សៅរ៍ , 22 តុលា 2022
លីគកំពូលសិង្ហបុរី Singapore Premier League ត្រៀមប្រើប្រាស់ VAR ដូចថៃ និងវៀតណាម
សហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី បានប្រកាសថានឹងរៀបចំប្រើប្រាស់ វីដេអូជំនួយការអាជ្ញាកណ្ដាល (VAR) នៅក្នុងការប្រកួតបាល់ទាត់លីគកំពូល Singapore Premier League របស់ខ្លួន ចាប់ពីរដូវកាលឆ្នាំ២០២៣ តទៅ ខណៈប្រទេសមួយនេះជាប្រទេសទី៣ ហើយនៅក្នុងតំបន់អាស៊ាន ប្រកាសពីការប្រើប្រាស់បច្ចេកវិទ្យាទំនើបមួយនេះ។
គេហទំព័រផ្លូវការរបស់សហព័ន្ធបាល់ទាត់សិង្ហបុរី បញ្ជាក់ថាក្រៅពីប្រទេសខ្លួនជាប្រទេសទី៣ ប្រើប្រាស់ VAR នៅក្នុងការប្រកួតលីគកំពូល ប្រទេសនេះក៏ជាប្រទេសទី១១ក្នុងទ្វីបអាស៊ី ដែលប្រើប្រាស់ VAR ផងដែរ។
នាយកផ្នែកអាជ្ញាកណ្ដាលបាល់ទាត់ប្រចាំសហព័ន្ធ លោក Nazeer Hussain បានបញ្ជាក់ថាត្រូវការពេលពី១២ទៅ១៨ខែ អាស្រ័យលើកម្មវិធីជំនួយ និងការអនុញ្ញាតិពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)។
ប្រទេសសិង្ហបុរី មានអាជ្ញាកណ្តាលម្នាក់បានបង្ហាញខ្លួនជាមន្រ្តីអាជ្ញាកណ្ដាលផ្នែក VAR ក្នុងការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០ នៅប្រទេសជប៉ុន កន្លងទៅ ហើយលោកក៏មានឈ្មោះទៅចូលរួមកាត់សេចក្តីក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក 2022 FIFA World Cup Qatar នៅចុងឆ្នាំ២០២២ នេះផងដែរ។
ពានរង្វាន់លីគកំពូលសិង្ហបុរី មានសមាជិកចំនួន៨ក្រុម ខណៈប្រទេសអាស៊ានមួយនេះមានកូតា ទាំងក្នុងពានរង្វាន់ AFC Champions League និងពានរង្វាន់ AFC Cup ផងដែរ។ ប៉ុន្តែរដូវកាលឆ្នាំ២០២៣ ខាងមុខនឹងកើតសមាជិក៩ក្រុម ក្រោយការត្រឡប់មកវិញរបស់ក្រុម DPMM របស់ប្រទេសប្រ៊ុយណេ។
ដូច្នេះប្រទេសទាំង៣ ក្នុងតំបន់អាស៊ាន ដែលត្រូវប្រើប្រាស់ VAR ក្នុងការប្រកួតបាល់ទាត់នៅលីគកំពូលរបស់ខ្លួនមានលីគកំពូលប្រទេសថៃ លីគកំពូលប្រទេសវៀតណាម និង លីគកំពូលប្រទេសសិង្ហបុរី៕
សូមបញ្ចេញមតិនៅទីនេះ