រុមរបស់ខ្លួនមានសមាជិកដែលមានរឿងអាស្រូវច្រើនដូចជារូបនាង ។
ការបន្សាត់ខ្លួនចេញពីអាជីពកំប្លែងរបស់ នាងខ្ញុង បានធ្វើឱ្យមហាជនដែលចូលចិត្តទស្សនាការកំប្លែងមានការសោក ស្តាយជាខ្លាំង ព្រោះនាងត្រូវបានគេស្គាល់ថា ជាដៃគូស័ក្តិសមបំផុតជាមួយនាយ ពាក់មី ហើយការអវត្តមានដៃគូដ៏ល្អរបស់អ្នកទាំងពីរ ក៏បានជះឥទ្ធិពលដល់ប្រជាប្រិយភាពក្រុមផងដែរ។
ជាក់ស្តែងក្រោយមិនមានវត្តមាននាង ខ្ញុង នាយ ពាក់មី ក៏បានងាកមកចាប់គូ ជាមួយតារាកំប្លែង ស្រីពីន ហើយចុងក្រោយនាយបានមកសម្តែងរួមគ្នាជាមួយ គឹម លីហ្សា នៅក្នុងកម្មវិធី១៦៨យប់«ផ្ទះលេខ១ផ្ទះលេខ២»។ ប៉ុន្តែអ្នកទស្សនាជាច្រើនសុទ្ធតែលើកឡើងថា គឹម លីហ្សា សម្តែងមិនសូវសម ឯខ្លះទៀតថែមទាំងស្នើសុំឱ្យដក គឹម លីហ្សា ចេញពីកម្មវិធីក៏មានដែរ។
ក្រោយមានការរិះគន់ពីសំណាក់មហាជនចំពោះ គឹម លីហ្សា ហាក់ស្របគ្នាជាមួយតារាកំប្លែង ខ្ញុង បានផ្តល់បទសម្ភាសមួយថា អ្នកនាងត្រូវលោកតា វ៉ិចទ័រ ហៅឱ្យសម្តែងនៅក្នុងក្រុមវិញជាច្រើនលើកច្រើនសារ តែអ្នកនាងបដិសេធ ដោយសារមិនចង់ឱ្យសមាជិកក្រុមបាក់មុខដោយសារអ្នកនាង។ ម្យ៉ាងអ្នកនាងហាក់នៅមានការអៀនខ្មាស់ចំពោះមុខមហាជនរឿងជំពាក់បំណុលនាពេលកន្លងមក។ជាមួយគ្នានេះដែរ តារាកំប្លែងសម្តីបានរូបនេះ បានបង្ហាញក្តីរីករាយក្រោយឃើញសមាជិកក្រុមកំប្លែងរបស់ខ្លួនរកបានទ្រនំថ្មីបែបនេះហើយក៏រំពឹងថា នឹងនៅតែទទួលបានការគាំទ្រជារៀងរហូតពីសំណាក់មហាជន ។
ទោះច្រានចោលការវិលត្រឡប់ទៅចូលរួមជាមួយក្រុមកំប្លែងតាមសំណើរបស់លោកតា វ៉ិចទ័រ ក្តី តែនាង ខ្ញុង នៅតែទទួលការងារច្រៀងកាត់សក់នៅក្នុងពិធីមង្គលការជាមួយស្វាមី នាយកៃដ ជាធម្មតា ៕
សូមបញ្ចេញមតិនៅទីនេះ